Connect with us

Honda ផ្ញើសារទៅបរទេស ឱ្យឈប់មើលស្រាលទម្រង់លេងកម្ពុជា

នេះហើយជាផ្នត់គំនិត ដែលប្រជាជនកម្ពុជា ចង់បានលោក Honda !

ភ្នំពេញ៖ អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩  បានបញ្ចេញសារមួយនៅក្នុងបណ្ដាញសង្គម Instagram ជូនចំពោះបរទេស ដែលតែងតែនិយាយថា កម្ពុជា នឹងលេងចតឡានក្រុង (លេងការពារ) ទល់នឹងក្រុមដែលមានកម្រិតខ្ពស់ជាងខ្លួន ដោយលោកអះអាងថា ពីពេលនេះតទៅ “ក្រុមយើង មិនលេងបែបនេះ (ការពារ) ទេ”។

ការលើកឡើងរបស់អ្នកចាត់ការជប៉ុនរូបនេះ បានធ្វើឡើងបន្ទាប់ពីមានការចោទជាសំណួរមកកាន់រូបលោកថា នៅក្នុងការប្រកួតបន្ទាប់ ពេលកម្ពុជា ប៉ះបារ៉ែន ដែលជាក្រុមខ្លាំងមួយ ទាំងគុណភាព ទាំងចំណាត់ថ្នាក់ FIFA, កម្ពុជា នឹងលេងការពារពេញ ៩០នាទី ហើយចាំតែលេងវាយបកប៉ុណ្ណោះ មែនដែរឬទេ?។

លោក Honda បន្តថា៖ “ខ្ញុំមិននិយាយពីគុណភាពទេ។ ខ្ញុំចង់និយាយពីត្រង់នេះ (ភាពក្លាហាន)។ សូមកុំខ្លាច។ ម្ដងទៀត មិនមែនគុណភាពទេ។ ខ្ញុំអត់ខ្វល់ពីកំហុសក្នុងការប្រកួតទេ ហើយខ្ញុំក៏មិនធ្លាប់និយាយទៅកាន់អ្នកទាំងអស់គ្នាពីកំហុសដែរ។ តែបើក្រុមយើងលេងដោយភាពភ័យខ្លាច ខ្ញុំច្បាស់ជាខឹងហើយ។ បើអ្នកទាំងអស់គ្នាលេងតាមរបៀបរបស់យើង ខ្ញុំនឹងសរសើរ។ នេះជាអត្តសញ្ញាណរបស់យើង។ នេះជាវិន័យរបស់យើង”។

គួររំឭកថា អ្នកគាំទ្រជាច្រើន បានបង្ហាញការស្ងើចសរសើរចំពោះភាពប្លែករបស់ក្រុមគោព្រៃកម្ពុជា កាលពីប៉ះហុងកុង ដែលបញ្ចប់ដោយលទ្ធផល ១ ទល់នឹង ១ នៅវគ្គជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup Qatar 2022 ។ ទោះបីជា ហុងកុង មានកីឡាករមាឌធំ និងខ្ពស់ៗ ជាងខ្លួនក្ដី ក៏កីឡាករកម្ពុជា អាចគ្រប់គ្រងការប្រកួតបានយ៉ាងល្អ ដោយលេងបាល់ក្រោម ព្យាយាមមិនឱ្យខូចបាល់ និងបង្កើតឱកាសបានច្រើនជាងហុងកុង។ នេះជាទម្រង់ដ៏ប្លែកភ្នែកមួយសម្រាប់អ្នកគាំទ្រកម្ពុជា និងបរទេស។

ជុំវិញទម្រង់ ឬ ស្ដាយល៍លេងនេះ លោក Honda បានគូសបញ្ជាក់ផងដែរថា ចាប់ពីពេលនេះតទៅ កម្ពុជា នឹងរក្សាការលេងរបៀបនេះ ដោយត្រូវអភិវឌ្ឍឱ្យកាន់តែប្រសើរថែមទៀត៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.