Connect with us

ផ្សារ ទំនើបរបស់ថៃមួយបើកលក់នៅប៉ោយប៉ែតបានប៉ុន្មានថ្ងៃ ពលរដ្ឋថាលក់ថ្លៃជាងនៅបាងកក?

ផ្សារ ទំនើបរបស់ថៃមួយបើកលក់នៅប៉ោយប៉ែតបានប៉ុន្មានថ្ងៃ ពលរដ្ឋថាលក់ថ្លៃជាងនៅបាងកក?

ប៉ោយប៉ែត៖ ផ្សារទំនើបថៃ Big C បានបើកឱ្យប្រជាពលរដ្ឋ ចូលជាវផលិតផលរបស់ខ្លួនជាលើកដំបូង កាលពីថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០១៩ នៅក្រុងប៉ោយប៉ែត ដោយនេះជាផ្សារ Big C ដែលបានលេចរូបរាងឡើងជាលើកដំបូង នៅក្នុងទឹកដីកម្ពុជា។ នេះជាការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ហ្វេសប៊ុកផ្សារទំនើប Big C ។

ការបើកដំណើរការ (Sotf opening) របស់ផ្សារ Big C ប៉ោយប៉ែត បានប្រព្រឹត្តទៅ ក្រោយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC អនុញ្ញាតឱ្យគម្រោងសាងសង់ផ្សារនេះ អាចទៅរួច កាលពី ៨ខែមុន។ គេសង្កេតឃើញថា ថ្ងៃបើកដំបូង មានប្រជាពលរដ្ឋដែលចូលទៅជាវផលិតផល យ៉ាងច្រើនកុះករ។

យ៉ាងណាក៏ដោយ មានប្រជាពលរដ្ឋខ្មែរមួយចំនួន បានបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុកផ្លូវការផ្សារទំនើប Big C ថា សាខាផ្សារនៅប៉ោយប៉ែត លក់តម្លៃថ្លៃជាង ផ្សារ Big C នៅទីក្រុងបាងកក ដែលប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ទៅដល់ទីក្រុងបាងកក បានស្គាល់។ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ថា ផ្សារ “ណែនចូលមិនចុះទេ” ។ ចំណែកម្នាក់ទៀត លើកឡើងថា ទំនិញមានតម្លៃថ្លៃ ដែលមិនអាចទទួលយកបានឡើយ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនផ្សារ Big C បានអះអាងថា តម្លៃទំនិញ គឺតម្រូវតាមអតិថិជន ដែលមានប្រាក់ចំណូល មធ្យម និងទាប ដើម្បីមានលទ្ធភាពជាវផលិតផលជាច្រើនប្រភេទដែលមានតម្លៃសមរម្យ។

គួរបញ្ជាក់ថា Big C បានវិនិយោគទឹកប្រាក់ប្រមាណ ៦,៨លានដុល្លារអាមេរិក សម្រាប់គម្រោងផ្សារ Big C ប៉ោយប៉ែត ដែលបង្កើតការងារឱ្យពលរដ្ឋខ្មែរប្រមាណ ១២០០កន្លែង៕

    

ប្រភព៖ Big C Facebook Page

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.