Connect with us

អាមេរិកថា ពលរដ្ឋដែលចុះពីនាវា Westerdam ហើយក្រោយមករកឃើញផ្ទុកវីរុស Covid-19 នៅម៉ាឡេស៊ី មិនទាន់ដឹងឆ្លងពីទីណានោះទេ

អាមេរិក៖ ក្រសួងការបរទេសអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួនបានដឹងពីករណីស្ត្រីដែលជាពលរដ្ឋអាមេរិក អាយុ៨៣ឆ្នាំ ត្រូវបានរកឃើញថា មានផ្ទុកវីរុសកូវីដ១៩ (Covid-19) នៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែខ្លួនមិនអាចសន្និដ្ឋានបានទេថា គាត់បានឆ្លងវីរុសនេះ ពីទីកន្លែងណា ឬ ពេលណានោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

“(គាត់) ត្រូវបានធ្វើរោគវិច្ឆ័យដោយអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី និងបានរកឃើញថា វិជ្ជមាននូវវីរុស   កូវីដ១៩។ ពួកយើងមិនទាន់មានភស្តុតាងគ្រប់គ្រាន់នៅឡើយទេ ដើម្បីកំណត់ពីទីតាំង និងពេលវេលា ដែលអ្នកដំណើររូបនោះឆ្លងវីរុសនេះ”។ នេះបើតាមសម្ដីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។

ស្ត្រីវ័យ ៨៣ឆ្នាំខាងលើ កំពុងសម្រាកព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី។ គាត់ បានចុះពីលើនាវាទេសចរណ៍ Westerdam ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីសប្ដាហ៍មុន បន្ទាប់ពីប្រទេស និងកោះមួយចំនួន បានបដិសេធការសុំចូលចតរបស់នាវាទេសចរណ៍ Westerdam ។ នាវានេះ បានចាកចេញពីទីក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យដឹងទៀតថា អ្នកដំណើរទាំងអស់ដែលបានជិះលើនាវាទេសចរណ៍ Westerdam ត្រូវបានបុគ្គលិកសុខាភិបាលប្រចាំការលើនាវា ធ្វើរោគវិនិច្ឆ័យឃើញថា គ្មានផ្ទុកវីរុសកូវីដ១៩នោះទេ មុននឹងអនុញ្ញាតឱ្យចុះពីលើនាវា នៅកំពង់ផែក្រុងព្រះសីហនុ។ អ្នកដំណើរដែលមានអាការៈជំងឺធម្មតាពេលធ្វើដំណើរនៅលើនាវា ត្រូវបានធ្វើតេស្ត និងអវិជ្ជមាននូវវីរុសកូវីដ១៩។

ក្រុមហ៊ុន Holland America ដែលគ្រប់គ្រងនាវាទេសចរណ៍ Westerdam បានដឹងពីករណីអ្នកដំណើររបស់ខ្លួនម្នាក់ មានផ្ទុកវីរុសកូវីដ១៩។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ត្រីជនជាតិអាមេរិកខាងលើ និងភ្ញៀវទេសចរដទៃទៀតនៅលើនាវាទេសចរណ៍ Westerdam ត្រូវបានធ្វើរោគវិនិច្ឆ័យដើម្បីស្វែងរកអាការៈនៃវីរុស Covid-19 ។ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការងារនេះ ជាមួយអង្គការសុខភាពពិភពលោក និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com