Connect with us

អ្នកជំនាញ ព្រមានចំពោះការត្បារ-ខ្វារអាចម៍ត្រចៀក ដែលអាចបង្កផលអាក្រក់ជាច្រើន

អ៊ីចឹងអត់ត្បារ ឬខ្វារត្រចៀក ល្អជាង?

សិង្ហបុរី៖ វេជ្ជបណ្ឌិតឯកទេសខាងត្រចៀក ច្រមុះ និងបំពង់ក បានធ្វើការព្រមានចំពោះសកម្មភាពនៃការត្បារអាចម៍ត្រចៀក ដែលអាចបណ្ដាលឱ្យមានផលអវិជ្ជមានមួយចំនួន មិនថា ត្បារដោយប្រដាប់ត្បារ ដែក ឬ សំឡី នោះទេ។

លោក Lim Keng Hua វេជ្ជបណ្ឌិតឯកទេសវះកាត់ត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យ Mount Elizabeth Medical Centre នៅសិង្ហបុរី បានចង្អុលបង្ហាញពីផលប៉ះពាល់ ថា ការខ្វារអាចម៍ត្រចៀក អាចបង្កឱ្យរលាត់ដាច់ និងស្នាមរបួសនៅក្នុងត្រចៀក ខណៈការត្បារដោយប្រដាប់ត្បារ អាចធ្វើឱ្យសំឡី ជាប់ក្នុងរន្ធត្រចៀក ដែលអាចបង្កឱ្យស្ដាប់មិនបានល្អ។ លោកបន្តថា កំណកសំឡីដែលជាប់នឹងអាចម៍ត្រចៀក ច្រើនទៅៗ អាចធ្វើឱ្យឧស្សាហ៍រមាស់ ដោយសារសំឡី ជក់ទឹក និងបង្កជាបាក់តេរី។ លោកលើកទឹកចិត្ត ឱ្យបញ្ឈប់ការប្រើប្រាស់ប្រដាប់ត្បារសំឡី តែម្ដង។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ទោះយើងមិនត្បារ ឬខ្វារ ក៏ដោយ ក៏អាចម៍ត្រចៀក នឹងជ្រុះចេញដោយឯកឯង នៅពេលដែលយើងទំពារ ឬ និយាយ។ លោកថា នៅពេលរមាស់ មានន័យថា អាចម៏ត្រចៀក កំពុងរអិលចេញមកខាងក្រៅបន្តិចម្ដងៗ ដូច្នេះ យើងគ្រាន់តែប្រើដៃ រលាស់ត្រចៀក ដោយផ្អៀងក្បាលបន្តិច។ លោកណែនាំថា ទោះរមាស់ក្ដី ក៏ត្រូវទ្រាំ មិនត្រូវប្រើប្រដាប់ត្បារត្រចៀកនោះទេ ហើយត្រូវប្រើក្រណាត់ជូតស្រាលៗ នៅជុំវិញត្រចៀក ឬផ្នែកខាងក្នុងត្រចៀក ដែលម្រាមដៃអាចលូកចូលបាន។

អាចម៍ត្រចៀក បង្កដោយសារធាតុក្រមួន ដែលវាផ្ដល់ផលប្រយោជន៍ទៅវិញទេ ដោយអាចជួយការពារធូលីចូលក្នុងសន្ទះត្រចៀក៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.