Connect with us

ក្រោយមានការលែងកូនក្រពើនៅកសិន្ធុប្រាសាទអង្គរវត្ត ពេលនេះអាជ្ញាធរ កំពុងតាមចាប់កូនក្រពើនោះហើយ

សៀមរាប៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានការណែនាំពីលោកអភិបាលខេត្តសៀមរាប ក្រុមការងារចម្រុះរដ្ឋបាលខេត្ត អាជ្ញាធរអប្សរា មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានចុះពិនិត្យកន្លែងដែលបានលែងកូនក្រពើ និងរកមធ្យោបាយដើម្បីតាមចាប់កូនក្រពើតូច បណ្ដោយប្រហែល ៤០សង់ទីម៉ែត្រ ដែលបានលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ប៉ែកខាងកើត កាលពីបីថ្ងៃមុន។

ក្រោយពីបានចុះដល់ទីតាំង និងបានពិនិត្យជាក់ស្ដែងរួចមក លោកនាយករដ្ឋបាលសាលាខេត្ត បានសុំឱ្យអាជ្ញាធរអប្សរា សហការជាមួយក្រុមការងារជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តកិច្ចការតាមចាប់កូនក្រពើនេះ ដោយប្រើប្រាស់កម្លាំងមន្ត្រីជំនាញតាមប្រមាញ់ ២៤ម៉ោងលើ ២៤ម៉ោង ពិសេសពេលកូនក្រពើតូចនេះ ចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត។

តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះ នៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញ នឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយការដាក់សន្ទូច ឬការអូសមង ឬ ការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។ អាជ្ញាធរ បានអំពាវនាវដល់សាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះ នៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ច នឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.