Connect with us

គូ ម៉ាឡេស៊ី ប៉ះ ថៃ ជាការប្រកួតដ៏ជក់ចិត្ត ដែលស្មើនឹងការប្រកួតរបស់កម្ពុជា ទល់នឹងប្រ៊ុយណេ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃកាត់សេចក្ដីថាតើក្រុមណា នឹងអាចដណ្ដើមយកលេខ១ និង ២ ដែលជាលទ្ធផលចុងក្រោយ សម្រាប់ការប្រកួត AFC U-19 Championship 2020 Qualifiers ពូល G នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ឆ្លងកាត់ ៣ប្រកួតកន្លងទៅ មានតែ ៣ក្រុមប៉ុណ្ណោះ ដែលអាចមានសង្ឃឹមឡើងទៅវគ្គបន្ត ពានរង្វាន់ AFC U-19 Championship 2020 គឺក្រុម ម៉ាឡេស៊ី កម្ពុជា និងថៃ។ ម៉ាឡេស៊ីមាន ៩ពិន្ទុ កម្ពុជាមាន ៦ពិន្ទុ ខណៈ ថៃមាន ៦ពិន្ទុ។ នៅថ្ងៃទី១០ ខែវិច្ឆិកា ម៉ាឡេស៊ី នឹងត្រូវប៉ះ ថៃ ខណៈ កម្ពុជា ទទួលស្វាគមន៍ ប្រ៊ុយណេ នៅក្នុងការប្រកួតទី៤ និងជាការប្រកួតចុងក្រោយនៃវគ្គនេះ។

ស្របពេលជំនួបកម្ពុជា និង ប្រ៊ុយណេ ហាក់មិនសូវជាការព្រួយបារម្ភ ប្រិយមិត្តកម្ពុជា បានងាកទៅចាប់អារម្មណ៍នូវការប្រកួតរវាងម៉ាឡេស៊ី និង ថៃ ដែលក្រុមទាំងពីរ ត្រូវការឈ្នះរៀងៗខ្លួន។ ប្រិយមិត្តកម្ពុជា បានរំពឹងថា ម៉ាឡេស៊ី នឹងឈ្នះ ថៃ (ក្នុងករណីកម្ពុជា ស្មើជាមួយ ប្រ៊ុយណេ) ឬ ម៉ាឡេស៊ី ស្មើជាមួយ ថៃ (ក្នុងករណី កម្ពុជា ឈ្នះ ប្រ៊ុយណេ) ដោយលទ្ធផលទាំងនេះ នឹងធ្វើឱ្យកម្ពុជា រក្សានៅចំណាត់ថ្នាក់លេខ២ដដែល។

យ៉ាងណាមិញ ក្នុងករណី បើថៃ ឈ្នះ ម៉ាឡេស៊ី ហើយកម្ពុជា ស្មើជាមួយ ប្រ៊ុយណេ នោះកម្ពុជានឹងធ្លាក់មកលេខ៣ ប៉ុន្តែ បើ ថៃឈ្នះម៉ាឡេស៊ី ឯកម្ពុជា ឈ្នះប៊្រុយណេ ដូចនេះក្រុមទាំងបី ម៉ាឡេស៊ី កម្ពុជា និង ថៃ នឹងមាន ៩ពិន្ទុស្មើគ្នា។ បើគិតតាមរូបមន្តចម្បង Head to Head គឺក្រុមទាំងបីគ្មានក្រុមណាឈរលើក្រុមណាឡើយ ព្រោះកម្ពុជា បានចាញ់ម៉ាឡេស៊ី តែឈ្នះថៃ ហើយ ថៃ ឈ្នះម៉ាឡេស៊ី តែចាញ់កម្ពុជា ដូច្នេះ គេត្រូវសម្រេចដោយយកគ្រាប់បាល់ ក្រុមដែលមានច្រើនជាងគេ ក្នុងការប្រកួតជួបគ្នារវាងក្រុមទាំងបី សម្រាប់កំណត់យកក្រុមលេខ១ លេខ២ និង លេខ៣ ។

សូមជម្រាបថា វគ្គជម្រុះ AFC U-19 Championship 2020 Qualifiers គេយកក្រុមលេខ១ តាមពូលនីមួយៗ ឱ្យបន្តឡើងទៅវគ្គបន្ទាប់ ខណៈក្រុមលេខ២ មានតែ ៤ក្រុមប៉ុណ្ណោះ ក្នុងចំណោមពូលទាំង១១ ដែលមានឱកាសឈានទៅជុំបន្ទាប់ ដោយកំណត់យកក្រុមលេខ២ ដែលមានគ្រាប់បាល់ច្រើនជាងគេ ធៀបនឹងក្រុមលេខ២ ពូលទាំងអស់៕

  

សូមទស្សនវីដេអូ៖

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.