Connect with us

បើឱ្យកូនតូចរៀន ២ វេន ល្អទេ? រៀនឆាប់ចេះអត់?

ម៉ាក់ប៉ាសម័យនេះ ភាគច្រើនបញ្ជូនកូនទៅរៀនតាំងពីអាយុ ២-៣ ឆ្នាំឡើង ហើយព្រោះតែគ្មានពេលវេលាថែទាំដោយត្រូវបំពេញការងារប្រចាំថ្ងៃទៀតនោះ ទើបម៉ាក់ប៉ាតម្រូវឱ្យកូននៅសាលាតាំងពីព្រឹកដល់ល្ងាច។

ការឱ្យកូនរៀនពេញមួយថ្ងៃបែបនេះល្អចំពោះកូនអត់? កូនរៀនឆាប់ចេះមែនអត់?

ទាក់ទិននឹងបញ្ហានេះអ្នកគ្រូ លឹម មួយហ្គិច ជំនួយការគ្រូបរទេសនៅសាលាឯកជនក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា កូនវ័យប៉ុណ្ណេះរៀនតាំងពីព្រឹកទល់ល្ងាច ក៏មិនជាល្អដែរ ព្រោះគ្នាគ្មានពេលសម្រាកបានគ្រប់គ្រាន់ ហើយបើទោះជាសាលាមានកន្លែងស្នាក់នៅពេលថ្ងៃត្រង់ ក៏ក្មេងគេងមិនសូវលក់ស្កប់ដូចនៅផ្ទះឡើយ ដោយសារមានក្មេងដទៃនៅក្បែរ ហើយពួកគេរំខាន។

អ្នកគ្រូវ័យក្មេងខាងលើក៏បានបន្តទៀតថា កូននៅវ័យប៉ុណ្ណេះត្រូវការសម្រាកឱ្យបានច្រើន ដូចនេះហើយម៉ាក់ប៉ាគ្មានពេល ក៏គួរតែឆ្លៀតពេលបាយទទួលកូនចេញទៅផ្ទះ ហើយរៀបចំឱ្យកូនគេង ២ ម៉ោងទើបល្អចំពោះសុខភាព។

ចំណែករឿងរៀនចេះមិនចេះ វាមិនអាស្រ័យលើការរៀន ២ វេននោះទេ ព្រោះរយៈពេល ៦-៧ ម៉ោងនៅសាលា មិនមែនរៀនសុទ្ធសាធទាំងអស់ឡើយ តែមានជាសកម្មភាពហាត់ប្រាណ លេង ហែលទឹក និងការកម្សាន្តដទៃទៀត មិនមែនរាប់លេខអាន ឬសរសេរអក្សររហូតនោះទេ។ ក្មេងចងចាំ និងរៀនពូកែទៅបាន គឺអាស្រ័យលើតិចនិកបង្រៀនរបស់គ្រូ អាណាព្យាបាល បូករួមទាំងក្មេងមានចំណង់ទើបអាចឱ្យការសិក្សាបានរលូន។

មួយវិញទៀត បើពេលរៀនកូនងងុយរហូត ឬហូបចុកមិនឆ្អែតធ្វើឱ្យពួកគេគ្មានសមាធិផ្ចង់លើការសិក្សាដែរ។ សរុបមកវិញ អ្នកគ្រូ លឹម មួយហ្គិច បានបញ្ជាក់ថា ការរៀនតែ ១ វេន សម្រាប់ក្មេង ២-៥ ឆ្នាំ គឺល្អជាង តែសម្រាប់ម៉ាក់ប៉ារវល់ អាចជ្រើសរើសរៀន ២ វេន នេះបាន ឱ្យតែសាលាមានស្ដង់ដា៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.