Connect with us

នៅហ្វីលីពីន ផ្ទុះជំងឺគ្រុនស្វិតដៃជើងឡើងវិញ ក្រោយបាត់ជិត ២០ឆ្នាំ

នៅហ្វីលីពីន ផ្ទុះជំងឺគ្រុនស្វិតដៃជើងឡើងវិញ ក្រោយបាត់ជិត ២០ឆ្នាំ

ជំងឺគ្រុនស្វិតដៃជើង បង្កឲ្យក្មេងៗ ប្រឈមនឹងពិការភាព និងឆាប់ស្លាប់ ប៉ុន្ដែវាត្រូវបានលុបបំបាត់អស់រយៈពេលច្រើនឆ្នាំមកហើយ ដោយការចាក់វ៉ាក់សាំងបង្ការ។ ប៉ុន្ដែ ម្សិលមិញ ហ្វីលីពីន ប្រកាសថា ជំងឺគ្រុនស្វិតដៃជើង បានផ្ទុះឡើងវិញ ក្រោយត្រូវលុបបំបាត់ ១៩ឆ្នាំមក។

រដ្ឋមន្រ្តីសុខាភិបាលហ្វីលីពីន Francisco Duque III ថ្លែងក្នុងសន្និសីទថា ក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ បានកើតជំងឺគ្រុនស្វិតដៃជើង នៅខេត្ត Lanao del Sur ហើយវីរុសជំងឺគ្រុនស្វិតដៃជើង ក៏ត្រូវរកឃើញក្នុងលូ នៅក្រុងម៉ានីល និងតាមផ្លូវទឹក នៅតំបន់ Davao ផងដែរ។ ការរកឃើញនេះ គឺគ្រប់គ្រាន់ ដើម្បីប្រកាសពីការផ្ទុះឡើងវិញនូវជំងឺគ្រុនស្វិតដៃជើង ក្នុងប្រទេសហ្វីលីពីន។
អ្នកតំណាងអង្គការ UNICEF ប្រចាំប្រទេសហ្វីលីពីន Oyun Dendevnorov បញ្ជាក់ថា បើក្មេងម្នាក់ បានផ្ទុកជំងឺគ្រុនស្វិតដៃជើងហើយ ក្មេងៗផ្សេងទៀតនៅក្នុង និងក្រៅប្រទេស ក៏ប្រឈមនឹងការឆ្លងជំងឺនេះដែរ។
ពាក់ព័ន្ធករណីនេះ អង្គការសុខភាពពិភពលោក (WHO) និងអង្គការ UNICEF ចេញសេចក្តីប្រកាសព័ត៌មានរូមគ្នាមួយ បង្ហាញពីកង្វល់ ដោយសារករណីនេះ បណ្ដាលមកពីវីរុសជំងឺគ្រុនស្វិតដៃជើង ដែលកើតចេញពីវ៉ាក់សាំង ប្រភេទ ២។ ជាធម្មតា វីរុសដែលប្រើក្នុងវ៉ាក់សាំង វាចូលទៅក្នុងពោះវៀនរបស់កុមារក្នុងរយៈពេលខ្លី ហើយក្រោយមក វាចេញមកវិញតាមលាមក។ ប៉ុន្ដែក្នុងករណីកម្រ វីរុសនេះ អាចពង្រឹងការវិវត្តខ្លួន នៅតំបន់ដែលមានអនាម័យខ្សោយ ហើយក្មេងៗដែលទទួលបានវ៉ាក់សាំងមិនត្រឹមត្រូវ ងាយរងគ្រោះដោយសារវីរុសដែលប្រើក្នុងវ៉ាក់សាំងនេះ។
ជំងឺគ្រុនស្វិតដៃជើង មិនអាចព្យាបាលជាសះស្បើយទេ ប៉ុន្ដែវាអាចបង្ការបានតាមរយៈវ៉ាក់សាំងបង្ការ។ ពាក់ព័ន្ធករណីខាងលើ លោករដ្ឋមន្រ្តីសុខាភិបាល បញ្ជាក់ថា ហ្វីលីពីន នឹងបើកយុទ្ធនាការ ផ្ដល់វ៉ាក់សាំងដល់កុមារអាយុក្រោម ៥ឆ្នាំ នៅខែតុលា ខាងមុខ នៅតាមតំបន់ដែលរកឃើញវីរុសជំងឺគ្រុនស្វិតដៃជើង។
គួរបញ្ជាក់ថា ជំងឺគ្រុនស្វិតដៃជើង ជាជំងឺដែលងាយឆ្លង ដោយឆ្លងពីមនុស្សម្នាក់ ទៅម្នាក់ទៀត តាមរយៈការក្អក ឬ កណ្ដាស់៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.