Connect with us

ខេត្ត-រាជធានី ចំនួន ២២ មិនទាន់បានបង្កើតយន្តការគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នំពេញ ៖ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់អភិបាលរាជធានី-ខេត្ត ចូលរួមក្នុងចលនាទ្រទ្រង់ដល់មូលនិធិនេះ ខណៈដែលខេត្តចំនួន៣ បានរៀបចំគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តរួចហើយ ។ ការអំពាវនាវបានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្នុងន័យដើម្បីប្រមូលបានថវិកាសប្បុរធម៌ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ជួយកុមារកម្ពុជា ។


យោងតាមសេចក្តីអំពាវនាវ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា គឺដោយផ្អែកលើអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ ។ ក្នុងការផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ផាកម្ពុជា និង បំផុសចលនាកៀរគរមូលនិធិសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផានៅគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស មូលនិធិគន្ធបុប្ផាកម្ពុជា បានស្នើសុំកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការបង្កើតយន្តការសម្រាប់ការផ្សព្វផ្សាយ និងបំផុសបំផុលចលនានេះ។
ជាមួយនឹងកិច្ចសហការនេះ បណ្តាខេត្តមួយចំនួនបាន និងកំពុងរៀបចំយន្តការនេះ ជាបន្តបន្ទាប់តួយ៉ាងដូចជា ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ជាដើមបានរៀបចំបង្កើត «គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា» ប្រចាំខេត្ត ដើម្បីគាំទ្រចលនានេះ។


លេខាធិការដ្ឋាន ក៏បានអំពាវនាវអភិបាលខេត្ត រាជធានី ផ្សេងទៀត ចូលរួមបំផុសចលនានេះ និង ក្នុងគោលដៅផ្សព្វផ្សាយ និងកៀរគរមូលនិធិបន្ថែម តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុបា្ផ ក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាល ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។ ដូចនេះ សូមចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជារបស់យើងគ្រប់គ្នា ដើម្បីនាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ។
បើតាមរបាយការណ៍ពីមន្ទីរពេទ្យគន្ធបុប្ផា បានអោយដឹងថា យ៉ាងហោចណាស់ កុមារចំនួនជាង ៧៥ពាន់នាក់ មានជម្ងឺគ្រុនឈាម ត្រូវបាននាំយកមកមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប អំឡុងពេលជិត២ខែចុងក្រោយនេះ ក្នុងនោះ មានកុមារឈឺធ្ងន់ធ្ងរចំនួនជាង ១៤ពាន់នាក់ កើនឡើងប្រមាណ ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៧ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម