Connect with us

តើម្ចាស់ស្បែកជើងមាសមកពីទ្វីបអាហ្វ្រិកទាំងបីនាក់ នៅលីគកំពូលអង់គ្លេសបានឆ្លងកាត់ក្រុមណាខ្លះទំរាំដល់ថ្ងៃនេះ?

ប្រិយមិត្តប្រាកដជាដឹងហើយថា លីគកំពូលអង់គ្លេសគឺបានបិទបញ្ចប់ហើយ កាលពីយប់មិញ ដោយក្រុមមេឃខៀវ Manchester City បានក្លាយជាជើងឯក ដោយមានពិន្ទុសរុបចំនួន ៩៨ នៅពីលើក្រុមហង្សក្រហម Liverpool តែ ១ពិន្ទុតែប៉ុណ្ណោះ។

អ្វីដែលគួរឱ្យសោកស្តាយគឺខ្សែប្រយុទ្ធរបស់ក្រុមជើងឯក កីឡាករ Sergio Agüero មិនបានក្លាយជាម្ចាស់ស្បែកជើងមាសនោះទេ ដោយរកបានតែ ២១គ្រាប់តែប៉ុណ្ណោះ ស្របពេលដែលពាន រង្វាន់មួយនេះគឺបាន ទៅលើខ្សែប្រយុទ្ធរបស់ក្រុម Arsenal គឺ Aubameyang និងខ្សែប្រយុទ្ធរបស់ក្រុមជើងឯករង គឺ Mané និង Mohamed Salah ដែល រក បាន ២២ គ្រាប់ ដូច គ្នា។

នៅថ្ងៃនេះ MyTV Plus សូមរៀបរាប់ពីជីវប្រវត្តិខ្លះៗក្នុងវិស័យបាល់ទាត់របស់ខ្សែប្រយុទ្ធទាំងបីនាក់នេះដូចតទៅ៖

១. Aubameyang មានឈ្មោះពេញថា “Pierre-Emerick Emiliano François Aubameyang” កើតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៨៩ នៅទីក្រុង ឡាវ៉ាល់ ប្រទេសបារាំង។ សព្វថ្ងៃកីឡាកររូបនេះលេងឱ្យក្រុមជម្រើសជាតិហ្គាបុង និងជាប្រធានក្រុមជម្រើសជាតិនេះផងដែរ។ កីឡាករដែលមានរហស្សនាមថា “មនុស្សប្រជៀវ” រូបនេះធ្លាប់លេងឱ្យក្លិបអាជីពជាច្រើនដូចជាក្រុម AC Milan នៅឆ្នាំ ២០០៨ ដល់ ២០១១ ប៉ុន្តែត្រូវបានដាក់ឱ្យខ្ចីជើងទៅកាន់ក្រុមជាច្រើននៅបារាំងដូចជា៖ ក្រុម Dijon នៅឆ្នាំ ២០០៨ ដល់ ២០០៩, ក្រុម Lille នៅឆ្នាំ ២០០៩ ដល់ ២០១០, ក្រុម Monaco នៅឆ្នាំ ២០១០ ដល់ ២០១១, ក្រុមSaint-Étienne នៅឆ្នាំ ២០១១ រួចក៏បានក្លាយជាកីឡាករផ្លូវការរបស់ក្រុមមួយនេះ រហូតដល់ឆ្នាំ ២០១៣ មុននឹងចាកចេញទៅចូលរួមជាមួយក្រុម Borussia Dortmund ដល់ឆ្នាំ ២០១៨ និងសព្វថ្ងៃជាកីឡាកររបស់ក្រុម Arsenal ដែលពាក់អាវលេខ ១៤ ។

២. Mané មានឈ្មោះពេញថា “Sadio Mané” កើតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩២ នៅទីក្រុង សេដីយ៉ូ ប្រទេសសេណេហ្គាល់ ។ ម្ចាស់អាវលេខ ១០ របស់ក្រុម Liverpool រូបនេះ បានចាប់ផ្តើមអាជីពដំបូងជាមួយក្រុម Metz របស់បារាំងនៅឆ្នាំ ២០១១ ដល់ ២០១២, ក្រុម Red Bull Salzburg របស់អូទ្រីស នៅឆ្នាំ ២០១២ ដល់ ២០១៤ មុននឹងផ្លាស់មកក្រុម Southampton ពីឆ្នាំ ២០១៤ ដល់ ២០១៦ រួចក៏បានចាកចេញមកចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅទីក្រុង Liverpool ដល់សព្វថ្ងៃ ។

៣. Mohamed Salah មានឈ្មោះពេញថា “Mohamed Salah Hamed Mahrous Ghaly” កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩២ នៅទីក្រុងបាសីយ៉ូន ប្រទេសអេហ្ស៊ីប។ កំពូលខ្សែប្រយុទ្ធពាក់អាវលេខ ១១ របស់ក្រុមហង្សក្រហមរូបនេះ ចាប់ផ្តើមអាជីពដំបូងនៅក្លិបក្នុងប្រទេសអេហ្ស៊ីបឈ្មោះ El Mokawloon នៅឆ្នាំ២០១០ ដល់ ២០១២ , មុននឹងផ្ទេរមកក្រុម Basel ក្នុងលីគកំពូលប្រទេសស្វីស នៅឆ្នាំ ២០១២ ដល់ ២០១៤, ក្រុម Chelsea នៅឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ ប៉ុន្តែត្រូវបានដាក់ឱ្យខ្ចីជើងទៅកាន់ក្រុម Fiorentina នៅឆ្នាំ ២០១៥ និងបន្តទៅកាន់ក្រុម Roma នៅឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៦ រួចក៏បានក្លាយជាកីឡាករផ្លូវការរបស់ក្លិបមួយនេះបានមួយរដូវកាល ២០១៦ ដល់ ២០១៧ មុននឹងមកចូលរួមជាមួយក្រុម Liverpool ពីឆ្នាំ ២០១៧ មកទល់សព្វថ្ងៃ ៕

 

អត្ថបទ៖ លីន រតនា

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.