Connect with us

កម្ពុជា-ថៃ សិក្សារួមគ្នាពីការបង្កើតភូមិស គ្មានគ្រឿងញៀន ទី៦ រវាងភូមិអូរអន្លក់(កម្ពុជា) និង ភូមិសនស៊ុម (ថៃ)

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារកម្ពុជាដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងក្រុមការងារថៃ ដឹកនាំដោយលោក ចារ៉ែ ប៉ុកប៉ា ទីប្រឹក្សាជាន់ខ្ពស់ទទួលការងារគ្រឿងញៀនថៃប្រចាំកម្ពុជា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំនូវភូមិស គ្មានគ្រឿងញៀន នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង(កម្ពុជា) និង ភូមិសនស៊ុម ស្រុកសយដាវ ស្រុកប៉ុងណាំរ៉ង ខេត្តចាន់បុរី (ថៃ) ។
បើតាមលោកឧត្តមសេនីយ៍ឯក ហួត សុផល្លី បានអោយដឹងថា ការរៀបចំភូមិស គ្មានគ្រឿងញៀន នៅតាមព្រំដែន បានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា-ថៃ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(កម្ពុជា) និង ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន(ថៃ)។


លោកចារ៉េ ប៉ុកប៉ា ទីប្រឹក្សាជាន់ខ្ពស់ទទួលការងារគ្រឿងញៀនថៃ បានមានប្រសាសន៍ថា ការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធក្នុងមូលដ្ឋាន គឺជាកំលាំងដ៏សំខាន់ធ្វើអោយភូមិឃុំរបស់យើងក្លាយជាភូមិស គ្មានគ្រឿងញៀនបាន ។
ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ភូមិស គ្មានគ្រឿងញៀន គឺ ជាភូមិគ្មានការដាំដុះ រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងជារបាំងដ៏រឹងមាំទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន ។
បើតាម ឯកឧត្តម ឯក នាក់ យុទ្ធា ការរៀបចំយន្តការភូមិស គ្មានគ្រឿងញៀន គឺ ក៏មានរៀបចំឲ្យ មានកន្លែងព្យាបាលអ្នកញៀនគ្រឿងញៀនជាសះស្បើយពីភាពញៀន និង មានសកម្មភាពផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋ មានការយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន និង ចូលរួមទប់ស្កាត់ការចរាចរណ៍ប្រើប្រាស់គ្រឿងញៀន ពិសេសជនចំណាកស្រុកទៅធ្វើការនៅឆ្ងាយ ។
សូមបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជានិងថៃ បានសហការរៀបចំបង្កើតបានភូមិស គ្មានគ្រឿងញៀនចំនួន៥ហើយ គឺនៅខេត្តស្ទឹងត្រែង ចំនួន២ភូមិ និង ខេត្តព្រះវិហារ ចំនួនបីភូមិ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម