Connect with us

ទាំងស្រស់ស្អាត ទាំងមានសមត្ថភាព បវរកញ្ញាតំណាងកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍ “បវរកញ្ញាឯកទេសចរណ៍អន្តរជាតិ” ឆ្នាំ២០១៩

ក្នុងខែធ្នូនេះ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិ (Miss Tourism Metropolitan International) ដែលជាកម្មវិធីប្រកួតផ្តោតសំខាន់លើសម្រស់ និងសមត្ថភាព ព្រមទាំងផ្តោតលើទិសដៅទេសចរណ៍នានាផងដែរ។

ក្នុងព្រឹត្តិការណ៍ប្រកួតខាងលើនេះ កាលពីឆ្នាំ២០១៤ កន្លងទៅ ប្រទេសកម្ពុជា ក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះម្តងដែរ ដោយកញ្ញា ហង្ស ម៉ានីតា គឺជាបេក្ខនារីបវរកញ្ញាតំណាងប្រទេសកម្ពុជា និងបានទទួលជ័យលាភីរងទី២ (2nd Runner up)។ ចំណែកនៅឆ្នាំ២០១៩នេះ ប្រទេសកម្ពុជា ក៏បានជ្រើសរើសបវរកញ្ញាប្រកបដោយរូបសម្រស់ សមត្ថភាព និងចំណេះដឹង សម្រាប់តំណាងឱ្យប្រទេសរួចហើយដែរ នោះគឺកញ្ញា ប៉ូគីមថេង សុធីតា ជាអ្នករស់នៅភ្នំពេញ។

គួរជម្រាបថា កញ្ញា ប៉ូគីមថេង សុធីតា គឺជាបវរកញ្ញាម្ចាស់ជ័យលាភីរងទី៣ ក្នុងកម្មវិធីប្រកួត “កញ្ញាឯកចក្រវាលកម្ពុជា” ប្រចាំឆ្នាំ២០១៩ ដោយសារសមត្ថភាព និងចំណេះដឹងទូទៅ ព្រមទាំងការប្រើប្រាស់ភាសាអង់គ្លេសបានល្អ កញ្ញាត្រូវបានជ្រើសរើសឱ្យតំណាងប្រទេសកម្ពុជា សម្រាប់ព្រឹត្តិការណ៍ប្រកួតសម្រស់កញ្ញាឯកទេសចរណ៍អន្តរជាតិ (Miss Tourism Metropolitan) ប្រចាំឆ្នាំ២០១៩នេះ ដោយមានការគាំទ្រពីមហាជនជាច្រើន។

បន្ថែមលើសមត្ថភាព និងចំណេះដឹង បវរកញ្ញា ប៉ូគីមថេង សុធីតា ក៏ជានារីខ្មែរម្នាក់ ដែលមានរូបឆោមលោមពណ៌ស្រស់សោភាសាកសមបំផុត សម្រាប់តំណាងឱ្យប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតខាងលើនេះផងដែរ។ បន្ទាប់ពីបានក្លាយជា បេក្ខនារីតំណាងឱ្យកម្ពុជា កញ្ញា ប៉ូគីមថេង សុធីតា ក៏បានបង្ហាញចំណាប់អារម្មណ៍ឱ្យដឹងដែរថា កញ្ញាពិតជារំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានការជ្រើសរើសមួយនេះ។ នេះជាឱកាសថ្មីមួយទៀតរបស់កញ្ញា និងធ្វើដើម្បីមាតុភូមិខ្លួន ក្នុងការលើកបង្ហាញ និងផ្សព្វផ្សាយពីទិសដៅទេសចរណ៍នានា ក្នុងប្រទេស រាប់ទាំងទឹកដីខេត្តសៀមរាប ទៅដល់ពិភពលោកបានស្គាល់។ ពេលនេះ កញ្ញាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍ប្រកួតនេះហើយ ដោយកញ្ញា នឹងព្យាយាមធ្វើឱ្យបានល្អបំផុត។

គួរឱ្យដឹងដែរថា មុនក្លាយជាបវរកញ្ញាតំណាងជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០១៩នេះ បវរកញ្ញា ប៉ូគីមថេង សុធីតា ក៏ធ្លាប់បានតំណាងឱ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់មួយចំនួនពីមុនមកផងដែរ ដូចជានៅឆ្នាំ២០១៧ ចូលរួមក្នុងកម្មវិធី Miss Tourism World នៅប្រទេសចិន, ឆ្នាំ២០១៨ ក្នុងកម្មវិធី Asia Model Festival នៅប្រទេសកូរ៉េខាងត្បូង និងនៅពេលថ្មីៗនេះ គឺក្នុងព្រឹត្តិការណ៍ប្រកួត Miss Asia Pacific International នៅប្រទេសហ្វីលីពីន ដែលទើបបញ្ចប់កន្លងទៅនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.