Connect with us

រឿងដ៏គួរចាប់អារម្មណ៍ ១០ យ៉ាងរបស់ទីក្រុងហុងកុង

គ្រាន់តែចំនួនប្រជាជនទីក្រុងដ៏តូចមួយនេះ ស្មើជិតពាក់កណ្ដាលនៃប្រជាជនប្រទេសកម្ពុជា!

ទីក្រុងហុងកុង ជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ និងជាទីក្រុងដ៏ទំនើបប្រចាំទ្វីបអាស៊ី។ ទីនេះ បានទាក់ទាញទេសចររាប់លាននាក់ ក្នុងមួយឆ្នាំៗ។ ក៏ប៉ុន្តែ ថ្មីៗនេះ ហុងកុង បានជាប់គាំងដោយសារវិបត្តិនយោបាយ បន្ទាប់ពីរដ្ឋបាលក្រុងហុងកុង ចេញសេចក្ដីព្រាងច្បាប់ ដែលបានបង្កឱ្យការតវ៉ាទ្រង់ទ្រាយធំ ពីសំណាក់ប្រជាជនហុងកុង។

ខាងក្រោមនេះ ជាការពិតដ៏គួរឱ្យចាប់អារម្មណ៍របស់ទីក្រុងហុងកុង៖

១- ហុងកុង ជាតំបន់ស្វយ័ត ដែលមានឈ្មោះពេញថា “តំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន” និងមានផ្ទៃក្រឡា ១១០៨ ម៉ែត្រការ៉េ ឬ ធំជាងប្រទេសសិង្ហបុរី ២ដង។

២- ហុងកុង មានអគារខ្ពស់ៗ (លើសពី ១៤ជាន់) ច្រើនជាងគេនៅលើពិភពលោក អគារខ្ពស់ មានជាង ១២០០ អគារ ឬ ច្រើនជាងទីក្រុងញូវយ៉ក ៤ដង។

៣- ហុងកុង ជាទីក្រុងនៃរថយន្តទំនើប រ៉លស៍ រ៉យស៍ (Rolls Royce) ដោយមានប្រជាជនជិះ រ៉លស៍ រ៉យស៍ ច្រើនជាងទីក្រុងណាៗ ទាំងអស់ នៅលើពិភពលោក។

៤- ហុងកុង ជាស្រុកកំណើតរបស់កំពូលស្ដេចក្បាច់គុនកុងហ្វូ និងតារាភាពយន្ត លី សៀវឡុង (Bruce Lee) និង តារាសម្ដែងដ៏ល្បី ឈិន ឡុង (Jackie Chan) ដោយរឿងរបស់ពួកគាត់ ត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តគ្រប់ទីកន្លែង។

៥- ខ្សែរ៉ត មានប្រវែងជិត ៦គីឡូម៉ែត្រ ដែលជាខ្សែរ៉តវែងបំផុតនៅទ្វីបអាស៊ី ស្ថិតនៅទីក្រុងហុងកុង។ ជិះខ្សែរ៉តនេះ គេអាចទស្សនាទេសភាពដ៏ស្រស់ត្រកាល ៣៦០ដឺក្រេ របស់ទីក្រុងហុងកុង។

៦- ហុងកុង មានប្រជាជនសរុបចំនួនជាង ៧លាននាក់ ឬ ស្មើជិតពាក់កណ្ដាលចំនួនប្រជាជននៃប្រទេសកម្ពុជា។ ដូច្នេះ ហុងកុង ជាទីក្រុងដែលមានការប្រមូលផ្ដុំយ៉ាងចង្អៀតបំផុត នៅលើពិភពលោក។

៧- ហុងកុង ជាមាតានៃ ខ្សែអុបទិក។ លោក Charles Kao គឺជាស្ថាបនិក ដែលរកឃើញ ខ្សែអុបទិក ដែលលោកបានឈ្នះពានរង្វាន់ណូបែល ផ្នែករូបវិទ្យា កាលពីឆ្នាំ២០០៩។

៨- ប្រជាជនហុងកុង មានកម្រិត IQ ជាមធ្យម ខ្ពស់បំផុតនៅលើពិភពលោក។

៩- ការធ្វើដំណើររបស់ប្រជាជននៅហុងកុង ប្រមាណ ៩០% ឬ ប្រហែល ៥លាននាក់ ពឹងផ្អែកលើមធ្យោបាយធ្វើដំណើរសាធារណៈ។

១០- ហុងកុង បានស្ថិតក្រោមអាណានិគមអង់គ្លេស អស់រយៈពេល ១៥៦ឆ្នាំ មុននឹងអង់គ្លេស បានប្រគល់ ទីក្រុងនេះ ទៅឱ្យចិនវិញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧។ ចាប់ពីពេលនោះមក ហុងកុង ស្ថិតក្រោមការគ្រប់គ្រងរបស់ចិន តាមរយៈគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” ។ ដូច្នេះ ចិនអាចគ្រប់គ្រងលើវិស័យយោធា និងនយោបាយរបស់ហុងកុង៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.