Connect with us

Diego Maradona អតីតតារាបាល់ទាត់អាហ្សង់ទីន ដែលជាប់រឿងអាស្រូវពាក់ព័ន្ធគ្រឿងញៀន(មានវីដេអូ)

ល្អក៏ល្អ ខូចក៏ខូច គ្រឿងញៀនក៏ប្រើ!(មានវីដេអូ)

អាហ្សង់ទីន៖ លោក Diego (Armando) Maradona បានកើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៦០ នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងអាជីពដ៏ជោគជ័យរបស់គាត់ កាលពីនៅជាកីឡាករ Maradona ក៏មានរឿងអាស្រូវមិនចេះចប់ រហូតឈានដល់ការពិន័យមិនឱ្យលេង ទាក់ទងនឹងការប្រើប្រាស់គ្រឿងញៀន និងតែងតែមានបញ្ហាសុខភាពជារឿយៗ អំឡុងការចូលនិរត្តន៍របស់គាត់។

នៅវ័យកុមារ Maradona ដែលកើតពីត្រកូលគ្រួសារក្រីក្រមួយ មានឪពុកឈ្មោះ Diego Sr. និង ម្ដាយ Dona Tota បានចូលលេងបាល់ទាត់ជាលើកដំបូង ពេលមានអាយុ ៣ឆ្នាំ។ ៧ឆ្នាំក្រោយមក គេបានចូលរួមជាមួយក្លិប Los Cebollitas ដែលជាក្រុមយុវជនថ្នាលនៃក្លិប Argentinos Juniors ។ ទន្ទឹមនឹងការបង្ហាញខ្លួនរបស់ Maradona ក្លិប Los Cebollitas បានបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយ គឺមិនស្គាល់ពាក្យថាចាញ់ ចំនួន ១៣៦ប្រកួត។ មិនយូរប៉ុន្មាន យុវជនដែលជិតឈានចូលវ័យ ១៦ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូង នៅក្លិប Argentinos Junior ។

ខ្សែបម្រើឆ្នើមដដែល បានរួមចំណែកឱ្យក្លិបរបស់គេ ឈ្នះជើងឯកជាបន្តបន្ទាប់ នៅក្នុងប្រទេសអាហ្សង់ទីន រួចនៅអ៊ីតាលី និង អេស្ប៉ាញ។ គួរឱ្យកត់សម្គាល់បំផុតនោះ Maradona បានជួយឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន លើកពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ១៩៨៦។ គ្រានោះ មានភាពចម្រូងចម្រាស ពេលគាត់ បានប្រើដៃរុញបាល់ឱ្យចូលទី ដែលគេដាក់រហស្សនាមឱ្យថា “ដៃអាទិទេព” ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ដែលយកឈ្នះលើក្រុមអង់គ្លេស។ Maradona ធ្លាប់លេង World Cup បាន ៤លើក រកបាន ៣៤គ្រាប់ ក្នុង ៩១ប្រកួតសម្រាប់អាហ្សង់ទីន។

ក្នុងទសវត្សរ៍ ១៩៨០ តារាបាល់ទាតរូបនេះ បានពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុកូកាអ៊ីន អំឡុងប្រកួតទល់នឹងអេស្ប៉ាញ ហើយទទួលការពិន័យមិនឱ្យចូលលេង ១៥ខែ បន្ទាប់ពីមន្ត្រីផ្នែកបាល់ទាត់ បានរកឃើញសារធាតុញៀន ក្នុងរាងកាយរបស់គាត់ នៅឆ្នាំ១៩៩១។ ៣ឆ្នាំក្រោយមកទៀត Maradona បង្ករឿងជាថ្មី ដោយប្រើប្រាស់សារធាតុ Ephedrine អំឡុងព្រឹត្តិការណ៍ World Cup ។ យ៉ាងណាក៏ដោយ គាត់បានចូលនិវត្តន៍ នៅឆ្នាំ១៩៩៧ ក្រោយពីការលេងធ្លាក់ចុះ ដោយសារញាំញីដោយរបួស នៅក្នុងប្រទេសកំណើតរបស់ខ្លួន។

ទោះបីជាដើរចេញពីអាជីពជាកីឡាករក្ដី ក៏ Maradona ត្រូវប្រឈមនឹងបញ្ហាសុខភាព ពោលគឺបញ្ហាបេះដូង ដោយលោកបានចូលពេទ្យពីរដង ក្នុងឆ្នាំ២០០០ និង ២០០៤ ។ នៅឆ្នាំបន្ទាប់ គាត់ត្រូវវះកាត់ ទាក់ទងនឹងជំងឺធាត់។

Maradona ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បោះឆ្នោតក្លាយជាកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២០ ដែលបានបង្កភាពចម្រូងចម្រាសជាមួយនឹងតារាឆ្នើមរបស់ប្រេស៊ីល គឺលោក Pele ។

ឆ្នាំ២០០៨ ជាពេលវេលា ដែលលោក Maradona ទទួលតំណែងជាគ្រូបង្វឹកក្រុមអាហ្សង់ទីន ដែលមានសមាជិកសំខាន់ៗ ដូចជា Lionel Messi ។ តែនៅឆ្នាំ២០១០ អាហ្សង់ទីន បានត្រឹមខកចិត្ត ក្រោយចាញ់ អាល្លឺម៉ង់ នៅវគ្គ៨ក្រុមចុងក្រោយ World Cup ដោយលទ្ធផល ៤-០ ហើយកុងត្រារបស់លោក Maradona ក៏ត្រូវបានបញ្ចប់៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Biography

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.