Connect with us

ក្រុមហ៊ុនសិង្ហបុរី ស្នើបង្កើតទីក្រុងឆ្លាតវៃ នៅភ្នំពេញ

ក្រុមហ៊ុនសិង្ហបុរី ស្នើបង្កើតទីក្រុងឆ្លាតវៃ នៅភ្នំពេញ

សិង្ហបុរី៖ ក្រុមហ៊ុនបច្ចេកវិទ្យា Limestone របស់ប្រទេសសិង្ហបុរី បានដាក់សំណើដើម្បីសាងសង់ទីក្រុងឆ្លាតវៃ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ គម្រោងនេះ ត្រូវបានរាយការណ៍ថា នឹងសាងសង់លើផ្ទៃដី ១០០ហិកតា ដែលអាចទាក់ទាញអ្នកចូលមករស់នៅប្រហែល ២សែននាក់។

គម្រោងទីក្រុងឆ្លាតវៃនេះ នឹងមានផ្សារទំនើប ការិយាល័យ ទីធ្លា ហាងលក់ទំនិញ មជ្ឈមណ្ឌលសន្និបាតសម្រាប់រៀបចំព្រឹត្តិការណ៍ធំៗ និងគ្រឹះស្ថានអប់រំ។ លោក James Hodge នាយកក្រុមហ៊ុនអចលនទ្រព្យ CBRE បានអះអាងថា បច្ចេកវិទ្យាឆ្លាតវៃ នៅភ្នំពេញ អាចបើកភ្លើងខៀវសម្រាប់ឱកាសធំៗ នៅពេលអនាគត។

អ្នករស់នៅទីក្រុងឆ្លាតវៃនេះ អាចប្រើប្រាស់លិខិតឆ្លងដែនឌីជីថល ដែលអាចអនុញ្ញាតឱ្យពួកគេ ចេញចូលទីក្រុងឆ្លាតវៃ បានយ៉ាងងាយស្រួល។ ប្រាក់អេឡិចត្រូនិក នឹងត្រូវបានបង្កើតឡើង ដើម្បីប្រើប្រាស់ក្នុងទីក្រុងឆ្លាតវៃនេះ។

សូមជម្រាបថា នេះមិនមែនជាគម្រោងទីមួយរបស់ក្រុមហ៊ុនសិង្ហបុរី Limestone នោះទេ។ ក្រុមហ៊ុន មានគម្រោងបង្កើតទីក្រុងឆ្លាតវៃ នៅបណ្ដាប្រទេសអាស៊ីដទៃទៀត រួមមាន ហ្វីលីពីន និងម៉ាឡេស៊ី ផងដែរ។

កម្ពុជា បានដាក់ទីក្រុងចំនួន ៣ រួមមាន រាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ជាទីក្រុងគំរូសម្រាប់គម្រោងទីក្រុងឆ្លាតវៃអាស៊ាន Asean Smart Cities Network (ASCN) ៕

ប្រភព៖ Business Times

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.