Connect with us

ភ្ញៀវទេសចរ នឹងត្រូវទិញបណ្ណដើម្បីចូលទស្សនារមណីយដ្ឋានបេងមាលា ចាប់ពីថ្ងៃ១មករា២០២០

សៀមរាប៖ គ្រឹះស្ថានអង្គរ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន ជាតិ អន្តរជាតិ ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរបរទេស ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ គ្រឹះស្ថានអង្គរ ដាក់បញ្ចូលការចូលទស្សនាប្រាសាទបេងមាលា ចូលក្នុងបញ្ចប់រួមជាមួយបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។

យោងតាមសេចក្ដីជូនដំណឹង ស្ដីពីការដាក់បញ្ចូលការចូលទស្សនាប្រាសាទបេងមាលាចូលក្នុងកញ្ចប់រួមជាមួយបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ភ្ញៀវទេសចរបរទេស នឹងត្រូវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដើម្បីអាចចូលទស្សនាប្រាសាទបេងមាលា ដែលមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ដែលមានចម្ងាយ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។

គួរបញ្ជាក់ថា ស្ពានឈើខ្វាត់ខ្វែងនៅក្នុងប្រាសាទបេងមាលា ប្រវែង ២១៥ម៉ែត្រ (រាប់ទាំងជណ្តើរ) ទើបតែត្រូវបានសាងសង់ថ្មីជំនួសស្ពានឈើចាស់ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុន ខាំ សុម៉េត បានបញ្ចប់គម្រោងជាស្ថាពរហើយ កាលពីខែឧសភា ឆ្នាំ២០១៩កន្លងមកនេះ។ ស្ពាននេះបានបង្កើតនូវភាពទាក់ទាញជាខ្លាំង ដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ក្នុងការផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រាសាទ និងផ្តល់ភាពងាយស្រួលក្នុងការទស្សនាសំណង់ស្ថាបត្យកម្មខ្មែរដ៏ធំមួយនេះ។

តម្លៃបណ្ណចូលទស្សនាតំបន់អង្គរសម្រាប់ភ្ញៀវទេសចរបរទេសត្រូវបានបែងចែកជា ៣ ប្រភេទ ក្នុងនោះចំពោះប្រភេទបណ្ណចូលទស្សនា ១ ថ្ងៃ មានតម្លៃ ៣៧ ដុល្លារ, ប្រភេទបណ្ណចូលទស្សនា ៣ ថ្ងៃ មានតម្លៃ ៦២ ដុល្លារ និង មានសុពលភាព ១០ ថ្ងៃ ព្រមទាំងប្រភេទបណ្ណចូលទស្សនា ៧ ថ្ងៃ មានតម្លៃ ៧២ ដុល្លារ និង មានសុពលភាព ១ ខែ ៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com