Connect with us

ម៉ាឡេស៊ី កែច្នៃផ្លៃទុរេន ជាផលិតផលច្រើនយ៉ាង ដើម្បីប្រជែងទីផ្សារនាំចេញ

ម៉ាឡេស៊ី៖ រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី កំពុងពង្រឹងការកែច្នៃផលិតផលផ្លែទុរេន ឱ្យក្លាយជាផលិតផលផ្សេងៗ ដូចជា ការ៉េម និងនំបុ័ង Biscuit ដើម្បីទាក់ទាញទេសចរណ៍ និងសម្រាប់ការនាំចេញ។ ទន្ទឹមនេះ ប្រទេសនេះ បានដាក់គោលដៅទីផ្សារប្រទេសចិន ជាទីផ្សារអាទិភាព ដើម្បីនាំចេញផលិតផលផ្លែទុរេន។

លោក Sim Tze Tzin អនុរដ្ឋមន្ត្រីកសិកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បានប្រាប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ថា ចិន បានយល់ស្របឱ្យមានការនាំចូលផ្លែទុរេនទាំងមូល ពីម៉ាឡេស៊ី ក្រោមកិច្ចព្រមព្រៀងមួយកាលពីខែសីហា ឆ្នាំ២០១៨។ ជាមួយគ្នានេះ ចិន បានធ្វើការនាំចូលទុរេនប្រមាណ ៣០ម៉ឺនតោន ជារៀងរាល់ឆ្នាំ ក្នុងនោះ ថៃ ជាគោលដៅធំទីមួយរបស់ចិន។

ខណៈតម្រូវការនៅចិន កើនឡើង ម៉ាឡេស៊ី ដែលនាំចេញទុរេនប្រមាណ ១៧០០០តោន ឬ ៥,៨% នៃទុរេនសរុបដែលខ្លួនផលិតបានក្នុងមួយឆ្នាំ រំពឹងថា ខ្លួននឹងកែច្នៃផលិតផលពីទុរេនផ្សេងទៀត ដូចជា ទឹកដោះគោជូរ នំ Cookies កាហ្វេ និង ភីហ្សា រសជាតិទុរេន។ ម៉ាឡេស៊ី នាំចេញទុរេន ទៅកាន់ ថៃ ហុងកុង សហរដ្ឋអាមេរិក សិង្ហបុរី អូស្ត្រាលី និងចិន។

កាលពីឆ្នាំ២០១៧ ម៉ាឡេស៊ី បានរៀបចំការតាំងបង្ហាញផលិតផលទុរេន នៅក្នុងប្រទេសចិន ដែលបានទាក់ទាញអ្នកចូលភ្លក់ប្រមាណ ១៦៥០០០ នាក់៕

ប្រភព៖ Straits Times

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Caption: សង្ឃឹមថា កម្ពុជានឹងកែច្នៃទុរេន ជាផលិតផលផ្សេងៗដូចប្រទេសជិតខាងទៅចុះ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.