Connect with us

រាជរដ្ឋាភិបាល ដាក់ខេត្តកែបជាតំបន់ទេសចរណ៍លំហែកាយកម្រិតខ្ពស់ ដែលគ្មានកាស៊ីណូ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចឱ្យក្រសួងទេសចរណ៍ ដឹកនាំការសិក្សា អំពីការរៀបចំផែនការអភិវឌ្ឍន៍ខេត្តកែប ឱ្យក្លាយជា តំបន់ទេសចរណ៍សម្រាកលំហែកាយកម្រិតខ្ពស់ ដោយរាប់បញ្ចូលទាំង ទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ និង រមណីយដ្ឋានទេសចរណ៍នានា តែអាចមិនមានការបង្កើត កាស៊ីណូ និងរោងចក្រសហគ្រាសឡើយ។ នេះបើដយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AKP នាពេលថ្មីៗនេះ។

ក្រសួងទេសចរណ៍ ក៏បានលើកទឹកចិត្ត ឱ្យមានការបង្កើតលំនៅឋានទីពីរ សម្រាប់ភ្ញៀវទេសចរវ័យចំណាស់ ឬ ចូលនិវត្តន៍នៅខេត្តកែបនេះផងដែរ ដើម្បីឱ្យពួកគេ ពន្យារពេលក្នុងការទស្សនា និងស្នាក់នៅ ក្នុងរយៈពេលយូរក្នុងប្រទេសកម្ពុជា ដែលជំរុញឱ្យពួកគេ មានការចំណាយច្រើន។

ក្រៅពីគម្រោងអភិវឌ្ឍន៍ខេត្តកែប ទៅជាតំបន់ទេសចរណ៍សម្រាកលំហែកាយកម្រិតខ្ពស់ រាជរដ្ឋាភិបាល ក៏បានសម្រេចលើការសិក្សារៀបចំ ខេត្តកំពត ទៅជាតំបន់ទេសចរណ៍វប្បធម៌បេតិកភណ្ឌ និងកសិទេសចរណ៍ ក្នុងពេលដែលរាជរដ្ឋាភិបាល បាននិងកំពុង សាងសង់កំពង់ផែទេសចរណ៍អន្តរជាតិមួយ ក្នុងគម្រោងកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ ដែលអាចនឹងបញ្ចប់នៅដើមឆ្នាំ២០២០ ខាងមុខ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.