Connect with us

បកអាក្រាតភ្នាក់ងាររត់ការចិន ដែលជួយឱ្យកូនអ្នកមានចូលរៀននៅសាលាល្បីៗ

បកអាក្រាតភ្នាក់ងាររត់ការចិន ដែលជួយឱ្យកូនអ្នកមានចូលរៀននៅសាលាល្បីៗ

ចិន៖ ភ្នាក់ងាររត់ការមួយចំនួន នៅចិន បាននិងកំពុងផ្ដល់សេវាកម្មប្រឹក្សាយោបល់សម្រាប់ឪពុកម្ដាយ ឬអាណាព្យាបាល ដែលជាអ្នកមានស្ដុកស្ដម្ភ នៅប្រទេសចិន ដែលមានបំណងបញ្ជូនកូនៗរបស់ពួកគេ ទៅសិក្សានៅឯបរទេស តាមសាកលវិទ្យាល័យល្បីៗ នៅជុំវិញពិភពលោក ជាពិសេសសាលានៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី។

សេវាកម្មទាំងនោះ រួមមានការសរសេរសំណេរជំនួស បន្លំពិន្ទុកីឡា និងសូកលុយមន្ត្រីបម្រើការក្នុងសាលាដែលគេចង់ចូលរៀន។ រឿងអាស្រូវនេះ បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ ដែលបានកើតឡើងកាលពីឆ្នាំទៅ នៅសាកលវិទ្យាល័យអាមេរិក។ រដ្ឋអាជ្ញាអាមេរិក បានរកឃើញ ករណីគ្រួសារចិនមួយ បានផ្ដល់ទឹកប្រាក់ ៦,៥លានដុល្លារអាមេរិក សម្រាប់ភ្នាក់ងាររត់ការមួយ ដើម្បីជួយឱ្យកូនស្រីរបស់ពួកគេ បានចូលរៀននៅសាកលវិទ្យាល័យ Stanford និងករណីដូចគ្នាមួយទៀត ដែលបានបង់ប្រាក់ ១,២លានដុល្លារ ដើម្បីចូលរៀននៅសាកលវិទ្យាល័យ Yale ។ ករណីនេះ បានឈានដល់ការបកអាក្រាត តារាហូលីវូដ និងនាយកប្រតិបត្តិជាច្រើនរូប ដែលបានពាក់ព័ន្ធនឹងសំណូក។

អតីតទីប្រឹក្សាឧត្តមសិក្សាម្នាក់ បានបង្ហើបថា តម្លៃសេវាកម្មទាបបំផុតដែលគ្រួសារសិស្សផ្ដល់ជូនភ្នាក់ងារទាំងនោះ គឺ ១ម៉ឺនដុល្លារ ឬ ជាមធ្យម ២៥ម៉ឺនដុល្លារ។ ការលើកឡើងនេះ ត្រូវបានឯកភាពពីអតីតបុគ្គលិកដែលបម្រើការក្នុងភ្នាក់ងាររត់ការទាំងនោះ ដែលសុំមិនបញ្ចេញឈ្មោះឡើយ។

និស្សិតស្រី ឈ្មោះ Fu Rao ដែលគ្រួសាររបស់នាងបានចំណាយ ៣៥៤០០ ដុល្លារលើភ្នាក់ងារខាងលើ បានព្រមសារភាពថា នាងមិនមានមោទនភាពចំពោះអ្វីដែលពួកគេ បានប្រព្រឹត្តនាពេលកន្លងទៅនោះទេ។ នាងថា សំណេរ ឬឯកសារសម្រាប់ដាក់ពាក្យចូលរៀន ត្រូវបានកែកុនដោយអ្នកជំនាញ។ នាង ក៏ធ្លាប់ស្ម័គ្រចិត្តនៅមណ្ឌលក្មេងកំព្រាមួយនៅកម្ពុជា ផងដែរ។ និស្ស័យវ័យ១៦ឆ្នាំដដែលបន្តថា ការធ្វើដូច្នេះ ធ្វើឱ្យឯកសាររបស់នាង មានភាពលេចធ្លោជាងអ្នកដទៃ ដែលស្ម័គ្រចិត្តជួយកុមារនៅក្នុងប្រទេសចិន។

យ៉ាងណាមិញ និស្សិតដែលមានបំណងសិក្សានៅបរទេស មិនទទួលបានការប្រឡងចូលរៀនដ៏លំបាក ដែលគេស្គាល់ជាភាសាចិនថា Gaokao ដើម្បីប្រជែងយកកៅអីចូលរៀននៅសាកលវិទ្យាល័យក្នុងប្រទេសចិនទេ។ បើបរាជ័យក្នុងការសិក្សានៅបរទេស ពួកគេមិនអាច ឬមានការលំបាកក្នុងការវិលទៅចូលក្នុងប្រព័ន្ធអប់រំចិនវិញបំផុត។

របាយការណ៍ឱ្យដឹងថា និស្សិតចិន មានប្រមាណ ១ភាគ៣ នៃចំនួននិស្សិតបរទេសទាំងអស់នៅសហរដ្ឋអាមេរិក ក៏ប៉ុន្តែក្រោយមានការបកអាក្រាតរឿងអាស្រូវភ្នាក់ងាររត់ការ ចំនួននិស្សិតចិន បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ១ទសវត្សរ៍៕

ប្រភព៖ South China Morning Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.