Connect with us

បកស្រាយបន្ថែម ជុំវិញករណីស្លាប់របស់តារាម៉ូដែល ដែលកំពុងកក្រើកនៅថៃ

បកស្រាយបន្ថែម ជុំវិញករណីស្លាប់របស់តារាម៉ូដែល ដែលកំពុងកក្រើកនៅថៃ

ថៃ៖ ប្រភពសារព័ត៌មាន Bangkok Post បានចុះផ្សាយ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ថា ករណីស្លាប់របស់តារាម៉ូដែល ឈ្មោះ Thitima Noraphanpiphat កាលពីពេលថ្មីៗនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចថៃ ក្នុងនោះ ឈានដល់ការសួរចម្លើយមនុស្ស ១០នាក់ ប្រុស៦នាក់ និងស្រី៤នាក់ ព្រមទាំងម្ចាស់ផ្ទះ នៅខេត្ត Nonthaburi ដែលជនរងគ្រោះបានស្នាក់នៅ។

មនុស្ស ១០នាក់ ដែលត្រូវបានសួរចម្លើយ ក្នុងនោះ មាន ២នាក់ជាប្តីប្រពន្ធ ៣នាក់ជាអ្នកណែនាំផលិតផល និងអ្នកផ្សេងៗទៀត ដែលចូលរួមកម្មវិធី មុនកើតហេតុ។ មកទល់ពេលនេះ គេមិនទាន់អាចចោទប្រកាន់ទៅលើនរណាម្នាក់បាននៅឡើយ។

ប៉ូលិស បានសួរចម្លើយអ្នកទាំង១០ ដែលបានចូលរួមក្នុងពិធីជប់លៀងមួយ នៅស្រុក Bang Bua Thong ដែលជនរងគ្រោះបានចូលរួម ជាមួយជនសង្ស័យម្នាក់ដែលមានអាយុ ២៤ឆ្នាំ ឈ្មោះ Rachadech ភេទប្រុស ដែលជាតារាម៉ូដែលផងដែរ។

សមត្ថកិច្ច កំពុងស្វែងរកការពិតនៅពីក្រោយការស្លាប់របស់តារាសម្ដែងស្រីអាយុ ២៥ឆ្នាំ ដែលមានឈ្មោះក្រៅថា Bell ។ ការសន្និដ្ឋានបឋម បានឱ្យដឹងថា នាងអាចស្លាប់ដោយសារ គាំងបេះដូង ប្រើប្រាស់គ្រឿងញៀនហួសកម្រិត ឬផឹកគ្រឿងស្រវឹងហួសប្រមាណ។ លទ្ធផលនៃការធ្វើកោសល្យវិច័យ មិនទាន់ចេញជាផ្លូវការនៅឡើយទេ ខណៈអ្នកជំនាញស៊ើបអង្កេត ក៏មិនទាន់អាចបញ្ជាក់ថា ករណីនេះជាការ រំលោភសម្លាប់ នោះដែរ។

ចំណែកជនសង្ស័យឈ្មោះ Rachadech ត្រូវបានដោះលែង ក្រោយសាកសួរពីសមត្ថកិច្ច តែនឹងកោះហៅមកសួរចម្លើយបន្ថែមនៅពេលខាងមុខ។

ក្នុងវីដេអូមួយដែលត្រូវបានចែកចាយក្នុងបណ្ដាញសង្គម តារាម៉ូដែល Bell ត្រូវបានឈ្មោះ Rachadech អូសចូលក្នុងបន្ទប់របស់គេ ក្នុងសភាពបាត់បង់ស្មារតី នៅខុនដូមួយ ហើយក្រោយមក គេក៏បានយកនាងចុះមកក្រោមវិញ នៅបន្ទប់អង្គុយលេង ដែលជាទីតាំងសពរបស់នាង ត្រូវបានគេប្រទះឃើញ៕

  • អត្ថបទទាក់ទង :
  • feature
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.