Connect with us

មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច

មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច

ការចាក់វ៉ាក់សាំងរបស់ទារកតាមគោលការណ៍ថ្នាក់ជាតិ គឺជារឿងសំខាន់បំផុត ដែលម៉ាក់ប៉ា គួរតែយកចិត្តទុកដាក់។ មិនត្រឹមតែយកចិត្តទុកដាក់នាំទារកទៅចាក់វ៉ាក់សាំងនោះទេ ក៏ប៉ុន្តែក្រោយចាក់រួចម៉ាក់ប៉ា ក៏ត្រូវតែមើលថែកូនមួយកម្រិតទៀតដែរ ព្រោះពេលចាក់រួច ប្រភេទវ៉ាក់សាំងខ្លះ អាចធ្វើឱ្យកូនមានផលរំខានដូចជាក្ដៅខ្លួនជាដើម។

នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ៖

១- ទារកទើបកើត នឹងទទួលបានវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ និងវ៉ាក់សាំងការពារជំងឺរបេងភ្លាមៗ ហើយក្រោយពីចាក់រួចទារក អាចមានអាការក្ដៅខ្លួន ១-២ ថ្ងៃ។ ប៉ុន្មានថ្ងៃក្រោយមកទៀត កន្លែងចាក់វ៉ាក់សាំងនោះ អាចលេចចេញស្នាមក្រហម និងកន្ទួលផងដែរ។

២- ទារកអាយុ ១ ខែកន្លះ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង (បន្តក់) វ៉ាក់សាំងការពារជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស រលាកថ្លើមប្រភេទបេ រលាកសួត-ស្រោមខួរ និងហ៊ីប និងវ៉ាក់សាំងការពារជំងឺរលាកសួត-រលាកស្រោមខួរដោយភ្នើម៉ូកូក។ ក្រោយចាក់ ជាតិថ្នាំអាចធ្វើឱ្យទារកភាគច្រើនមានអាការៈក្ដៅខ្លួន ហើយគប្បីជូតខ្លួនកូននឹងទឹកក្ដៅឧណ្ហៗ និងឱ្យថ្នាំបញ្ចុះកម្ដៅតាមវេជ្ជបញ្ជា។

៣- ទារកអាយុ ២ ខែកន្លះ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺច្រើនមុខដូចកាល ១ ខែកន្លះដែរ ហើយផលរំខានរបស់ថ្នាំ គឺអាចបណ្ដាលឱ្យកូនក្ដៅខ្លួនយ៉ាងហោចណាស់ ១-៣ ថ្ងៃដែរ។

៤- ទារកអាយុ ៣ ខែកន្លះ ក្រៅពីចាក់រម្លឹកនូវវ៉ាក់សាំងទាំងប៉ុន្មានមុខដូចកាល ២ ខែកន្លះហើយ ត្រូវបន្ថែមវ៉ាក់សាំងគ្រុនស្វិតដៃជើងប្រភេទចាក់ដល់កូនទៀតផង។ ចំពោះផលរំខានថ្នាំវិញ អាចនឹងក្ដៅខ្លួនដូចវ៉ាក់សាំងមុនៗដែរ។

៥- ទារកអាយុ ៩ ខែកន្លះ នឹងទទួលបានវ៉ាក់សាំងការពារជំងឺ ២ មុខ គឺវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលលើកទី១ និងជំងឺរលាកខួរក្បាលជេអ៊ី ហើយថ្នាំប្រភេទនេះ ភាគច្រើនមិនបណ្ដាលឱ្យកូនក្ដៅខ្លួនទេ។

៦- ទារកអាយុ ១៨ ខែ ជាការចាក់វ៉ាក់សាំងថ្នាក់ជាតិលើកចុងក្រោយ ហើយកូន នឹងទទួលបានវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលលើកទី ២។ លើកនេះ ភាគច្រើនក្មេង គ្មានក្ដៅខ្លួនអ្វីនោះទេ។

សូមចំណាំថា ក្រោយវ៉ាក់សាំងទារកអាចមានលេចស្នាមដុំៗនៅត្រង់មុខរបួស ប៉ុន្តែម៉ាក់ៗគប្បីកុំយកដៃទៅស្ទាប ឬយកប្រេងកូឡាទៅលាបពីលើ ព្រោះនាំឱ្យមានបញ្ហាផ្សេងវិញទៀតដូចជា ប៉ោង ឬក្លាយមុខរបួសទៅជាខ្ទុះ។ ម៉្យាងទៀត ប្រសិនបើកូនដល់ថ្ងៃណាត់ចាក់វ៉ាក់សាំង បែរជាគ្រុនក្ដៅ ត្រូវលើកពេលសិន រង់ចាំរហូតដល់ក្មេងបាត់គ្រុនក្ដៅសិន ទើបអាចចាក់ថ្នាំបង្ការបន្តទៀតបាន៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com