Connect with us

ក្រសួងបរិស្ថាន​ ​បាន​និង​កំពុងតែ​ពិនិត្យ​នីតិវិធី​ច្បាប់​ប្រឆាំង​ជនល្មើស​ ​ដែល​ទិញ​លក់​ដី​ខុសច្បាប់​ទៅកាន់​តុលាការ​

ភ្នំពេញ​ ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​ ​បាន​បញ្ជាក់​ថា​ ​ឧទ្យានជាតិ​រាម​ ​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ​ ​គ្មាន​ជន​ណា​ម្នាក់​ ​មាន​សិទ្ធិ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​រដ្ឋ​ ​និង​ទិញ​លក់​ដី​រដ្ឋ​ឡើយ​ ​ទោះបីជា​មានការ​បញ្ជាក់​ពី​មេឃុំ​ ​ឬ​ ​ចៅហ្វាយស្រុក​ក៏ដោយ​ ​។​ ​ការ​ជាគូ​សបញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​ ​នៅ​ថ្ងៃទី១៤​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ក្រោយពី​មាន​ចលនា​នៃ​ការ​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ ​ពីសំណាក់​ក្រុម​ជនខិលខូច​ ​នៅតែ​បន្ត​កើតមាន​ ​ទោះបីជា​អាជ្ញា​គ្រប់​ជាន់ថ្នាក់​ ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការទប់ស្កាត់​បង្ក្រាប​ក៏ដោយ​។​ ​

​លោក​ ​នេត្រ​ ​ភក្ត្រា​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ​ក៏បាន​គូសបញ្ជាក់​ពី​វិធានការ​ក្តៅ​មួយចំនួន​ ​ចំពោះ​ការរុករាន​ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់​នៅ​តំបន់​ឧទ្យានជាតិ​រាម​ ​ក៏ដូចជា​នៅ​តាម​តំបន់ការពារធម្មជាតិ​នានា​ ​។​ ​​លោក​ ​នេត្រ​ ​ភក្ត្រា​ ​បាន​អះអាង​ថា​ ​ការរុករាន​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ ​ក៏ដូចជា​ទិញ​លក់​ដីធ្លី​នៅ​ឧទ្យានជាតិ​ ​ឬ​ ​តំបន់ការពារធម្មជាតិ​ដែល​ជា​តំបន់​អភិរក្ស​ ​គឺជា​ទង្វើ​ខុសច្បាប់​ទាំងស្រុង​។​ ​ក្រសួងបរិស្ថាន​ ​បាន​និង​កំពុងតែ​ពិនិត្យ​នីតិវិធី​ច្បាប់​ប្រឆាំង​ជនល្មើស​ដែល​ទិញ​លក់​ដី​ខុសច្បាប់​ទៅកាន់​តុលាការ​ ​និង​ ​ដកហូត​យក​ដី​ទាំងនោះ​មក​ធ្វើជា​សម្បត្តិ​រដ្ឋ​វិញ​ ​។​

​លោក​ ​នេត្រ​ ​ភក្ត្រា​ ​បាន​លើកឡើង​ថា​ ​ការទន្ទ្រាន​រុករាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់​ប្រជាពលរដ្ឋ​ខ្លះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​ការ​បំផុស​ពី​ឈ្មួញ​រកស៊ី​ដីធ្លី​ ​ដែល​ពួកគេ​បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​រំលោភបំពាន​ច្បាប់​ ​និង​ ​បំផ្លាញ​ធនធាន​ធម្មជាតិ​ ​ក្រោម​ច្រើន​រូបភាព​ ​ដូចជា​ ​ការ​ដាំដំណាំ​ចេក​ ​ស្វាយ​ ​ខ្លុ​រ​ ​អាកា​ស្យា​.​.​ ​ជាដើម​ ​ដើម្បី​បន្លំ​ថា​ជា​ដី​ ​និង​ដំណាំ​ដែល​ខ្លួន​បាន​កាន់កាប់​ ​និង​អាស្រ័យផល​ជា​កម្មសិទ្ធិ​ ​ឬ​ខ្លួន​បាន​គ្រប់គ្រង​ជាយូរមកហើយ​។​ ​

​លោក​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​បាន​បន្ត​ថា​ ​ល្បិចកល​នៅក្នុង​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ ​ដែល​ជនខិលខូច​ខ្លះ​បាន​ធ្វើ​ ​ក្នុង​ការ​ទន្ត្​រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​នោះ​ ​គឺ​ដូចជា​ការ​បោះព្រំ​ដី​ ​ការ​ត្រាយ​ព្រៃ​តូច​ៗ​ឲ្យ​ងាប់​ ​រួច​ដុត​សម្អាត​ ​សម្រាប់​ដាំដំណាំ​តាម​រដូវ​ ​ដូចជា​ ​ពោត​ ​ដំឡូង​ ​សណ្តែក​ ​បន្លែ​ ​។​ល​។​ ​ក្នុង​រូបភាព​អាស្រ័យផល​ ​និង​ឈាន​ទៅ​ដាក់ស្នើ​សុំ​ការវាស់វែង​​ផ្តល់​កម្មសិទ្ឋិ​ជូន​ពួកគាត់​ទៅ​ ​អាជ្ញាធរ​ដែនដី​ ​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្​ឋ​ ​ជាពិសេស​ស្នើ​ទៅ​រដ្ឋាភិបាល​ជាបន្តបន្ទាប់​។​ ​លោក​ ​បន្ត​ថា​ ​កន្លងមក​ ​ក្នុងករណី​មានការ​បង្ក្រាប​ ​ឬ​បដិសេធ​ការ​ផ្តល់​កម្មសិទ្ធិ​ ​ក្រុម​ឈ្មួញ​បាន​ញុះញង់​ឱ្យ​មានការ​តវ៉ា​ ​និង​ពេលខ្លះ​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ ​ហើយ​ត្រូវ​បាន​បំពង​សំឡេង​ ​ដោយក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​មួយចំនួន​ ​ថា​ ​ជា​ការរំលោភ​បំពាន​លើ​សិទ្ធិមនុស្ស​ ​និង​ ​សិទ្ធិ​លំនៅ​ដ្ឋាន​ជាដើម​។​ ​ដែល​តាមពិត​ ​នេះ​គឺជា​ការរំលោភ​ច្បាប់​យ៉ាង​ច្បាស់​ ​។​ ​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​លោក​ ​នេត្រ​ ​ភក្ត្រា​ ​បាន​គូសបញ្ជាក់​ថា​ ​ជាទូទៅ​នៅ​តាម​តំបន់ការពារធម្មជាតិ​នី​មួយ​ៗ​ ​មន្ត្រី​ឧទ្យានុ​រក្ស​ ​មិន​មានការ​រឹត​បន្តឹង​ ​ឬ​ហាមឃាត់​ ​ដល់​ប្រជាពលរដ្ឋ​ ​ដែល​រស់នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ​ ​ដែល​ប្រកបរបរ​ចិញ្ចឹមជីវិត​ ​អាស្រ័យ​លើ​ការ​ប្រមូល​អនុផល​ ​ព្រៃឈើ​ ​មាន​ដូចជា​ ​រក​ផ្តៅ​ ​វល្លិ៍​ ​ឫស្សី​ ​បន្លែ​ ​ផ្លែឈើ​ ​ឬ​អុស​សម្រាប់​ដុត​ប្រចាំថ្ងៃ​នោះ​ទេ​។​ ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួងបរិស្ថាន​ ​បាន​គិតគូរ​ ​និង​យកចិត្ត​ទុកដាក់​បំផុត​ចំពោះ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នានា​ ​តាមរយៈ​ការ​ជួយ​បង្កើត​មុខរបរ​ ​បង្កើត​ប្រភព​ចំណូល​ ​បង្កើន​ចំណូល​សម្រាប់​អភិវឌ្ឍ​ជីវភាព​គ្រួសារ​បងប្អូន​។​

​ដើម្បី​ទប់ស្កាត់​នូវ​រូបភាព​ការទន្ទ្រាន​កាន់កាប់​ដីធ្លី​ក្នុង​តំបន់ការពារធម្មជាតិ​ ​ក្រសួងបរិស្ថាន​ដោយ​សហការ​ជាមួយ​ក្រសួង​ ​ស្ថាប័ន​មានសមត្ថកិច្ច​ ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់​ព័ន្​ឋ​ ​ចាត់វិធានការ​យ៉ាង​ម៉ឹង​ម៉ាត់​ ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​រាល់​សកម្មភាព​ល្មើស​ ​ដោយ​ផ្អែកលើ​នីតិវិធី​ច្បាប់​ជាធរមាន​។​ ​ជាមួយគ្នា​នេះ​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​នេត្រ​ ​ភក្ត្រា​ ​បាន​គូសបញ្ជាក់​ថា​ ​ការ​យក​ពលរដ្ឋ​មក​ធ្វើជា​លេស​ ​ដើម្បី​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ ​ជា​រឿង​ខុសច្បាប់​ ​និង​មិន​ត្រូវ​បាន​អត់ឱន​ឡើយ​ ​។​ ​

​លោក​ ​នេត្រ​ ​ភក្ត្រា​ ​ក៏បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​ចូលរួម​ក្នុង​ការ​ការពារ​ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដែល​ប្រទេស​កម្ពុជា​មាន​ ​ដើម្បី​ទុក​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខ​ទៀត​។​ ​លោក​បាន​បន្ថែម​ថា​ ​ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ខ្វះ​ដី​ពិតប្រាកដ​ ​សូម​ដាក់​សំណើសុំ​ដីសម្បទាន​សង្គមកិច្ច​ពី​អាជ្ញាធរ​ ​មិន​គួរ​ទន្ទ្រាន​ ​រុករាន​កាប់ឆ្ការ​ព្រៃ​ ​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ឡើយ​។​ ​ជន​ទាំងឡាយ​ដែល​បំពាន​នឹង​ត្រូវ​ប្រឈមមុខ​ច្បាប់​។​

​សូម​បញ្ជាក់​ថា​ ​ឧទ្យានជាតិ​រាម​ ​បាន​បើក​នៅ​ថ្ងៃទី​ ​០១​ ​ខែវិច្ឆិកា​ ​ឆ្នាំ១៩៩៣​ ​ដែល​មានផ្ទៃ​ដី​ ​២១០០០​ ​ហិច​តា​ ​ដែល​ក្នុង​នោះ​ ​១៥០០០​ ​ហិច​តា​ ​ជា​ដីគោក​តាម​ឆ្នេរសមុទ្រ​ ​និង​ ​៦០០០​ ​ហិច​តា​ ​ជា​ផ្ទៃ​ទឹកសមុទ្រ​៕​

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.