Connect with us

បាល់ទាត់ នឹងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងសុខភាព ដោយសាររឿងនេះ

បាល់ទាត់ នឹងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងសុខភាព ដោយសាររឿងនេះ

ស្ថាប័នក្បាលម៉ាស៊ីនវិស័យបាល់ទាត់ពិភពលោក ដែលគ្នាយើងខ្លះហៅកាត់ថា FIFA នឹងជួយបង្កើនការយល់ដឹង និងការផ្សព្វផ្សាយអំពីសុខភាពឲ្យបានកាន់តែច្រើន បន្ទាប់ពីស្ថាប័នលំដាប់ពិភពលោកនេះ ចាប់ដៃសហការគ្នាជាមួយ អង្គការសុខភាពពិភពលោក (WHO) ក្នុងអនុស្សារណៈរយៈពេល ៤ឆ្នាំ។

តាមប្រភពព័ត៌មានពី អង្គការសុខភាពពិភពលោក ទិសដៅនៃការសហការគ្នារយៈពេល ៤ឆ្នាំ នឹងជម្រុញការយល់ដឹងសុខភាព តាមរយៈសកម្មភាពទាក់ទងនឹងការលេងបាល់ទាត់ ទៅក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្នុងទម្រង់ជាការកីឡាកម្សាន្ត។
នៅក្នុងឱកាសចុះហត្ថលេខាពីថ្នាក់ដឹកនាំស្ថាប័នទាំងពីរ នៅក្រុងហ្ស៊ឺណេវ ប្រទេសស្វីសថ្មីៗនេះ លោក Gianni Infantino ប្រធានស្ថាប័ន FIFA បានលើកឡើងថា៖ ”បាល់ទាត់ គឺប្រៀបដូចជាភាសាពិសេសមួយ ដែលមនុស្សទូទាំងពិភពលោក អាចយល់គ្នាបាន ហើយដូចនេះ ពួកយើងចង់ ប្រើសកម្មភាព ក៏ដូចជាបណ្តាញបាល់ទាត់ ដើម្បីគាំទ្រលើកកម្ពស់ដល់សុខភាព នឹងធ្វើឲ្យបែបផែនជីវិតរស់នៅប្រកបដោយសុខភាពល្អ។”
ជាមួយគ្នានេះ លោក Adhanom Ghebreyesus ប្រធានស្ថាប័ន WHO ក៏បានលើកដែរថា៖ “WHO មានសេចក្តីសោមនស្សរីករាយ ដែលធ្វើការជាមួយ FIFA ហើយពួកយើងដឹងហើយថា មនុស្សប្រមាណ ជាងពាក់កណ្តាលពិភពលោក ទស្សនាព្រឹត្តិការណ៍ប្រកួតពានបាល់ទាត់ពិភពលោក ២០១៨។ ហើយនេះមានន័យថា ការសហការនេះ គឺជាសក្តានុពលមួយ ដែលជួយឲ្យព័ត៌មានសុខភាពផ្សាយដល់ប្រជាពលរដ្ឋរាប់លាននាក់ និងជម្រុញឲ្យពួកគេទទួលបានបែបផែនជីវិតរស់នៅល្អ ប្រកបដោយសុខភាព។”
ដូចដែលប្រធានស្ថាប័នទាំងពីរបានលើកឡើង ការសហការរបស់ស្ថាប័នដ៏ធំទាំងពីរនេះ នឹងជម្រុញការយល់ដឹងសុខភាពកាន់តែច្រើនជាងមុន ហើយក្នុងនោះ WHO និងផ្តល់ការប្រឹក្សាបច្ចេកទេសជាច្រើនទៅដល់ FIFA ក្នុងការផ្សព្វផ្សាយព័ត៌មានសុខភាព តាមព្រឹត្តិការណ៍នានារបស់បាល់ទាត់៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.