Connect with us

ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​ ​នឹង​បើក​ច្រកព្រំដែន​បន្ថែម​ទៀត​ ​ដើម្បី​ធ្វើស​មា​ហរ​ណ​កម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​

ភ្នំពេញ​៖​ ​ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ ​បាន​ព្យាយាម​ ​និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បើក​ច្រកព្រំដែន​បន្ថែម​ទៀត​ ​និង​ដាក់​បន្ថែម​ខ្សែ​ផ្លូវ​មួយចំនួន​ទៀត​ ​ដើម្បី​តភ្ជាប់​ប្រទេស​ក្នុង​តំបន់​នេះ​ ​ព្រមទាំង​ធ្វើស​មា​ហរ​ណ​កម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ ​និង​ពិភពលោក​ ​សំដៅលើ​ក​កម្ពស់​គុណភាព​ ​និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ ​។​

​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​នេះ​ ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី៧​ ​នៃ​គណៈកម្មាធិការ​រួមការ​ងារ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ ​ដែល​កម្ពុជា​ ​ធ្វើជា​ម្ចាស់ផ្ទះ​ ​រៀបចំ​នៅ​ខេត្តសៀមរាប​។​

​លោក​ ​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​លើកឡើង​ថា​ ​ការ​បើក​ច្រក​ឆ្លងកាត់​ព្រំដែន​ ​និង​ការ​ដាក់​បន្ថែមចំនួន​ខ្សែ​ផ្លូវ​ ​ឆ្លងកាត់​របស់​បណ្ដា​ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ ​គឺជា​កត្តា​សត្យានុម័ត​ ​ក្នុង​ការពង្រីក​ ​និង​ពង្រឹង​ការ​តភ្ជាប់​រវាង​ប្រទេស​នី​មួយ​ៗ​ ​ព្រោះថា​ ​វិស័យ​ដឹកជញ្ជូន​ ​គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​តំបន់​មហា​អនុ​តំបន់​ទន្លេមេគង្គ​ ​ដែល​ជំរុញ​ឲ្យ​មាន​លំហូរ​ទេសចរ​កាន់តែ​ច្រើនឡើង​ ​លើកកម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាតិ​ ​និង​អន្តរជាតិ​ ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ ​ក្នុង​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រចាំឆ្នាំ​ ​ប្រកបដោយ​ចីរភាព​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​បញ្ជាក់​ថា​ ​ការ​ធ្វើ​បច្ចុប្បន្នភាព​កិច្ច​ព្រមព្រៀង​ឲ្យ​ស្របតាម​ការ​រីកចម្រើន​របស់​ប្រទេស​នី​មួយ​ៗ​ ​និង​ពិភពលោក​ ​ក៏ដូចជា​ ​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ ​នឹង​ជួយ​សម្រួល​ដល់​នីតិវិធី​គយ​ ​និង​នីតិវិធី​ដឹកជញ្ជូន​ ​ព្រមទាំង​បង្កើត​ឱកាស​បន្ថែម​ទៀត​ ​ក្នុង​ការ​រក​ឱ្យ​ឃើញ​នូវ​វិ​ធី​ថ្មី​ៗ​ ​ដើម្បី​ឱ្យ​ការ​ដឹកជញ្ជូន​ទទួល​បាន​ជោគជ័យ​ខ្ពស់​ ​។​ ​

ទោះ​យ៉ាងណា​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ក៏បាន​សំណូមពរ​ ​ឲ្យ​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​ ​គោរព​នីតិវិធី​ចាំបាច់​នានា​ ​ក្នុង​ការ​ដាក់​បន្ថែម​បណ្ដាញ​ខ្សែ​ផ្លូវ​របស់​ប្រទេស​នី​មួយ​ៗ​ ​និង​ផ្ដោត​សំខាន់​លើ​សុវត្ថិ​ ​ភាព​ចរាចរណ៍​ជា​ចំបង​ផង​ដែរ​ ​។​
​សូម​បញ្ជាក់​ថា​ ​នៅក្នុង​កិច្ចប្រជុំ​លើក​ទី៧​ ​នៃ​គណៈកម្មាធិការ​រួមការ​ងារ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​ទន្លេមេគង្គ​នេះ​ ​ក៏​មានការ​ចុះហត្ថលេខា​ទ្វេភាគី​រវាង​ប្រទេស​មីយ៉ាន់ម៉ា​ ​និង​ប្រទេស​ថៃ​ ​ស្តី​ពី​ការអនុវត្ត​ន៍​បឋម​លើ​កិច្ច​ព្រមព្រៀង​ ​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ផង​ដែរ​ ​៕​

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Services.