Connect with us

ឯកឧត្តម គង់ សុភី ត្រូវចោរគាស់វ៉ាលីនៅព្រលានយន្តហោះ

ព្រលានខាងយើង ឬ ខាងគេ?

ភ្នំពេញ៖ ព័ត៌មានដែលទាក់ទងនឹងការខូចខាត និង ការគាស់វ៉ាលី បាត់ឥវ៉ាន់គឺឧស្សាហ៍កើតឡើងណាស់ ជាក់ស្តែង កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ គណនេយ្យហ្វេសបុករបស់ឯកឧត្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការកែទម្រង់រដ្ឋបាលសារធាណៈ នៃក្រសួងមុខងារសាធារណៈ បានបង្ហោះអំពាវនាវថា “សូមសមត្ថកិច្ច និង អ្នកគ្រប់គ្រងព្រលានយន្តហោះភ្នំពេញ មេត្តាត្រួតពិនិត្យពួកលើកវ៉ាលីផង សុទ្ធតែចោរតែម្តង។

ជាក់ស្តែងនេះជាវ៉ាលីរបស់ខ្ញុំត្រូវចោរគាស់ ពេលមកដល់ផ្ទះទើបដឹងបញ្ហានេះមិនមែនជារឿងបុគ្គលទេ សូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នា តែប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់កិត្តយស និង សេចក្តីថ្លៃថ្នូរបុគ្គលិកទាំងអស់នៅព្រលានយន្តហោះនេះ និង កេរ្តិ៍ឈ្មោះរបស់ប្រទេសយើង”។

ក្នុងនោះក៏មានអ្នកចូលរួមផ្តល់មតិផងដែរថាបានជួបករណីនេះដូចគ្នា និង បានបាត់បង់ឥវ៉ាន់អស់រលីង ប៉ុន្តែក៏មានមតិខ្លះបាននិយាយថា” បើមើលតាមភាពជាក់ស្តែង ដែលខ្ញុំបានឃើញ ប្រសិនបើអ្នកដំណើរដែលធ្វើដំណើរតាមដល់ព្រលានយន្តហោះ ក្រុមការងារខាងព្រលាន ត្រូវប្រញាប់ប្រញាល់រៀបចំវ៉ាលីចេញពីយន្តហោះមកដាក់នៅកន្លែងដែលអ្នកដំណើររង់ចាំយកវ៉ាលី រយៈពេលនេះ ខ្ញុំគិតថា គាត់មិនអាចវះ ឬ គាស់វ៉ាលីបានទេ ដោយសារគ្មានពេលវេលាសំរាប់ពួកគាត់គាស់ឡើយ តែបើពេលវេលាសំរាប់គាស់វ៉ាលីគឺ ពេលដែលអ្នកដំណើរឡើងយន្តហោះ ដោយសារវ៉ាលីត្រូវឆ្លងកាត់អិចសារ៉េសិន មុនដាក់លើយន្តហោះ ចឹងគាត់អាចដឹងក្នុងវ៉ាលីមានវត្ថុអ្វីខ្លះ ជាពិសេសគឺពេលវេលាអំណោយផល ដោយសារតែ អ្នកដំណើរទាំងត្រូវមក check in មុន២ទៅ៣ម៉ោង មុនយន្តហោះ boarding ហើយប្រសិនបើវ៉ាលីខ្លះត្រូវបាក់បែក ឬ ខូច ខាងក្រុមការងារព្រលានត្រូវតែប្រុងប្រយ័ត្នបន្ថែមទៀត ខ្ញុំសូមអភ័យទោសផង ប្រសិនបើការបញ្ចេញយោបល់របស់ខ្ញុំមិនត្រឹមត្រូវ តែនេះជាអ្វីដែលខ្ញុំមើលឃើញជាក់ស្តើង”។

គួរលឹកដែរថា នេះមិនមែនជាលើកទី១ទេដែលបានកើតឡើង ដូចនេះប្រសិនជាអាចជៀសបាន គួរយកវត្ថុមានតម្លៃយួរជាប់ខ្លួនទើបជាការប្រសើរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.