Connect with us

ជិះកង់​ដើម្បី​បរិស្ថាន​ ​និង​សុខភាព​កុមារ​កម្ពុជា​ ​ទទួល​បាន​ជោគជ័យ​ជា​ទី​មោទ​នៈ​

ជិះកង់​ដើម្បី​បរិស្ថាន​ ​និង​សុខភាព​កុមារ​កម្ពុជា​ ​ទទួល​បាន​ជោគជ័យ​ជា​ទី​មោទ​នៈ​

​សៀមរាប​៖​ ​ព្រឹត្តិ​ការណ៍​ជិះកង់​ដើម្បី​បរិស្ថាន​ ​និង​សុខភាព​កុមារ​ ​លើក​ទី៦​ ​ដើម្បី​រៃអង្គាស​ថវិកា​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​បាន​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​ ​ជាមួយនឹង​ថវិកា​សរុប​ចំនួន​ ​៣ម៉ឺន​ដុល្លារ​អាមេរិក​ ​កាលពី​ថ្ងៃទី១១​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​ ​កម្មវិធី​ក្នុង​ឆ្នាំនេះ​ ​អាចប្រព្រឹត្តទៅបាន គឺដោយមាន​ការ​សហការ​រៀបចំ​ពី​ក្រុមការងារ​ជិះកង់​ដើម្បី​កម្ពុជា​ ​និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​ដោយមាន​អ្នកចូលរួម​ចំនួន​ ​១០៧០នាក់​ ​រួម​ទាំង​បុគ្គលិក​ ​និង​អតិថិជន​ជាង១០០នាក់​ ​មក​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ ​Prudential​ ​ដែល​ជា​អ្នកឧបត្ថម្ភ​សំខាន់​សម្រាប់​ព្រឹត្តិ​ការណ៍​នេះ​។​

​លោក​ ​ងួន​ ​ចាន់​ភ័ក្ត្រា​ ​នាយក​មន្ទីរពេទ្យ​កុមារ​អង្គរបាន​អបអរសាទរ​ ​និង​កោតសរសើរ​ចំពោះ​អ្នកចូលរួម​ ​ដៃគូ​ឧបត្ថម្ភ​ ​និង​ក្រុមការងារ​រៀបចំ​ព្រឹត្តិ​ការណ៍​ទាំងអស់​ ​ដែល​បាន​រួមចំណែក​ក្នុង​ការ​ជិះកង់​សប្បុរសធម៌​ ​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​។​ ​លោក​ជឿ​ថា​ ​ការ​រួមចំណែក​របស់​ភាគី​ពាក់ព័ន្ធ​នានា​ ​នឹង​ជួយ​ឱ្យ​កុមារ​កម្ពុជា​ ​ទទួល​បានការ​ព្យាបាល​ពី​មន្ទីរពេទ្យ​កុមារ​អង្គរ​។​ ​មួយវិញទៀត​ ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​ប្ដេជ្ញា​ចំពោះ​ការ​បណ្ដុះ​បណ្ដល​អ្នកជំនាញ​ជំ​នាន់​ក្រោយ​ៗ​។​

​លោក​ ​ហុង​ ​វុទ្ធី​ ​ប្រធាន​ផ្នែក​អតិថិជន​ ​និង​ទីផ្សារ​ ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ ​Prudential​ ​បាន​មានប្រសាសន៍​ថា​ ​លោក​មានការ​ភ្ញាក់ផ្អើល​ ​និង​មោទនភាព​ចំពោះ​បុគ្គលិក​ក្រុមហ៊ុន​ ​Prudential​ ​និង​អតិថិជន​ដ៏​ស្មោះស្ម័គ្រ​របស់​ខ្លួន​ ​សម្រាប់​ការចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​។​ ​លោក​បន្ត​ថា​ ​ក្រុមហ៊ុន​ ​Prudential​ ​ប្ដេជ្ញា​ជួយ​ដល់​វិស័យ​អប់រំ​ ​និង​ផ្នែក​គាំពារ​សុខភាព​របស់​កុមារ​កម្ពុជា​។​

សូមជម្រាប​ថា​ ​ចាប់ពី​ព្រឹត្តិ​ការណ៍​ខាងលើ​ត្រូវ​បាន​ផ្ដួចផ្ដើម​ក្នុង​ឆ្នាំ២០១៤មក​ ​ថវិកា​ប្រហែល​ ​១០ម៉ឺន​ដុល្លារ​អាមេរិក​ ​ត្រូវ​បាន​រៃអង្គាស​ពី​សម្បុរស​ជន​នានា​។​ ​វា​បាន​រួមចំណែក​ដល់​បេសកកម្ម​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​ក្នុង​ការ​ព្យាបាល​កុមារ​កម្ពុជា​ជាង​ ​២លាន​៥សែន ករណី​ ​ចាប់តាំងពី​ដំណើរការ​នៅក្នុង​ឆ្នាំ១៩៩៩មក​៕​

   

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.