Connect with us

អាមេរិក​ ​បញ្ចេញ​ថ្នាំ​ព្យាបាល​អេដស៍​ថ្មី​ ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​

​សហរដ្ឋអាមេរិក​ ​៖​ ​បច្ចុប្បន្ន​ដោយសារ​ការស្រាវជ្រាវ​វិស័យ​វេជ្ជសាស្ត្រ​កាន់តែ​ទំនើប​ ​ថ្នាំ​ព្យាបាល​ជំងឺអេដស៍​ជាច្រើន​ ​សុទ្ធតែ​មានប្រសិទ្ធភាព​ខ្ពស់​ ​ខ​ណៈ​ថ្មី​ៗ​នៅ​អង់គ្លេស​ ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ ​គឺជា​សះស្បើយ​ពី​ជំងឺអេដស៍​ថែមទៀត​ផង​។​ ​គួរ​ចាប់អារម្មណ៍​ជាង​នេះ​ ​អាមេរិក​ ​បាន​ចេញ​ថ្នាំ​ព្យាបាល​អេដស៍​ថ្មី​ ​ដោយ​ផ្សំ​សារធាតុ​ ​២មុខ​ ​រួមគ្នា​ ​សម្រាប់​ព្យាបាល​មនុស្ស​ពេញវ័យ​ផ្ទុកមេរោគ​អេដស៍​ ​តែ​ពុំ​ធ្លាប់​ទទួល​ថ្នាំ​ព្យាបាល​មុន​មក​។​

​បើ​តាម​គេហទំព័រ​ ​www.hellokrupet.com​ ​បានឱ្យ​ដឹង​ថា​ ​ថ្នាំ​ព្យាបាល​ជំងឺអេដស៍​ថ្មីនេះ​ ​ត្រូវ​គេ​ដឹង​ថា​ ​គឺ​ការផ្សំ​រួមគ្នា​រវាង​សារធាតុ​ ​Dolutegravir​ ​និង​ ​Lamivudine​ ​ដែល​មានឈ្មោះ​ ​Dovato​ ​ត្រូវ​បាន​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​FDA​ ​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​

​យ៉ាងណា​លើ​ប្រអប់​ថ្នាំ​ ​ក៏​មានការ​ណែនាំ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អ្នក​ផ្ទុក​ជំងឺអេដស៍​ ​និង​ជំងឺថ្លើម​ប្រភេទ​ ​B​ ​ផង​ដែរ​ ​ព្រោះ​អ្នក​ផ្ទុក​ជំងឺ​ទាំង​ ​២​ ​ប្រភេទ​នេះ​រួមគ្នា​ ​គួរ​បន្ថែម​ការ​ព្យាបាល​ទៅលើ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ ​B​ ​បន្ថែម​ទៀត​ ​ឬក៏​អាច​នឹង​ផ្លាស់ប្ដូរ​ថ្នាំ​ព្យាបាល​ផ្សេងទៀត​ ​ព្រោះថា​ ​បើ​អ្នកជំងឺ​ប្រើ​ថ្នាំ​ដែល​មាន​សារធាតុ​ ​Lamivudine​ ​អាច​ធ្វើអោយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ ​B​ ​វិវត្ត​កាន់​ធ្ងន់ធ្ងរ​ ​ដោយសារតែ​តែ​វីរុស​រលាក​ថ្លើម​ ​ស៊ាំ​ជាមួយនឹង​ថ្នាំ​ ​ធ្វើឲ្យ​មាន​បញ្ហា​ថ្លើម​ ​ដូចជា​ ​ខ្សោយ​ថ្លើម​ជាដើម​ ​។​ ​ដូច្នេះ​ ​អ្នកមាន​ផ្ទុក​ជំងឺ​ទាំង​ ​២​ ​ប្រភេទ​នេះ​ ​ត្រូវ​តាមដាន​សុខភាព​បន្ដ​ទៀត​ ​ក្រោយ​ឈប់​ប្រើ​ថ្នាំ​នេះ​។​

​ថ្នាំ​ព្យាបាល​ជំងឺអេដស៍​នេះ​ ​ក៏​បណ្ដាលឲ្យ​អ្នកជំងឺ​ ​ឈឺក្បាល​ ​រាក​ ​ក្អួត​ ​គេង​មិន​លក់​ ​និង​អស់កម្លាំង​ ​។​ ​ចំពោះ​ស្រ្ដី​ពពោះ​ ​ចាប់ពី​ត្រីមាស​ទី​ ​១​ ​ក៏​ត្រូវ​ចៀសវាង​ប្រើប្រាស់​ថ្នាំ​នេះ​ដូចគ្នា​ ​ដោយសារ​សារធាតុ​ថ្នាំ​ ​Dolutegravir​ ​ប៉ះពាល់​ដល់​ការលូតលាស់​នៃ​ប្រព័ន្ធ​ប្រសាទ​ទារក​ ​(​Neural​ ​tube​)​ ​។​

​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថ្នាំ​នេះ​ ​ក្រោយ​មានការ​សាកល្បង​លើ​មនុស្ស​ពេញវ័យ​ ​ផ្ទុក​ជំងឺអេដស៍​ចំនួន​ ​១,៤៣៣នាក់​ ​ហើយ​ពុំ​ធ្លាប់​ទទួលការ​ព្យាបាល​ជំងឺ​នេះ​ពីមុន​មក​ ​។​ ​ដោយ​លទ្ធផល​ ​រក​ឃើញថា​ ​ថ្នាំ​មាន​ផ្ទុក​សារធាតុ​ ​Dolutegravir​ ​និង​ ​Lamivudine​ ​កាត់បន្ថយ​ចំនួន​វីរុស​ ​HIV​ ​ក្នុង​ឈាម​បាន​ច្រើន​ ​បើ​ធៀប​នឹង​ថ្នាំ​ផ្សេងទៀត​ ​។​

​គួរ​បញ្ជាក់​ថា​ ​ក្រសួងសុខាភិបាល​អាមេរិក​ ​កាលពី​ខែកុម្ភៈ​ ​២០១៩​ ​បាន​ប្រកាស​គំនិត​ផ្ដួចផ្ដើម​លុបបំបាត់​ជំងឺអេដស៍​ ​នៅ​ទូទាំង​ប្រទេស​។​ ​គោលបំណង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​នេះ​ឲ្យបាន​ ​៧០​%​ ​នៅ​រយៈពេល​ ​៥​ ​ឆ្នាំខាងមុខ​ ​និង​ ​៩០​%​ ​នៅ​រយៈពេល​ ​១០​ ​ឆ្នាំខាងមុខ​។​ ​តាម​ការ​ប៉ាន់ស្មាន​ ​ពលរដ្ឋ​អាមេរិក​ ​១,១លាន​នាក់​ ​មាន​ផ្ទុកមេរោគ​អេដស៍​ ​ប៉ុន្ដែ​ប្រហែល​ ​១៥​%​ ​ឬ​ ​១​/​៧​ ​នាក់​ ​មិនដឹង​ថា​ ​ពួកគេ​ឆ្លង​មេរោគ​នេះ​ឡើយ​៕​


Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com