Connect with us

កម្ពុជា កំពុងរៀបចំបង្កើតតំបន់ទេសចរណ៍ពិសេស ដោយរំពឹងនឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ អោយស្នាក់នៅបានយូរជាងមុន

ភ្នំពេញ ៖ ក្រសួងទេសចរណ៍និងស្ថាប័នពាក់ព័ន្ធ កំពុងពិភាក្សាគ្នាអំពីការរៀបចំបង្កើតតំបន់ទេស ចរណ៍ពិសេស ដែលរំពឹងថា នឹងក្លាយជាផលិតផលទេសចរណ៍ថ្មី ក្នុងការជំរុញការទាក់ទាញទេសចរបរទេសបន្ថែមទៀត ។
នៅរសៀលថ្ងៃម្សិលម៉ិញនេះ រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ឯកឧត្តម ទិត ចន្ថា បានដឹកនាំ កិច្ចប្រជុំអន្តរដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើតតំបន់ទេសចរណ៍ពិសេសនេះ ។
បើតាមឯកឧត្តម ទិត ចន្ថា បានអោយដឹងថា គោលដៅនៃការបង្កើតតំបន់ទេសចរណ៍ពិសេស គឺជាការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មីៗ ដើម្បីជំរុញការទាក់ទាញទេសចរជាតិ-អន្តរជាតិ ។ ការបង្កើតនេះ ក៏នឹងផ្តល់ឱកាសការងារបង្កើតឱកាសមុខរបរ ប្រាក់ចំណូល ពង្រឹងគុណភាពផលិតផល និង សេវាកម្មទេសចរណ៍ រួមនឹងការពន្យារពេលស្នាក់នៅរបស់ទេសចរ ទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ ។


ឯកឧត្តម ក៏បានអះអាងផងដែរថា ការបង្កើតតំបន់ទេសចរណ៍ពិសេសនេះ គឺផ្តោតជាសំខាន់លើការជំរុញកិច្ចអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច-សង្គមទាំងមូល ហើយក៏ដើម្បីប្រែក្លាយតំបន់ដែលមានសក្កានុពលទេសចរណ៍ ទៅជាតំបន់វេសនដ្ឋានទេសចរណ៍ ឬតំបន់ទេសចរណ៍ពិសេស ដែលជាបណ្តុំផលិតផលសម្បទា សេវាកម្មទេសចរណ៍ និង សេវាកម្មគាំទ្រទេសចរណ៍ដទៃទៀត ។
មានការព្យាករណ៍ថា ទោះបីជាវិស័យទេសចរណ៍កំពុងស្ថិតក្នុងកំណើនជាង ១០% ក្នុងមួយឆ្នាំៗ ដែលជាមោទនភាពសម្រាប់កម្ពុជាក៏ដោយ ក៏វិស័យទេសចរណ៍នឹងថយចុះមកវិញ ប្រសិនបើកម្ពុជាមិនបានបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ។
បច្ចុប្បន្ន វិស័យទេសចរណ៍កម្ពុជា ពឹងផ្អែកភាគច្រើនលើសក្តានុពលវប្បធម៌ ដូចនេះ ដើម្បីស្រូបទាញទេសចរ ឱ្យមានកំណើនកាន់តែខ្ពស់ថែមទៀតនោះ កម្ពុជា គប្បីបង្កើតផលិតផលទេស ចរណ៍ថ្មីៗបន្ថែម និងជាបន្តបន្ទាប់ទៀត ។


គួររំលឹកថា រយៈពេល១០ខែ ឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៤.៩លាន ក្នុងកំណើនប្រមាណ ១១% បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំមុន ។ ទន្ទឹមនោះ ក៏មានការរំពឹងថា ពេញមួយឆ្នាំ២០១៨នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាននាក់ ។ តាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល មានផែនការទាក់ទាញភ្ញៀវទេសចរ ឱ្យបានប្រមាណ ៣០លាននាក់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ នៅអំឡុងឆ្នាំ២០៣០ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម