Connect with us

ថៃ ស្នើឱ្យកម្ពុជា ផ្ដល់បញ្ជីឈ្មោះភ្ញៀវដែលជិះនាវាទេសចរណ៍ Westerdam ដែលមានបំណងឆ្លងចូលទៅក្នុងប្រទេសខ្លួន

ថៃ៖ អាជ្ញាធរអន្តោប្រវេសន៍នៃប្រទេសថៃ បានប្រកាសថា ខ្លួនបានសហការជាមួយអាជ្ញាធរកម្ពុជា ទាក់ទងនឹងនាវាទេសចរណ៍ Westerdam ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយភាគីថៃ បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់នូវបញ្ជីឈ្មោះអ្នកទេសចរដែលជិះនាវា Westerdam ដែលមានបំណងចង់ឆ្លងទៅកាន់ប្រទេសថៃ ព្រមទាំងផ្ដល់លទ្ធផលនៃការពិនិត្យសុខភាពរបស់ពួកគេផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃទី១៣ ខែកុម្ភៈ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកឧត្តមសេនីយ៍ទោ Archayon Kraithong មេបញ្ជាការប៉ូលិសអន្តោប្រវេសន៍ថៃ បានបញ្ជាក់ដូច្នេះថា អ្នកដំណើរលើនាវាទេសចរណ៍ Westerdam ដែលត្រូវបានពិនិត្យសុខភាពឃើញថា មិនមានផ្ទុកវីរុស COVID-19 គួរតែអាជ្ញាធរកម្ពុជា អនុញ្ញាតឱ្យពួកគេធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗ រួមទាំងប្រទេសថៃ ផងដែរ សម្រាប់អ្នកដែលគ្រោងប្រើប្រាស់ជើងហោះហើរប្រទេសថៃ ដើម្បីឆ្ពោះទៅកាន់មាតុប្រទេសរបស់ពួកគេ។
លោកបន្តថា ថៃ បានពង្រាយមន្ត្រីសុខាភិបាល នៅតាមច្រកព្រំដែនអន្តរជាតិទាំងឡាយ រវាងថៃ និងកម្ពុជា ដើម្បីចាំត្រួតពិនិត្យអ្នកដំណើរដែលចុះពីលើនាវា Westerdam រួចចង់ឆ្លងចូលទៅកាន់ប្រទេសថៃ។

សូមរំឭកថា ដើមឡើយ នាវា Westerdam បានស្នើសុំចូលចតនៅកំពង់ផែ Laem Chabang ក្នុងខេត្តឈុនបូរី ប្រទេសថៃ តែត្រូវបានអាជ្ញាធរថៃបដិសេធ បន្ទាប់ពីនាវានេះ ត្រូវបានបដិសេធពីបណ្ដាប្រទេសមួយចំនួន ដូចជា ជប៉ុន កោះតៃវ៉ាន់ ហ្វីលីពីន និងកោះហ្គាំ (របស់សហរដ្ឋអាមេរិក)៕

ប្រភព៖ The Nation

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com