Connect with us

ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង

ភ្នំពេញ៖ បន្ទាប់ពីបានសាកល្បងប្រើប្រាស់ម៉ាស៊ីនទំនើបរបស់ប្រទេសអូទ្រីស ក្នុងការវះកាត់ អ្នកជម្ងឺគ-ថ្លង់ចំនួន ៤នាក់ បានដោយជោគជ័យរួចមក នៅថ្ងៃនេះ មន្ទីរពេទ្យព្រះអង្គឌួង បាន ប្រកាសទទួលធ្វើការវះកាត់អ្នកជម្ងឺគ-ថ្លង់ ដោយតម្លៃទាបជាងនៅក្រៅប្រទេស ។ ការវះកាត់ព្យាបាលនេះ គឺជាកិច្ចសហការគ្នារវាងមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យជំនាញពីប្រទេសកូរ៉េ ។


ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុក លោក លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងអោយដឹងថា ការវះកាត់អ្នកជំងឺគ-ថ្លង់នេះ ទើបតែមានជាលើកដំបូងនៅកម្ពុជា ហើយប្រសិទ្ធិភាពវិញ ធានាថា អាចស្ដាប់ និង និយាយបានដូចមនុស្សធម្មតា ។ រីឯតម្លៃ គឺថោកជាងនៅក្រៅប្រទេស រហូតដល់តែបីដង ដូចនេះ ប្រជាពលរដ្ឋកម្ពុជា ដែលមានសមាជិក គ-ថ្លង់ នឹងទទួលបានឱកាសល្អសម្រាប់ពួកគាត់ហើយ ។
បើតាមនាយកមន្ទីរពេទ្យ នៅម្សិលមិញនេះ មន្ទីរពេទ្យ បានសហការជាមួយក្រុមគ្រូពេទ្យកូរ៉េ ធ្វើការវះកាត់ ដល់កុមារ គ-ថ្លង់ចំនួន៤នាក់ ដោយឥតគិតថ្លៃផងដែរ និងទទួលបានជោគជ័យ ។ ក្នុងនោះ ធ្វើឲ្យឪពុកម្ដាយ និងគ្រួសារ របស់កុមារទាំង៤នាក់នោះ ត្រេកអរយ៉ាងខ្លាំង ពេលឃើញកូនគាត់អាចស្ដាប់បាន នឹងអាចឈាននិយាយបាន ក្នុងពេលឆាប់ៗខាងមុខនេះ។


បន្ទាប់ពីធ្វើការវះកាត់ហើយ អ្នកជម្ងឺអាចស្ដាប់ តែចំពោះការនិយាយមិនទាន់បាននោះទេ ព្រោះគាត់មិនធ្លាប់និយាយ ។ ដូចនេះបន្ទាប់ពីវះកាត់ហើយ ត្រូវបញ្ជូនគាត់ទៅដាក់សាលារៀន គ-ថ្លង់ ដើម្បីឲ្យគ្រូជួយបង្រៀនក្រលាស់អណ្ដាតបន្ដិចម្ដងៗ រហូតដល់និយាយបានដូចមនុស្សទូទៅ ដោយប្រើប្រាស់ពេលក្រលាស់និយាយ យ៉ាងយូរបំផុត៦ខែ ទៅតាមការហាត់រៀន ។
នាយកមន្ទីរពេទ្យអង្គឌួង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសាច់ញាតិមានជំងឺគ -ថ្លង់ ត្រូវមកកាន់មន្ទីរពេទ្យព្រះអង្គឌួង ដើម្បីធ្វើការវះកាត់ឲ្យស្ដាប់ និងនិយាយបាន ដូចមនុស្សទូទៅ ក្នុងរយៈពេលខ្លី និងទទួលជោគជ័យ១០០% ។ នេះជាឱកាសនៃក្ដីសង្ឃឹមរបស់គ្រួសារ និងអ្នកជំងឺផ្ទាល់ ហើយនេះក៏ជាសេចក្ដីសប្បាយរីករាយ ដែលក្រុមគ្រូពេទ្យកម្ពុជា បានខិតខំ និងទទួលបានជោគជ័យក្នុងការជួយព្យាបាលប្រជាពលរដ្ឋយើង បានស្គាល់រសជាតិជីវិតថ្មីមួយផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.