Connect with us

Felix៖ យើង កំពុងបង្រៀនពួកគេ ឱ្យក្លាយជាមនុស្សអត្តចរិតល្អ មិនមែនកីឡាករល្អទេ

Felix៖ យើង កំពុងបង្រៀនពួកគេ ឱ្យក្លាយជាមនុស្សអត្តចរិតល្អ មិនមែនកីឡាករល្អទេ

ភ្នំពេញ៖ លោក Felix Dalmas គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា ការពិតទៅ ក្រុមការងាររបស់លោក កំពុងខិតខំប្រឹងប្រែងដើម្បីផ្ដល់ដំបូន្មានណែនាំ កីឡាករកម្ពុជា ឱ្យក្លាយជាមនុស្សដែលមានអត្តចរិតល្អ មិនមែនជាកីឡាករល្អនោះទេ។

ថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតដែលកម្ពុជា ស្មើគ្នាជាមួយហុងកុង ដោយលទ្ធផល ១-១ នៅវគ្គជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup កាលពីម្សិលមិញ លោក Felix បាននិយាយដូច្នេះថា៖ “នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ ពួកយើង បានយកចិត្តទុកដាក់ទាំងក្នុង និងក្រៅទីលាននូវសកម្មភាពរបស់កីឡាករពួកយើង។ ណែនាំបង្រៀនឱ្យពួកគេក្លាយជាមនុស្សល្អ មិនមែនកីឡាករទេ ព្រោះសកម្មភាពខាងក្រៅរបស់ពួកគេ វាទាក់ទងនឹងសកម្មភាពខាងក្នុងទីលាន។ ខ្ញុំគិតថា ប្រជាជនកម្ពុជា គឺជាមនុស្សដែលមានអត្តចរិត និងចិត្តល្អ ពួកគេចេះធ្វើការជាមួយគ្នា ដូច្នេះ ក្រុមរបស់យើង គួរតែយកចំណុចនេះមកពិចារណា ហើយនេះជាអ្វីដែលខ្ញុំចង់ប្រាប់ទៅកីឡាកររបស់យើង។ ពួកគេ ជាមនុស្សឆ្លាត និងមានការខិតខំប្រឹងប្រែង ជាពិសេសពួកគេ ជឿជាក់លើអ្វីដែលពួកយើងកំពុងធ្វើ។ នេះជាដំណើរការនៃការអភិវឌ្ឍរបស់យើង”។

លោក Felix បានឱ្យដឹងដែរថា លោកបានបង្កើតក្រុមមួយដែលចេះយល់ចិត្តគ្នា សហការគ្នា ដើម្បីលេងជាក្រុម ហើយលោកពិតជាពេញចិត្តនឹងអ្វីដែលកូនក្រុមរបស់លោក បានបង្ហាញក្នុងការប្រកួតទល់នឹងហុងកុង។

គួរជម្រាបថា សម្រាប់ការប្រកួតបន្ទាប់ កម្ពុជា នឹងទទួលក្រុម បារ៉ែន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ បារ៉ែន បានប្រកួតស្មើជាមួយអ៊ីរ៉ាក់ ដោយលទ្ធផល ១-១ ផងដែរកាលពីប្រកួតទីមួយ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.