Connect with us

ទូតកូរ៉េ សរសើរអត្តចរិត និងការងាររបស់ពលករកម្ពុជា

ទូតកូរ៉េ ថា ពលករខ្មែរធ្វើការបានល្អ និងទទួលការសរសើរពីថៅកែកូរ៉េ

ភ្នំពេញ៖ លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានកោតសរសើរភាពអត់ធ្មត់ព្យាយាមនឹងការងារ គួបផ្សំនឹងអត្តចរិតល្អរបស់ពលករកម្ពុជា ដែលទៅធ្វើការនៅកូរ៉េ ធ្វើឱ្យនិយោជក និងថ្នាក់ដឹកនាំកូរ៉េ ពេញចិត្ត។ ការលើកឡើងដូច្នេះ បានធ្វើឡើងក្នុងពេលជូនដំណើរពលករកម្ពុជាផ្នែកឧស្សាហកម្ម ចំនួន ៣២នាក់ ស្រី២នាក់ ចេញទៅធ្វើការនៅកូរ៉េ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោក អូ ណាក់យ៉ុង បានឱ្យដឹងថា តាមមតិភាគច្រើនពីនិយោជកកូរ៉េ ដែលទទួលយកពលករកម្ពុជា បានឱ្យដឹងថា ពួកគេ ពិតជាមានការពេញចិត្តចំពោះសមត្ថភាពការងារ និងភាពអត់ធ្មត់នឹងការងាររបស់ពលករកម្ពុជាយ៉ាងខ្លាំង។ លោកបានបន្ដថា ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នឹងខិតខំជំរុញរដ្ឋាភិបាលកូរ៉េ ឱ្យជួយបង្កើនកូតា ទទួលពលករកម្ពុជា ឱ្យទៅធ្វើការនៅសាធារណរដ្ឋកូរ៉េបន្ថែមទៀត ឱ្យបានកាន់តែច្រើន។

មកដល់បច្ចុប្បន្ន កម្ពុជា បានបញ្ជូនពលករ របស់ខ្លួនទៅធ្វើការនៅសាធារណរដ្ឋកូរ៉េប្រមាណជាង ៦ម៉ឺននាក់ ភាគច្រើនធ្វើការលើផ្នែក ឧស្សាហកម្ម បន្ទាប់មកមាន ផ្នែកកសិកម្ម និងសំណង់៕

ប្រភព៖ AKP

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.