Connect with us

កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១៨ នាំមុខដោយការប្រើប្រាស់ទំនិញក្នុងស្រុក និង ការនាំចេញ

ភ្នំពេញ ៖ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ដែលបានចេញផ្សាយ បានឲ្យដឹងថា ស្របពេលដែលសេដ្ឋកិច្ចពិភពលោក ត្រូវបានគេព្យាករណ៍ថា នឹងនៅតែបន្តបន្ថយល្បឿន និងមានហានិភ័យកើនឡើង ផ្ទុយទៅវិញ សេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា នៅតែបន្តកើនឡើង ។
របាយការណ៍ បានលើកឡើងថា អត្រាកំណើនសេដ្ឋកិច្ច ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងបន្តិចបន្តួចខ្ពស់ជាងឆ្នាំកន្លងទៅ គឺ កើនឡើងដល់ ៧,១ភាគរយ នៅក្នុងឆ្នាំ២០១៨ ដែលកំណើននេះ នាំមុខដោយការប្រើប្រាស់ទំនិញក្នុងស្រុក និងការនាំចេញ។
បន្ទាប់ពីមានការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចនៅឆមាសទី២ ក្នុងឆ្នាំ២០១៧មក ការនាំចេញរបស់កម្ពុជា បានកើនឡើងយ៉ាងរហ័ស ដោយមួយភាគធំ គឺតម្រូវការដ៏ច្រើននៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។


ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូច ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលគេរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចល្អប្រសើរ ។ ហានិភ័យនានា នៅក្នុងវិស័យហិរញ្ញវត្ថុបន្តកើនឡើង ពាក់ព័ន្ធច្រើនទៅលើវិស័យសំណង់ និងអចលនទ្រព្យ។ ហានិភ័យពីមជ្ឈដ្ឋានខាងក្រៅ រួមមានសក្តានុពលនៃការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញនាំចេញសម្រាប់កម្ពុជា និងផលប៉ះពាល់ ដែលមិនអាចព្យាករណ៍ទុកបាន ដែលកើតចេញពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
លោក លី សុដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានអោយដឹងថា អាទិភាពជាច្រើនសម្រាប់កម្ពុជា រួមមាន ការការពារវិស័យហិរញ្ញវត្ថុឲ្យបានល្អ ខណៈដែលកំពុងតែកសាងធនធានបម្រុង ពង្រឹងភាពប្រកួតប្រជែង និងទប់ស្កាត់កំណើននៃអត្រាប្តូរប្រាក់ពិត ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័ស នៃការនាំចូលទំនិញនាពេលថ្មីៗ ។ ស្របពេលដែលទស្សនវិស័យវែងឆ្ងាយនៅតែមានភាពវិជ្ជមាន កម្ពុជាចាំបាច់ត្រូវអភិវឌ្ឍលើធនធានរូបវ័ន្ត និងធនធានមនុស្សរបស់ខ្លួន ដើម្បីទទួលបានចំណាត់ថ្នាក់ ជាប្រទេសដែលមានប្រាក់ចំ ណូលខ្ពស់ជាងមុន ក្នុងរយៈពេលវែង។


បើតាមលោកស្រី អ៊ីងហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ដើម្បីសម្រេចបានគោលបំណងរបស់ខ្លួន ក្នុងការទទួលបានចំណាត់ថ្នាក់ ជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ កម្រិតមធ្យម កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគរបស់ខ្លួន លើផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើកំណែទម្រង់នានា ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ និងប្រកបដោយចីរភាព។ ការកៀរគរប្រាក់សន្សំ ក្នុងស្រុកឲ្យបានច្រើន ដើម្បីយកទៅបង្កើនការវិនិយោគ គឺជាកត្តាសំខាន់ ក្នុងការឈានទៅដល់គោលដៅមួយ ដូចបណ្តាប្រទេសមានសេដ្ឋកិច្ចល្អជាងគេ នៅអាស៊ីសម្រេចបាន។
សូមបញ្ជាក់ថា របាយការណ៍នេះ ក៏បានស្នើសុំឲ្យតភ្ជាប់ភាពខ្វះខាត នៃហេដ្ឋារចនាសម្ព័ន្ធ ដើម្បីស្រូបយកវិនិយោគទុនផ្ទាល់ពីបរទេសលើផ្នែកផលិតកម្ម និងការកែច្នៃកសិកម្ម ដែលកំពុងតែកើនឡើង ព្រមទាំងការកែលម្អ ជាបន្តបន្ទាប់ លើបរិយាកាសអាជីវកម្ម ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម