Connect with us

គាំទ្រ​ទេ​ ​ប្រសិនបើ​មានការ​កាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ជាតិ​ ​៧ថ្ងៃ​ ​ខណៈ​ដែល​បច្ចុប្បន្ន​មាន​រហូតដល់​ ​២៨ថ្ងៃ​

ភ្នំ​ពេញៈ​ ​ព័ត៌មាន​នៃ​ការ​ស្នើ​អោយ​មានការ​កាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ជាតិ​ ​បាន​កំពុង​ក្លាយជា​ប្រធានបទ​សម្រាប់​ការពិភាក្សា​តាម​បណ្តាញ​សង្គម​ ​ខណៈ​ដែល​ម្ចាស់​ក្រុមហ៊ុន​ ​សហគ្រាស​ជាច្រើន​ ​សម្តែង​ការ​ស្វាគមន៍​ ​និង​គាំទ្រ​ ​រីឯ​ ​និយោជិត​ជាច្រើន​ ​ហាក់​មិនសូវ​សប្បាយចិត្ត​ ​។​ ​​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​ ​លោក​ទេស​រដ្ឋមន្រ្តី​ ​ចម​ ​ប្រសិទ្ធ​ ​រដ្ឋ​មន្ដ្​រី​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​បាន​ឲ្យដឹង​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការកាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ចំនួន​ ​៧​ ​ថ្ងៃ​ ​ដែល​នឹង​ត្រូវ​ចេញ​នៅ​ចុងខែ​មីនា​នេះ​ ​។​ ​
​លោក​ ​ចម​ ​ប្រសិទ្ធ​ ​បាន​អះអាង​ថា​ ​ការកាត់បន្ថយ​ចំនួន​ថ្ងៃឈប់​សម្រាក​ថ្នាក់​ជាតិនេះ​ ​គឺ​ដើម្បី​បង្កើន​ផលិតភាព​ ​និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​។​ ​


​គួរ​រំលឹក​ថា​ ​ប្រទេស​កម្ពុជា​ ​ទើបតែ​បាន​បន្ថែម​ ​«​ទិវា​ចងចាំ​ ​២០​ ​ឧសភា​»​ ​កាលពី​ឆ្នាំមុន​ ​ជា​ថ្ងៃឈប់​សម្រាក​ជាតិ​ ​ដែល​ធ្វើឲ្យ​ថ្ងៃឈប់​សម្រាក​សរុប​របស់​ប្រទេស​កម្ពុជា​ ​បាន​កើនឡើង​ដល់​ ​២៨​ ​ថ្ងៃ​។​ ​ដោយឡែក​ ​ប្រទេសជិតខាង​របស់​កម្ពុជា​ ​រួមមាន​ ​ប្រទេស​ថៃ​ ​មាន​ថ្ងៃឈប់​សម្រាក​ ​២០​ ​ថ្ងៃ​ក្នុង​ ​១ឆ្នាំ​ ​ខណៈ​ ​វៀតណាម​ ​មាន​ ​១២​ ​ថ្ងៃ​ ​និង​ប្រទេស​ឡាវ​ ​ត្រឹមតែ​ ​១០​ ​ថ្ងៃ​ប៉ុណ្ណោះ​ ​ក្នុង​មួយឆ្នាំ​ ​។​ ដូចនេះ​ ​កម្ពុជា​ ​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ប្រទេស​ ​មាន​ចំនួន​ថ្ងៃឈប់​សម្រាក​ជាតិ​ ​ច្រើនជាង​គេ​ ​លើ​ពិភពលោក​ ​ហើយ​ផែនការ​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការកាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ ​រហូតដល់​ ​៧​ ​ថ្ងៃនេះ​ ​កំពុង​ត្រូវ​បាន​ស្វាគមន៍​ដោយ​វិស័យ​ឯកជន​ ​។​
​តាម​បណ្តាញ​សង្គម​ ​មានការ​លើកឡើង​ពី​វិនិយោគិន​ ​និង​សហគ្រិន​ជាច្រើន​ថា​ ​ការកាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ ​នឹង​ជួយ​ដល់​ការ​លើកកម្ពស់​ផលិតភាព​ ​និង​ជួយ​បន្ទាប​ការ​ចំណាយ​លើ​ការផលិត​ ​ព្រោះ​ថ្ងៃឈប់​សម្រាក​សាធារណៈ​កាន់តែ​ច្រើន​ ​នឹង​បន្ថែម​ការ​ចំណាយ​លើ​ការផលិត​ ​ដែល​ជា​បញ្ហា​ប្រឈម​សម្រាប់​សមត្ថភាព​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​ ​។​
​ពួកគាត់​ ​បាន​លើកឡើង​ថា​ ​ការកាត់បន្ថយ​ចំនួន​ថ្ងៃឈប់​សម្រាក​ ​គឺជា​អ្វី​ដែល​ក្រុម​វិនិយោគិន​ចង់បាន​យូរ​មក​ហើយ​ ​និង​តែងតែ​ស្នើសុំ​គោលនយោបាយ​ពី​រដ្ឋាភិបាល​ ​ដើម្បី​ជួយ​កាត់បន្ថយ​ការ​ចំណាយ​លើ​ការផលិត​ ​។​ ដោយឡែក​ ​សម្រាប់​និយោជិត​វិញ​ ​នៅពេល​សួរ​តើ​ថា​ ​គាំទ្រ​ឬទេ​?​ ​ពួកគាត់​ ​ហាក់​រារែក​ចិត្ត​ក្នុង​ការ​ឆ្លើយ​ ​និង​សម្តែង​ការ​មិនសូវ​ជា​សប្បាយចិត្ត​នោះ​ទេ​ ​។​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ ​ពួកគាត់​ថា​ ​នឹង​អនុវត្ត​តាម​ ​ប្រសិនបើ​មានការ​សម្រេច​ពី​រាជរដ្ឋាភិបាល​មែន​នោះ​ ​។​ ​


​គួរ​រម្លឹក​ថា​ ​ជាមធ្យម​ថ្ងៃឈប់​សម្រាក​ ​សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ខ្លាំង​ ​G20​ ​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ ​៨០​ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ពិភពលោក​ ​គឺ​មាន​ថ្ងៃឈប់​សម្រាក​ត្រឹមតែ​ ​១២​ ​ថ្ងៃ​ប៉ុណ្ណោះ​ ​ក្នុង​មួយឆ្នាំ​ ​។​ ​
​ប្រសិនបើ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​កាត់បន្ថយ​ចំនួន​ថ្ងៃឈប់​សម្រាក​ ​៧ថ្ងៃ​នោះ​ ​នឹង​ធ្វើឲ្យ​ចំនួន​ថ្ងៃឈប់​សម្រាក​ជាតិ​សម្រាប់​ឆ្នាំ​ ​២០២០​ ​នឹង​ថយ​ពី​ ​២៨ថ្ងៃ​ ​មក​នៅ​ត្រឹមតែ​ ​២១ថ្ងៃ​ប៉ុណ្ណោះ​ ​ដែល​ចំនួន​នេះ​ ​នៅតែ​ច្រើនជាង​ ​ប្រទេស​ថៃ​ ​ចំនួន១ថ្ងៃ​ ​៕​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.