Connect with us

ច្បាប់​អន្តោប្រវេសន៍​ថ្មី​របស់​ជប៉ុន​ ​បើកផ្លូវ​ឱ្យ​ពលករ​បរទេស​នាំ​សាច់ញាតិ​មក​រស់នៅ​ជាមួយ​បាន​បង្ក​ភាព​ចម្រូងចម្រាស​

​កាលពី​ខែមីនា​កន្លងទៅ​ ​កម្ពុជា​ ​និង​ជប៉ុន​ ​បាន​ពិភាក្សា​រៀបចំ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ថ្មី​ ​លើ​ការ​បញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ ​ដោយធ្វើ​យ៉ាងណា​គ្រប់គ្រង​ ​និង​ការពារ​ផលប្រយោជន៍​ពលករ​កម្ពុជា​ស្របតាម​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​។​ ​ប្រទេស​ជប៉ុន​ ​បាន​បើកភ្លើង​ខៀវ​ដល់​កម្ពុជា​ ​ក្នុង​ការ​បញ្ជូន​ពលករ​ជំនាញ​ ​ទៅ​ធ្វើការងារ​ផ្លូវការ​នៅ​ប្រទេស​ខ្លួន​ ​ចាប់ពី​ខែមេសា​ ​ឆ្នាំ២០១៩​ ​តទៅ​។​ ​ការ​បញ្ជូន​ពលករ​ជំនាញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​នេះ​ ​ពាក់ព័ន្ធ​នឹង​ច្បាប់​អន្តោប្រវេសន៍​ថ្មី​ដែល​គ្រោង​នឹង​អនុវត្ត​ក្នុង​ខែមេសា​ឆ្នាំនេះ​ផង​ដែរ​។​ ​
​ក្រោយពី​មាន​វិបត្តិ​កង្វះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នានា​មក​ ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បានសម្រេច​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ថ្មី​ ​ដោយ​ផ្ដល់​លក្ខខណ្ឌ​កាន់តែ​ពិសេស​ ​សម្រាប់​ពលករ​ជំនាញ​ ​ឱ្យ​មានឱកាស​បម្រើការ​ងារ​នៅ​ប្រទេស​ជប៉ុន​។​ ​ជាង​នេះ​ទៅទៀត​ ​ច្បាប់​ថ្មីនេះ​ ​មាន​លក្ខខណ្ឌ​ធូរស្រាល​ជាង​ច្បាប់​ចាស់​។​ ​តើ​ច្បាប់​ថ្មីនេះ​ ​មាន​គោលបំណង​សំខាន់​អ្វីខ្លះ​ ​ហើយ​អ្វីទៅ​ជា​ផល​លំបាក​សម្រាប់​រដ្ឋាភិបាល​ ​និង​សង្គម​ជប៉ុន​ ​ក្នុង​ការអនុវត្ត​?​



​ក្រោម​ច្បាប់​ចាស់​ ​ការងារ​របស់​ពលករ​បរទេស​នៅ​ជប៉ុន​ ​ត្រូវ​បាន​ផ្ដល់​ជូន​ក្រោម​រូបភាព​ជា​ការ​បំពាក់បំប៉ន​ ​ដោយ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ ​ប្រា​ក់​ឈ្មួល​ទាប​ ​ព្រោះ​ពួកគេ​មាន​ឋានៈ​ត្រឹម​ជា​ ​អ្នក​ហាត់​ការ​តែប៉ុណ្ណោះ​ ​ហើយ​មិនមែន​ជា​កម្មករ​ជំនាញ​ច្បាស់លាស់​នោះ​ឡើយ​។​ ​ពួកគេ​ ​ទទួល​បានការ​បំពាក់បំប៉ន​លើ​ជំនាញ​ ​និង​ ​បច្ចេកវិទ្យា​ ​ដែល​មានស្រាប់​នៅ​ប្រទេស​ជប៉ុន​ ​និង​នាំ​យក​ជំនាញ​ដែល​ខ្លួន​ទទួល​បាន​ ​ត្រឡប់​មក​ជួយ​អភិវឌ្ឍ​ប្រទេសកំណើត​របស់​ពួកគេ​វិញ​។​ ​សម្រាប់​ច្បាប់​ចាស់​នេះ​ ​ពលករ​បរទេស​ទាំងឡាយ​ ​អាច​ទទួល​បាន​ទិដ្ឋាការ​ស្នាក់នៅ​ត្រឹមតែ​ ​៣ឆ្នាំ​ប៉ុណ្ណោះ​ ​នៅ​ជប៉ុន​។​



​ដើម្បី​ដោះស្រាយ​កង្វះ​កម្លាំង​ពលកម្ម​ ​រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​បន្ថែម​រយៈពេល​ស្នាក់នៅ​ពី​ ​៣ឆ្នាំ​ ​ទៅ​ ​៥​ ​ឆ្នាំ​ ​សម្រាប់​ពលករ​បរទេស​ ​កាលពី​ឆ្នាំ២០១៧​ ​ក៏ប៉ុន្តែ​ការផ្លាស់ប្ដូរ​មិនសូវ​ទទួល​បាន​ជោគជ័យ​ទេ​។​ ​ម្យ៉ាងទៀត​ ​ការ​លំបាក​មួយទៀត​ ​គឺ​ពលករ​ទាំងនោះ​ ​ត្រូវ​ត្រឡប់ទៅ​ប្រទេសកំណើត​ជាមុន​សិន​ ​បន្ទាប់ពី​ស្នាក់នៅ​បាន​ ​៣ឆ្នាំ​ ​រួច​វិល​មក​ជប៉ុន​វិញ​ ​ទើប​មាន​សិទ្ធិ​ពន្យារពេល​ទិដ្ឋាការ​របស់​ពួកគេ​។​
​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​ ​សេវាកម្ម​ ​និង​វិ​ស័យ​ផ្សេង​ៗ​ ​ដែល​ប្រទេស​ជប៉ុន​កំពុង​ជួប​វិបត្តិ​ប្រជាជន​វ័យ​ចំណាស់​កាន់តែ​ច្រើន​ផង​ដែរ​នោះ​ ​ត្រូវការ​ចាំបាច់​នូវ​ច្បាប់​អន្តោប្រវេសន៍​ថ្មី​ ​ជាពិសេស​មុន​ព្រឹត្តិ​ការណ៍​អូឡាំពិក​ឆ្នាំ២០២០​ ​និង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ខ្នាត​ធំ​នៅ​ក្រុង​អូ​សា​កា​ឆ្នាំ២០២៥​ ​ដែល​ជប៉ុន​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​។​
​ច្បាប់​អន្តោប្រវេសន៍​ថ្មី​របស់​ជប៉ុន​ ​បាន​កំណត់​ចេញទិដ្ឋាការ​ចំនួន​ ​២​ ​ប្រភេទ​សម្រាប់​ពលករ​បរទេស​ ​(​ប្រភេទ១​ ​និង​ ​ប្រភេទ២​)​។​ ​ខុសពី​ច្បាប់​ចាស់​ ​ពលករ​បរទេស​ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​តេ​ស្ត​សាកល្បង​សមត្ថភាព​ជាមុន​សិន​។​ ​ក្រោយពី​ជាប់​ ​ពួកគេ​ ​ក៏​មានឱកាស​ធ្វើការងារ​នៅក្នុង​វិស័យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​ ​នៅ​ជប៉ុន​ផង​ដែរ​។​



​សម្រាប់​ទិដ្ឋាការ​ ​”​ប្រភេទ១​”​ ​អាច​បម្រើការ​ក្នុង​វិស័យ​ចំនួន១៤​ ​រួមមាន​ ​ការថែទាំ​ ​សេវាកម្ម​ម្ហូបអាហារ​ ​សំណង់​ ​ផ្នែក​សម្អាត​ ​រោងចក្រ​វេច​ខ្ចប់​អាហារ​ ​សណ្ឋាគារ​ ​កសិកម្ម​ ​សិប្បកម្ម​ ​សំណង់​នាវា​ ​នេសាទ​ ​ការ​ជួសជុល​យានយន្ត​ ​ឧស្សាហកម្ម​ម៉ាស៊ីន​ ​អេឡិចត្រូនិក​ ​និង​អាកាសចរណ៍​។​ ​

​សម្រាប់​ ​”​ប្រភេទ២​”​ ​មាន​លក្ខណៈ​ពិសេស​ជាង​ ​ដោយ​អាច​បម្រើការ​តែ​ក្នុង​វិស័យ​ ​សំណង់​ ​និង​ ​ការផលិត​នាវា​ប៉ុណ្ណោះ​ ​ដោយ​គ្រោង​អនុវត្ត​នៅ​ឆ្នាំ២០២១​។​



​ពលករ​ដែល​កាន់​ទិដ្ឋាការ​ ​ប្រភេទ១​ ​អាច​ស្នាក់នៅ​រយៈពេល​ ​៥ឆ្នាំ​ ​និង​អាច​ពន្យារពេល​បាន​ច្រើន​លើក​ ​ក៏ប៉ុន្តែ​មិន​អាច​នាំ​បងប្អូន​ ​សាច់ញាតិ​មក​រស់នៅ​ជាមួយ​បានទេ​។​ ​ពួកគេ​ត្រូវ​ ​ត្រឡប់ទៅ​ប្រទេសកំណើត​សិន​ ​ទើប​អាច​ពន្យារពេល​ទិដ្ឋាការ​ ​ពេល​ត្រឡប់​មក​ប្រទេស​ជប៉ុន​វិញ​។​ ​ខុសពី​ប្រភេទ១​ ​ករណីនេះ​ត្រូវ​បាន​លើកលែង​សម្រាប់​ពលករ​ដែល​កាន់​ទិដ្ឋាការ​ ​ប្រភេទ២​។​ ​ដោយសារ​ពលករ​កាន់​ទិដ្ឋាការ​ប្រភេទ២​ ​អាច​នាំ​សាច់ញាតិ​មក​រស់នៅ​ប្រទេស​ជប៉ុន​ជាមួយ​បាន​ ​លក្ខខណ្ឌ​នេះ​បាន​បង្ក​ភាព​ចម្រូងចម្រាស​ទាំង​ក្នុង​គណបក្ស​កាន់អំណាច​ ​ទាំង​ក្នុង​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ជប៉ុន​។​
​ក្រុមប្រឆាំង​អះអាង​ថា​ ​ទិដ្ឋាការ​ប្រភេទ២នេះ​ ​បើកផ្លូវ​ឱ្យ​ពលករ​រស់នៅ​ប្រទេស​ជប៉ុន​ជាអចិន្ត្រៃយ៍​ ​ទោះបីជា​រដ្ឋាភិបាល​ចាត់ទុកថា​នេះ​គ្រាន់តែ​ជា​ករណី​បណ្ដោះអាសន្ន​ក៏ដោយ​។​ ​
​តាម​ការ​ប៉ាន់ស្មាន​ ​ក្នុង​ពេល​ ​៥ឆ្នាំខាងមុខ​ ​ដោយ​គិត​ចាប់ពី​ខែមេសា​ ​ឆ្នាំ២០១៩​ ​ពលករ​បរទេស​ប្រមាណ​ ​២៦ម៉ឺន​នាក់​ ​ដល់​ ​៣៤,៥​ ​ម៉ឺន​នាក់​ ​នឹង​ទៅ​រស់នៅ​លាយឡំ​ជាមួយ​ប្រជាជន​ម្ចាស់ផ្ទះ​ជប៉ុន​។​ ​រដ្ឋាភិបាល​ជប៉ុន​ ​គ្រោង​ធ្វើការ​ផ្សព្វផ្សាយ​ដើម្បី​គាំទ្រ​សហគមន៍​ចម្រុះ​ជាតិសាសន៍​ ​និង​ផ្ដល់​សេវាកម្ម​រដ្ឋបាល​ពហុ​ភាសា​នៅ​កម្រិត​ក្រុង​ ​ខេត្ត​ ​ផង​ដែរ​។​ ​ជាង​នេះ​ទៅទៀត​ ​សេវាកម្ម​បង្រៀន​ភាសា​ជប៉ុន​ ​ជា​រឿង​ដ៏​សំខាន់​មួយ​ ​ហើយ​ការ​ពង្រឹង​សេវា​គាំពារ​សុខភាព​ ​ការ​គាំទ្រ​ ​និង​ជូនដំណឹង​ពី​គ្រោះមហន្តរាយ​ ​សុវត្ថិភាព​ចរាចរណ៍​ ​លំនៅឋាន​ ​ធនាគារ​ ​និង​សេវា​ទូរគមនាគមន៍​ ​នឹង​ត្រូវ​ដាក់ជា​អាទិភាព​ផង​ដែរ​៕​



​ប្រភព​៖​ ​Asian​ ​Correspondent​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្​ឌ​លាភ​

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.