Connect with us

ចិន ទាមទារយកខ្លាឃ្មុំ Panda វិញ ព្រោះថៃ មិនយកចិត្តទុកដាក់ថែទាំ នាំឱ្យស្លាប់

ចិន ខឹងថៃ ដែលធ្វើឱ្យខ្លាឃ្មុំ Panda របស់ពួកគេ ស្លាប់

ចិន៖ ប្រជាជនចិន ដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Weibo បានបង្ហាញពីភាពមិនពេញចិត្តចំពោះទង្វើរបស់សួនសត្វមួយ នៅប្រទេសថៃ ដែលខ្វះការយកចិត្តទុកដាក់ថែទាំ សត្វខ្លាឃ្មុំ Panda បណ្ដាលឱ្យស្លាប់មួយក្បាល កាលពីពេលថ្មីៗនេះ។ ពួកគេ ក៏បានទាមទារឱ្យអាជ្ញាធរថៃ ប្រគល់សត្វខ្លាឃ្មុំ Panda ញីមួយក្បាល មកឱ្យអាជ្ញាធរចិនវិញផងដែរ។

នៅសប្ដាហ៍នេះ ខ្លាឃ្មុំ Panda មួយក្បាល ឈ្មោះ Xuang Xuang បានស្លាប់នៅសួនសត្វមួយក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ហើយអាជ្ញាធរចិន បានបញ្ជូនអ្នកជំនាញ ទៅធ្វើកោសល្យវិច័យសពខ្លាឃ្មុំនោះ ដើម្បីស្វែងរកមូលហេតុបណ្ដាលឱ្យវាស្លាប់ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ។ មន្ត្រីសួនសត្វ បានអះអាងថា ពួកគេ បានធ្វើតេស្តឈាមរបស់ខ្លាឃ្មុំនេះ Panda ទាំងឡាយ ជារៀងរាល់ខែ ហើយមិនបានរកឃើញពីជំងឺអ្វីឡើយ។ មុនស្លាប់ ខ្លាឃ្មុំ Panda នោះ បានស៊ីដើមឫស្សី។ អ្នកប្រើប្រាស់បណ្ដាញសង្គមចិន បានអះអាងថា ថៃ មិនមែនជាកន្លែងដ៏ល្អ សម្រាប់ឱ្យ Panda រស់នៅឡើយ។

បច្ចុប្បន្ន សួនសត្វខាងលើ នៅសល់ខ្លាឃ្មុំ Panda ញី មួយក្បាល ឈ្មោះ Lin Hui ដែលពួកវា សុទ្ធតែជាអំណោយដែលរដ្ឋាភិបាលចិន ផ្ដល់ឱ្យរដ្ឋាភិបាលថៃ ដើម្បីជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ជាធម្មតា សត្វប្រភេទនេះ អាចរស់នៅបានចន្លោះពី ១៤-២០ ឆ្នាំ នៅក្នុងព្រៃ ឬ ដល់ ៣០ឆ្នាំ បើមនុស្សចេះថែទាំវាឱ្យបានល្អ។ ពេទ្យសត្វប្រចាំសួនសត្វឈៀងម៉ៃ បានអះអាងថា ការស្លាប់របស់ Xuang Xuang នេះ ដោយសារតែអាយុ។ វាមានអាយុ ១៩ឆ្នាំ បន្ទាប់ពីកើតក្នុងឆ្នាំ២០០០ និងត្រូវបានរដ្ឋាភិបាលចិន ផ្ដល់ជាកាដូឱ្យថៃ កាលពីឆ្នាំ២០០៣៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.