Connect with us

មន្ទីរពេទ្យសុរិន្ទ ដែលព្យាបាលអ្នកជំងឺ ជិត ២ពាន់នាក់/ថ្ងៃ កំពុងដាច់ទឹក

មន្ទីរពេទ្យសុរិន្ទ ដែលព្យាបាលអ្នកជំងឺ ជិត ២ពាន់នាក់/ថ្ងៃ កំពុងដាច់ទឹក

ទោះចូលដល់រដូវវស្សាហើយ ប៉ុន្ដែតំបន់ខ្លះ នៅប្រទេសថៃ ពុំទាន់មានភ្លៀងធ្លាក់ ហើយកំពុងប្រឈមនឹងគ្រោះរាំងស្ងួត ឬឈានដល់ដាច់ទឹកប្រើក៏មាន។ ជាក់ស្ដែង មន្ទីរពេទ្យសុរិន្ទ (Surin Hospital) ដែលពលរដ្ឋខ្មែរយើងមួយចំនួន ជាញឹកញាប់ទៅពិនិត្យ និងព្យាបាលសុខភាព កំពុងប្រឈមនឹងការខ្វះទឹកយ៉ាងខ្លាំង សឹងតែលែងមានទឹកប្រើតែម្តង។

មន្ទីរពេទ្យសុរិន្ទ បានប្រកាសអាសន្ន ចាប់តាំងពីសប្ដាហ៍មុន ក្រោយមន្ទីរពេទ្យខ្វះខាតទឹកយ៉ាងខ្លាំង ដើម្បីប្រើប្រាស់។ ជាបន្ដបន្ទាប់ មន្ទីរពេទ្យក៏បានស្នើសុំការផ្គត់ផ្គង់ទឹកពីទីភ្នាក់ងារផ្សេងៗផងដែរ។
ក្រោយលោក Anutin Charnvirakul រដ្ឋមន្រ្តីសុខាភិបាលថៃ បានទៅពិនិត្យមន្ទីរពេទ្យជាបន្ទាន់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ក្រសួងសុខាភិបាល និងអង្គភាពផ្សេងទៀត បានសម្រេចជីកអណ្ដូង ចំនួន ៨ទីតាំង នៅជុំវិញមន្ទីរពេទ្យ។
តម្រូវការជាក់ស្ដែងជាប្រចាំ មន្ទីរពេទ្យសុរិន្ទ ត្រូវការទឹកប្រើប្រាស់ រហូតដល់ ១លានលីត្រ/ថ្ងៃ ប៉ុន្ដែប៉ុន្មានថ្ងៃចុងក្រោយ មន្ទីរពេទ្យទទួលបានការផ្គត់ផ្គង់ទឹក ៨ម៉ឺនលីត្រ ស្មើត្រឹមប្រមាណ ជិត ១០% ប៉ុណ្ណោះ។ ក្នុង ១ថ្ងៃ មន្ទីរពេទ្យ ព្យាបាលអ្នកជំងឺប្រមាណ ១.៧០០នាក់ ដោយប្រមាណ ៨០០នាក់ ជាអ្នកជំងឺត្រូវវះកាត់ និងសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់។
ក្រៅពីអន្តរាគមន៍ដោយជីកអណ្ដូង លោក Thamanat Prompow រដ្ឋមន្រ្តីក្រសួងកសិកម្មថៃ ក៏គ្រោងពិនិត្យលើការបង្កើតភ្លៀងសិប្បនិមិត្តដើម្បីដោះស្រាយបញ្ហាគ្រោះរាំងស្ងួតនៅតំបន់ភាគឦសានជាបណ្ដោះអាសន្នផងដែរ៕

ប្រភព៖ Hello Krupet

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.