Connect with us

តៃវ៉ាន់​ ​នឹង​ផាកពិន័យ​អ្នកដំណើរ​នាំ​ផលិតផល​សាច់​ជ្រូក​ពី​កម្ពុជា​ចូល​ទឹកដី​ខ្លួន​

​ក្រោយ​ផ្ទុះ​ករណី​ ​ជ្រូក​ខ្មែរ​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ពី​ជ្រូក​វៀតណាម​ ​អាជ្ញាធរ​កោះ​តៃវ៉ាន់​ ​បាន​ចាត់វិធានការ​ក្តៅ​ភ្លាម​ៗ​ ​ដោយ​ចេញ​បម្រាម​ ​ហាមមិនឲ្យ​អ្នកដំណើរ​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍​នាំ​ផលិតផល​សាច់​ជ្រូក​ចូលក្នុង​ទឹកដី​របស់​ខ្លួន​ ​ដោយ​ព្រមាន​ផាកពិន័យ​រាប់ពាន់​ដុល្លារ​ថែមទៀត​។​ ការិយាល័យ​ត្រួតពិនិត្យ​សុខភាព​សត្វ​ ​រុក្ខជាតិ​ ​និង​បង្ការ​រោគឆ្លង​ ​កោះ​តៃវ៉ាន់​ ​បាន​ប្រកាសហាម​រាល់​អ្នកដំណើរ​មិន​ឲ្យ​នាំ​យក​ផលិតផល​សាច់​ជ្រូក​ពី​ប្រទេស​កម្ពុជា​ ​ដោយ​ការ​ហាមឃាត់​នេះ​ធ្វើឡើង​ ​បន្ទាប់ពី​អង្គការ​ពិភពលោក​សម្រាប់​សុខភាព​សត្វ​ ​OIE​ ​បាន​បញ្ជាក់​ពី​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​នៅ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​។​

តាម​សារព័ត៌មាន​ ​Focus​ ​Taiwan​ ​កម្ពុជា​ ​ត្រូវ​គេ​រាយការណ៍​ ​កើតមាន​ករណី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​នៅ​ក្បែរ​ព្រំដែន​វៀតណាម​ ​ដែល​ករណី​ជំងឺ​នោះ​ ​បាន​សម្លាប់​ជ្រូក​ ​៤០០ក្បាល​ ​នៅ​ខេត្តរតនគិរី​។ ​តាមរយៈ​របាយការណ៍​ពី​អង្គការ​ខាងលើ​នេះ​ ​អាជ្ញាធរ​កោះ​តៃវ៉ាន់​ ​បាន​ចេញ​វិធានការ​ផាកពិន័យ​ចំពោះ​រាល់​អ្នកដំណើរ​ទាំងឡាយ​ណា​ដែល​នាំ​ផលិតផល​សាច់​ជ្រូក​ពី​បណ្តា​ប្រទេស​កើតមាន​ករណី​ជំងឺ​នេះ​ ​រួមមាន​ ​កម្ពុជា​ ​វៀតណាម​ ​ម៉ុងហ្គោលី​ ​និង​ចិន​។​

​បើ​តាម​លោក​ ​Feng​ ​Hai​-​Tung​ ​នាយក​ការិយាល័យ​ត្រួតពិនិត្យ​សុខភាព​សត្វ​ ​រុក្ខជាតិ​ ​និង​បង្ការ​រោគឆ្លង​របស់​កោះ​តៃវ៉ាន់​ ​អាជ្ញាធរ​នឹង​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​រាល់​ឥវ៉ាន់​អ្នកដំណើរ​មក​ពី​ប្រទេសក្រៅ​ ​ដោយ​ប្រើ​ម៉ាស៊ីន​ស្កេន​។​ ​ករណី​រក​ឃើញ​ ​អ្នកដំណើរ​នាំ​ផលិតផល​សាច់​ជ្រូក​ពី​បណ្តា​ប្រទេស​ខាងលើ​ ​នឹង​ត្រូវ​ផាកពិន័យ​ជា​ទឹកប្រាក់​ ​២​ ​សែន​ដុល្លារ​តៃវ៉ាន់​ ​ស្មើ​ប្រមាណ​ ​៦៤៩០​ ​ដុល្លារ​អាមេរិក​ ​ហើយ​ករណី​អ្នកដំណើរ​នាំ​យក​ផលិតផល​សាច់​ជ្រូក​ពី​ប្រទេស​ផ្សេង​ៗ​ទៀត​ ​ក៏​នឹង​ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់​ ​៣​ ​ម៉ឺន​ដុល្លារ​តៃវ៉ាន់​ ​ដូចគ្នា​៕​

  • អត្ថបទទាក់ទង :
  • Featured

Sponsored by

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.