Connect with us

“កោះព្រហ្មចារីយ៍” នឹងក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏សំខាន់

 

ក្រចេះ៖ អាជ្ញាធរខេត្តក្រចេះ គ្រោងកែលម្អតំបន់កោះព្រហ្មចារីយ៍ ឱ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ល្បីឈ្មោះមួយទៀត សម្រាប់ខេត្តក្រចេះ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋ អាចរកចំណូលបានកាន់តែច្រើនពីវិស័យទេសចរណ៍នេះ។

លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មន្ទីរទេសចណ៍ខេត្ត បានរៀបចំផែនការកែលម្អតំបន់ កោះព្រហ្មចារីយ៍ នេះរួចរាល់ហើយ ដោយគ្រោងនឹងចុះអនុវត្តកែលម្អ នៅខែវិច្ឆិកាខាងមុខ ដែលជារដូវទឹកស្រក។

លោកចាត់ទុកកោះព្រហ្មចារីយ៍ ជាតំបន់ដែលអំណោយផលល្អយ៉ាងខ្លាំង លើសក្តានុពលអេកូ ទេសចរណ៍ ក្នុងដងទន្លេមេគង្គ។ លោកបន្តថា ដើម្បីឱ្យតំបន់នេះ ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ មន្ត្រីជំនាញ នឹងចងក្រងតំបន់នេះ ឱ្យទៅជាសហគមន៍អេកូទេសចរណ៍ ដោយបើកវគ្គបណ្តុះបណ្តាល ដល់ប្រជាពលរដ្ឋ ឱ្យចេះពីការបម្រើសេវាកម្មទេសចរណ៍ ដូចជា ម្ហូបអាហារ ផ្ទះសំណាក់ រួមទំាងសេវាដឹកជញ្ជូនភ្ញៀវដើរកម្សាន្ត នៅលើកោះនេះ។

 

លោកបន្តថា មន្ទីរទេសចរណ៍ខេត្ត នឹងបង្កើតតំបន់ទេសចរណ៍មួយ គឺកោះព្រហ្មចារី ហើយអ្វីដែលមន្ទីរធ្វើនៅទីនោះ ដោយសារតែមន្ទីរគិតថា តំបន់នោះ ប្រសិនជាទុកដូច្នេះ ខណៈអ្នកទៅលេង ដោយមិនមានការមើលខុសត្រូវ នឹងជួបហានិភ័យទៅលើភ្ញៀវ ដូចជាលង់ទឹកជាដើម។ មន្ទីរក៏បានគិតគូរ នឹងរៀបចំនៅតំបន់នោះ ឱ្យមានសហគមន៍ សម្រាប់ប្រជាពលរដ្ឋ ដើម្បីផ្ដល់សេវាផ្សេងៗ គ្នា ដូចជាការដឹកភ្ញៀវជិះទូកទៅលើកោះ និងការរៀបចំខ្ចុះ សម្រាប់សម្រាកលំហែកាយ និងសេវាម្ហូបអាហារ ដើម្បី ឱ្យភ្ញៀវទៅលេងហើយចង់ទៅទៀត។ លោកបន្តថា នៅរដូវវស្សា ក្រុមការងារ នឹងចាប់ផ្ដើមអនុវត្តផែនការតែម្ដង។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា អ្វីដែលជាភាពទាក់ទាញបំផុតនោះ ដោយសារកោះព្រហ្មចារី មានខ្សាច់ដុះលើផ្ទៃទឹក ដែលមានល្បាយសក្បុស ហើយកោះនេះ ក៏សម្បូរទៅដោយតំបន់ព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន ផងដែរ។មិនតែប៉ុណ្ណោះ វាមានសត្វស្លាបគ្រប់ប្រភេទ និងដើមឈើដុះចេញឫស ជាជួរៗ តាមបែបធម្មជាតិ នៅតាមជ្រលងទឹកហូរលើខ្សាច់រឹមៗ គួរឲ្យចង់គយគន់ ហើយអ្នកទេសចរ ក៏អាចងូតទឹកលេងបាន។

សូមបញ្ជាប់ថា កោះព្រហ្មចារីយ៍នេះ មានទីតាំងនៅកណ្តាលដងទន្លមេគង្គ ក្នុងខេត្តក្រចេះ នៅត្រើយម្ខាងក្នុងភូមិសាស្ត្រ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ទល់មុខឈាងខាងជើងតំបន់អន្លង់ផ្សោត និងទឹកជួរទន្លេមេគង្គកាំពី៕

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.