Connect with us

“Pub Street” សៀមរាប នឹងលែងមានការជក់បារី បើប្រសាសន៍រដ្ឋមន្ត្រីទេសចរណ៍ត្រូវបានអនុវត្ត

សៀមរាប៖ ដើម្បីធ្វើឱ្យបរិស្ថានមានភាពស្រស់បំព្រងគួរជាទីមនោរម្យរបស់ភ្ញៀវទេសចរគ្រប់ៗរូប លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញនូវការណែនាំ សំដៅជំរុញឱ្យក្រសួង-ស្ថាប័ន និងអ្នកដែលពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តសៀមរាប ត្រូវចាប់ផ្ដើមការហាមឃាត់ការជក់បារី នៅក្នុងមណ្ឌលកម្សាន្ត “Pub Street” ដែលជាតំបន់ដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧ ស្ដីពីទីក្រុងគ្មានផ្សេងបារី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តសៀមរាប លោករដ្ឋមន្ត្រីទេសចរណ៍ បានលើកឡើងផងដែរថា ក្រៅពីតំបន់ “Pub Street” អ្នកពាក់ព័ន្ធទាំងអស់ គួរតែអនុវត្តការហាមឃាត់ជក់បារីនេះ នៅតាមបណ្ដាសហគមន៍ទេសចរណ៍ផ្សេងៗទៀត ព្រមទាំងនៅតាមកន្លែងធ្វើការ ក៏ដូចជា នៅតាមវត្តអារាមនានា ដើម្បីប្រែក្លាយទីក្រុងសៀមរាបទាំងមូល ជាទីក្រុងដែលគ្មានផ្សែងបារី។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នឹងជួយកសាងសេដ្ឋកិច្ចបៃតង និងសហគមន៍បៃតង។ លើសពីនេះ ការពង្រីកដែនកំណត់នៃបរិស្ថានគ្មានផ្សែងបារី ឱ្យកាន់តែធំទូលាយ នឹងចូលរួមចំណែកលើកកម្ពស់ និងធ្វើឱ្យវិស័យទេសចរណ៍កាន់តែប្រសើរឡើង។

សូមជម្រាបថា ថ្នាំជក់ បានសម្លាប់ប្រជាជនកម្ពុជា ជាង ១ម៉ឺននាក់ជារៀងរាលឆ្នាំ។ រាជរដ្ឋាភិបាល កាលពីឆ្នាំ២០១៥ បានបង្កើតច្បាប់ស្ដីពីការត្រួតពិនិត្យផលិផលថ្នាំជក់ ព្រមទាំងប្រកាសក្រសួង សារាចរ និងសេចក្ដីណែនាំនានា សំដៅប្រែក្លាយកម្ពុជាទាំងមូល ជាប្រទេសគ្មានផ្សែងបារី៕

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.