Connect with us

អ្នកគាំទ្រ បង្ហាញការពេញចិត្ត ទោះកម្ពុជា ចាញ់បារ៉ែន

ជូនចំពោះលោក Honda និង Felix !

ភ្នំពេញ៖ កម្ពុជា បានបរាជ័យក្រោមថ្វីជើង បារ៉ែន ដោយលទ្ធផល ១-០ ក្នុងការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup Qatar 2022 កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ ទោះបីជា កម្ពុជា មិនអាចយកជ័យជម្នះលើក្រុមបារ៉ែនក៏ដោយ ក៏អ្នកគាំទ្រភាគច្រើន បានបញ្ចេញមតិនានានៅលើបណ្ដាញទំនាក់ទំនងសង្គម ដើម្បីបង្ហាញពីការពេញចិត្ត និងបន្តគាំទ្រក្រុមគោព្រៃកម្ពុជា។

បើគិតពីចំណាត់ថ្នាក់ FIFA កម្ពុជា គឺមានកម្រិតទាបជាងគេ ក្នុងពូល ធៀបទៅនឹងក្រុមហុងហុង បារ៉ែន អ៊ីរ៉ង់ និង អ៊ីរ៉ាក់។ យ៉ាងណាក៏ដោយ កម្ពុជា នៅតែព្យាយាមដើម្បីឆក់យកពិន្ទុពីក្រុមខ្លាំង ក្នុងនោះ កម្ពុជា ឆក់បាន ១ពិន្ទុ ពីហុងកុង កាលពីប្រកួតបើកឆាក ដែលស្មើគ្នាដោយលទ្ធផល ១ ទល់នឹង ១ ។

ហ្វេនកម្ពុជាម្នាក់ បានសរសេរថា៖ “ការលេងយប់នេះ (ទល់នឹងបារ៉ែន) បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា ឥឡូវខ្លាំងជាងមុនឆ្ងាយមែនទែន សម្រាប់លទ្ធផល គ្មានអ្វីជាបញ្ហាឡើយ យើងនៅតែជឿជាក់ និងគាំទ្រជានិច្ច អស្ចារ្យមែនទែន គោព្រៃកម្ពុជា។”

មិនខុសពីប្រកួតទល់នឹងហុងកុង ក្រុមកម្ពុជា ពិតជាបង្ហាញឱ្យឃើញពីភាពប្លែកនៃទម្រង់លេង ដែលប្រកបដោយភាពក្លាហាន និងជឿជាក់ក្នុងការលេង បើទោះជាដឹងថា គូប្រកួត មានកម្រិតគុណភាពប្រសើរជាងខ្លួនក៏ដោយ។

ក្រោយចប់ការប្រកួត លោក Helio Sousa គ្រូបង្គោលបារ៉ែន បានសរសើរក្រុមកម្ពុជាថា៖ “កម្ពុជា គឺជាក្រុមដែលល្អមែនទែន ជាក្រុមមួយដែលកំពុងមានការអភិវឌ្ឍ ដោយពួកគេ ព្យាយាមលេងបាល់ រក្សាបាល់ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកយើងបានព្យាយាមកែប្រែស្ថានភាពបាន”៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.