Connect with us

ហេតុផល ៥ធំៗ ក្រុមជម្រើសជាតិកម្ពុជា U-22 នឹងអាចយកឈ្នះក្រុមមីយ៉ាន់ម៉ា នៅយប់នេះ

យប់នេះ ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវបំពេញភារកិច្ចជូនជាតិជាលើកទី៣ ដោយត្រូវជួបប្រកួតជាមួយ មីយ៉ាន់ម៉ា នៅម៉ោង ៧យប់ ក្នុងព្រឹត្តិការណ៍ SEA GAMES លើកទី៣០ បន្ទាប់ពីប្រកួតទី១ ស្មើជាមួយម្ចាស់ផ្ទះ ហ្វីលីពីន ១-១ និងលើកទី២ បានយកឈ្នះក្រុម ទីម័រខាងកើត ៥-០។

ហេតុផលទាំង ៥ មានដូចជា៖
១. ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ មានប្រវត្តិយកឈ្នះលើក្រុម មីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ ម្តងរួចមកហើយ ក្នុងលទ្ធផល ២-០ ក្នុងព្រឹត្តិការណ៍ AFF U-22 LG Cup 2019 កាលពីថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

២. កីឡាករកម្ពុជាមានពេលសម្រាក និងប្រមូលផ្តុំហ្វឹកហាត់បានច្រើនជាងក្រុម មីយ៉ាន់ម៉ា ដោយកម្ពុជាបានសម្រាកដល់ទៅ ៤ថ្ងៃ បន្ទាប់ពីបានយកឈ្នះក្រុម ទីម័រខាងកើត ៥-០ កាលពីថ្ងៃ ២៧ ខែវិច្ឆិកា។ ស្របពេល មីយ៉ាន់ម៉ា មានពេលសម្រាកតែ ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការប្រកួតឈ្នះ ទីម័រខាងកើត ៣-១ កាលពីថ្ងៃទី ២៩ ខែវិចិ្ឆកា។

៣. យុទ្ធសាស្ត្រថ្មីរបស់គ្រូបង្វឹក Felix Dalmas ដែល ២ប្រកួតកន្លងទៅ គឺបានផ្លាស់ប្តូរសមាសភាពកីឡាករជម្រើសដំបូងស្ទើរតែទាំងស្រុង ដែលនេះមិនមែនជារឿងងាយស្រួលឡើយ សម្រាប់គ្រូមីយ៉ាន់ម៉ា ក្នុងការមើលជើងកីឡាករ និងរៀបចំក្បួន ទល់នឹងកម្ពុជា។

៤. កីឡាករវ័យក្មេងកម្ពុជា កំពុងពេញកម្លាំង និងកំពុងតែស្រេកឃ្លានជ័យជម្នះ ដោយមានគោលដៅឡើងឱ្យផុតវគ្គជម្រុះក្នុងពូលជាប្រវត្តិសាស្ត្រ ស្របពេលដែលកម្ពុជាមានខ្សែប្រយុទ្ធឆ្នើម លើសអាយុ ២២ឆ្នាំ ២រូប ដែលពោរពេញទៅដោយបទពិសោធន៍នៅជួរមុខ នោះគឺកីឡាករ កែវ សុខផេង និងកីឡាករ រុីង ប៊ុនហៀង។

៥. ក្រុមកម្ពុជា មានកីឡាករទី១២ ដ៏អស្ចារ្យ សូម្បីតែសារព័ត៌មានធំៗនៅលើពិភពលោកក៏ធ្លាប់ចេញផ្សាយចំពោះរឿងនេះ។ អ្នកគាំទ្រកម្ពុជា តែងតែតាមដានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមជម្រើសជាតិខ្លួន មិនថាការប្រកួតក្នុងស្រុក ឬនៅបរទេស ដែលនេះជាកម្លាំងចិត្តមួយដ៏ធំសម្រាប់កីឡាករជម្រើសជាតិ។

តើប្រិយមិត្ត CBS Sport យល់យ៉ាងណាដែរចំពោះហេតុផល ៥យ៉ាងខាងលើ? តើប្រិយមិត្តគិតថា ក្រុមកម្ពុជា អាចយកឈ្នះបានទេនៅរាត្រីនេះ?

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.