Connect with us

តោះមកមើល បដិវត្ដបង្គន់នៅប្រទេសចិន ដែលបានបង្កើនអនាម័យនៅតាមទីជនបទ

ប្រទេសចិន៖ ជាង៨០ភាគរយនៃទីជនបទ ទូទាំងប្រទេសចិន ចាប់ផ្ដើមមានបង្គន់អនាម័យប្រើហើយ នាពេលបច្ចុប្បន្ន ដោយសារតែរដ្ឋាភិបាលចិន បានធ្វើបដិវត្ដបង្គន់អនាម័យ ដើម្បីការពារនិងគ្រប់គ្រងជំងឺ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសុខភាព និង ការគ្រប់គ្រងបរិស្ថានតាមទីជនបទ។

នៅភូមិ នាវវ៉ាងមាវ នៅកណ្ដាលទីក្រុងប៉េកាំង បង្គន់សាធារណៈមួយ មានបំពាក់ប្រព័ន្ធបញ្ចេញចោលបែបសុញ្ញាកាស ដើម្បីបង្កើនអនាម័យ និងកាត់បន្ថយការប្រើប្រាស់ទឹកដែលលើសលុប ។ បង្គន់នេះ ក៏មានបំពាក់ទៅដោយបច្ចេកវិទ្យា ដែលគេប្រើនៅតាមបង្គន់ក្នុងរថភ្លើងល្បឿនលឿន នៅប្រទេសចិន ផងដែរ ។

លោក សុង ហុងសៀង បុគ្គលិកអង្គភាពកាកសំណល់រឹង នៃគណៈកម្មការគ្រប់គ្រងទីប្រជុំជន ខណ្ឌឆាវយ៉ាង បានអោយដឹងថា បង្គន់សុញ្ញាកាស គឺ សាកសមនឹងតំបន់ខាងជើង ជាពិសេស គឺ ក្រុងប៉េកាំងតែម្ដង ពីព្រោះវាសន្សំសំចៃទឹកបានច្រើនជាង បង្គន់ដែលកាច់ទឹកធម្មតា ។ បង្គន់សុញ្ញាកាសនេះ ប្រើទឹកត្រឹមតែកន្លះលីត្រប៉ុណ្ណោះ ពេលលាងសម្អាតម្ដង ។ ឯបង្គន់កាច់ទឹកធម្មតាវិញ ប្រើទឹកអស់៦លីត្រឯណោះ ក្នុងមួយលើក ។

លោក ចាវ ជិនពីង មន្ត្រី មណ្ឌលសេវាសុខភាពបរិស្ថាន ខ័ណ្ឌឆាវយ៉ាង បានបញ្ជាក់ថា បច្ចេកវិទ្យានេះ ជួយកាត់បន្ថយបញ្ហាស្ទះបង្គន់ ហើយសន្សំទឹកទៀតផង ។ គិតត្រឹមដំណាច់ឆ្នាំ២០១៨ មានបង្គន់សាធារណៈ សរុបចំនួន៥០កន្លែង នៅក្នុងភូមិនេះ សាងសង់ឡើងដោយបំពាក់បច្ចេកវិទ្យាបញ្ចេញចោលបែបសុញ្ញាកាស ។

លោក ចាវ ម៉ា ជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌សម័យចិន នៅសាកលវិទ្យាល័យ វ៉ាស៊ីនតោន កត់សម្គាល់ឃើញថា បើទោះជាបដិវត្ដបង្គន់នៅប្រទេសចិន ត្រូវបានធ្វើឡើងពីដំបូងៗ ដើម្បីគ្រាន់តែជួយបំពេញតម្រូវការរបស់អ្នកទេសចរក៏ដោយ ក៏វាបានបន្ថែមតម្លៃ និងបង្កើនគុណភាពនៃការរស់នៅរបស់ប្រជាជន នៅតាមទីជនបទដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម