Connect with us

សមត្ថកិច្ច គ្រោងដុតកម្ទេចផលិតផលក្លែងក្លាយ ៧០តោន ក្នុងនោះ មានទាំងទឹកបរិសុទ្ឋ Evian

ភ្នំពេញ ៖ ផលិតផលក្លែងក្លាយប្រមាណ៧០តោន ក្នុងនោះមានទឹកបរិសុទ្ឋ Evian ផង ត្រូវបានសមត្ថកិច្ចរឹបអូស និងកំពុងស្ថិតក្រោមនីតិវិធីផ្លូវច្បាប់ ហើយគ្រោងនឹងដុតកម្ទេចចោលនាពេល​ឆាប់ៗខាងមុខ ។

លោក មៀច សុផាន់ណា  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា នាពេលឆាប់ៗខាងមុខ សមត្ថកិច្ច នឹងដុតកម្ទេចផលិតផលក្លែងក្លាយប្រមាណ៧០តោន ក្នុងនោះ មានប្រភេទទឹកបរិសុទ្ឋ ម៉ាក អេវីយ៉ង់ ( Evian ) ដែលបង្កផលប៉ះពាល់ដល់អ្នកទទួលទាន ។ ទឹកបរិសុទ្ឋ Evian ក្លែងក្លាយ ដែលសមត្ថកិច្ចរឹបអូសបាននេះ ត្រូវបានផលិតក្នុងមូលដ្ឋានខេត្តកណ្ដាល ។

លោក មៀច សុផាន់ណា បានអោយដឹងថា សមត្ថកិច្ច បានប្រើប្រាស់ជំនាញរបស់ខ្លួន និងឈានបើកប្រតិបត្តិការដល់ទីតាំងផលិត ព្រមទាំងរឹបអូសបានទឹកបរិសុទ្ឋក្លែងក្លាយយ៉ាងច្រើន ។ ទោះយ៉ាងណាក៏ដោយ លោក មៀច សុផាន់ណា ពុំទាន់បញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ក្នុងការកម្ទេចចោលនៅឡើយ​ទេ។

គួរគត់សម្គាល់ថា នាកំឡុងឆ្នាំ២០១៨នេះ ចំណីអាហារនិងគ្រឿងបរិភោគក្លែងក្លាយ ហួសកាលបរិច្ឆេទ និងខុសច្បាប់ចំនួនជាង១០០តោន ត្រូវបានកម្ទេចចោល នៅខេត្តកំពង់ស្ពឺ ។

ផលិតផល ភាគច្រើនជាគ្រឿងផ្សំសម្រាប់ធ្វើសាច់ក្រក រួមមាន ពោះវៀនជ្រូក ពោះវៀនគោ ពោះវៀនមាន់ ទា ជាដើម ដែលរក្សាទុកជាច្រើនឆ្នាំ។ ជាងនេះទៅទៀត នាពេលថ្មីៗនេះ សមត្ថកិច្ច ក៏បានដុតកម្ទេចគ្រឿងសម្អាងក្លែងក្លាយខុសច្បាប់ ប្រមាណជាង ១៦០តោនផងដែរ។

ជាមួយគ្នានេះដែរកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមប្រតិបត្តិការពិសេសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្ក្រាបបទល្មើសនាំចូល-រក្សាទុក ក្លែងក្លាយ និងហួសសុពលភាពរបស់ក្រុមហ៊ុន «ខេមបូឌា ខបភើរេសិន ហ្វាម៉ា» ដោយដកហូតបណ្ដោះ​អា​សន្ននូវផលិតផលឱសថចម្រុះចំនួន ១៣៨មុខ ប្រហែល ៤០តោន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.