Connect with us

កាដូពិសេសមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់ម្តាយរបស់អ្នកក្នុងទិវាអ្នកម្តាយឆ្នាំនេះ

ភ្នំពេញ៖ ម្តាយគឺជាមនុស្សដែលមើលថែអ្នកមិនដែលមានពាក្យថាហត់ និងធុញឡើយ គាត់តែងតែលះបង់គ្រប់បែបយ៉ាង មិនថាជាម្ហូបអាហារ ឬ របស់ប្រើប្រាស់ឡើយ។ គាត់តែងតែកុហកអ្នកថា ម៉ាក់មិនឃ្លាន ម៉ាក់មិនហត់ ដែលជារឿយៗគាត់តែងតែខ្វល់ខ្វាយពីម្ហូបអាហារធ្វើយ៉ាងណាឱ្យតែកូនបានឆ្ងាញ់ និងឆ្អែត។ អ្នកតែងមានអាហារស្រាប់ៗដោយមិនបាច់ខ្វល់អ្វីទាំងអស់ ផ្ទះសម្បែងគឺស្អាតជានិច្ចដោយសារតែមានម្តាយជាអ្នកថែទាំ។ ប៉ុន្តែមនុស្សមួយចំនួនគឺមិនបានខ្វល់ខ្វាយនឹងគាត់ឡើយដោយកូនមួយចំនួនច្រើនតែចំណាយពេលជាមួយអ្នកក្រៅច្រើនជាង ឬ ចំណាយពេលជាមួយទូរស័ព្ទ ឬជាមួយការងារច្រើនជាង។ លោកអ្នកចំណាយពេលក្នុងការរកប្រាក់ និងរឿងផ្សេងជាច្រើន ប៉ុន្តែមិនបានក្រឡេកមើលម្តាយដែលនៅផ្ទះធ្វើការងារផ្ទះមិនចេះចប់ហើយ ឬ នៅថាគាត់ក៏ចាស់ពីមួយថ្ងៃទៅមួយថ្ងៃដែរ។ ចូរចងចាំថាម្តាយគឺជាអ្នកដែលចូលគេងយប់ជ្រៅ ហើយភ្ញាក់ពីព្រលឹម និងជាអ្នកដាស់តឿនក្រើនរំលឹកអ្នកគ្រប់រឿង គាត់ជាម៉ោងរោទិ៍ដែលតែងតែដាស់អ្នករាល់ព្រឹក ជាអ្នកផ្តល់ជីវិត ជាអ្វីៗគ្រប់យ៉ាង ដូចនេះអ្នកត្រូវសងគុណគាត់វិញដោយចំណាយពេលវេលាសម្រាប់គាត់ឱ្យបានច្រើនតាមតែអាចធ្វើបាន ជឿថាយើងគ្រប់គ្នាត្រូវការ ការយកចិត្តទុកដាក់ ដូចនេះម្តាយអ្នកក៏ដូចគ្នា ព្រោះមនុស្សកាន់តែចាស់ អារម្មណ៍ក៏កាន់តែឯកកា អញ្ចឹងសូមកុំឱ្យពេលវេលាកន្លងហួសទៅ និងបន្សល់ទុកនូវវិប្បដិសារីនៅថ្ងៃក្រោយ ត្រូវចាប់យកឱកាស និងពេលវេលាល្អៗជាមួយគ្នា ដើម្បីកុំឱ្យស្តាយក្រោយពេលបាត់បង់។ កាដូដែលពិសេសជាងគេសម្រាប់គាត់គឺពេលវេលាដែលអ្នកជាកូនត្រូវចំណាយជាមួយនៅពេលពិសារអាហារជុំគ្នា ឬទៅដើរលេងនៅកន្លែងកម្សាន្តជុំគ្នា៕

 

អត្ថបទ៖ គង់ ចាន់ស្រីនុច

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.