Connect with us

ត្រជាក់ពេក ធ្វើឱ្យស្លាប់យ៉ាងតិច ២នាក់ហើយ នៅក្នុងប្រទេសថៃ

សូមប្រជាពលខ្មែរ ថែរក្សាសុខភាពផង!

ថៃ៖ បុរសចំណាស់ចំនួន ២នាក់ បានស្លាប់ កាលពីថ្ងៃអង្គារ ទី៣ និងថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងខេត្ត Nakhon Nayok និងខេត្ត Kalasin ភាគខាងកើត ប្រទេសថៃ ដោយសារតែមិនអាចសម្របខ្លួនទាន់តាមសីតុណ្ហភាពដែលចុះត្រជាក់។

បុរសអាយុ៨១ឆ្នាំ ឈ្មោះ Tep Sa-Ngawong បានស្លាប់នៅព្រឹកថ្ងៃពុធនេះ នៅលើទូក ដែលដាក់នៅខាងក្រៅផ្ទះ នៅខេត្ត Nakhon Nayok ។ គាត់មិនបានដណ្ដប់ភួយឡើយ បណ្ដាលឱ្យត្រជាក់ដល់ស្លាប់។

ចំណែកបុរសចំណាស់ឈ្មោះ Juy Kulsri អាយុ ៨៦ឆ្នាំ ត្រូវបានរាយការណ៍ថា បានពាក់ត្រឹមតែអាវយឺត និងស្លៀកខោខ្លី ហើយគាត់មិនបានដណ្ដប់ភួយ ពេលចូលសម្រាន។ គាត់ក៏បានគាំងបេះដូងស្លាប់ ដោយសារតែត្រជាក់ខ្លាំងពេក។ នេះបើតាមសមត្ថកិច្ចថៃ ខេត្ត Kalasin ដែលបានសាកសួរកូនៗរបស់ជនរងគ្រោះ។ ខេត្តនេះ មានសីតុណ្ហភាពចុះត្រជាក់ដល់ ១៥អង្សាសេ កាលពីថ្ងៃទី៣ ខែធ្នូ។

ក្រោយហេតុការណ៍នេះ ប្រធានមន្ទីរសុខាភិបាលខេត្ត Maha Sarakham ឈ្មោះ Pakee Supsipat បានព្រមាននៅថ្ងៃពុធ ទី៤ ខែធ្នូនេះថា ការចុះត្រជាក់រយៈពេលយូរ អាចបណ្ដាលឱ្យមានហានិភ័យខ្ពស់នៃការស្លាប់ ចំពោះ កុមារក្រោមអាយុ ២ឆ្នាំ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ ជាពិសេសអ្នកមានជំងឺហឺត ឬបញ្ហាតម្រងនោម សរសៃឈាមខួរក្បាល និងបេះដូង។ ទន្ទឹមនេះ អាកាសធាតុត្រជាក់ខ្លាំង អាចបង្កជាជំងឺផ្សេងៗផងដែរ៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.