Connect with us

កម្ពុជា ស្នើឲ្យអាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានដល់កម្ពុជាសរុបប្រមាណ ៧០លានអឺរ៉ូ សម្រាប់គាំទ្រលើវិស័យអាទិភាពបី

ភ្នំពេញ÷ នៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ពោលគឺរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានដល់កម្ពុជាសរុបប្រមាណ ៧០លានអឺរ៉ូ សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងក្នុងវិស័យសុខាភិបាល, វិស័យអភិវឌ្ឍន៍ជនបទ និងវិស័យអភិបាលកិច្ច។

កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំទ្វេភាគីលើកទី13 ដែលត្រូវបានចាត់ទុកជាវេទិកាដ៏សំខាន់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងភាពជាដៃគូរវាងរដ្ឋាភិបាលទាំងពីរ។ គោលដៅចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងការអនុវត្តគម្រោងកម្មវិធី ដែលផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលអាល្លឺម៉ង់ និងលើកសំណើគម្រោងថ្មី និងគម្រោងដែលត្រូវអនុវត្តបន្តក្នុងបណ្តាឆ្នាំខាងមុខ សម្រាប់រដ្ឋាភិបាលអាល្លឺម៉ង់វិញ នឹងពិចារណាបន្តផ្តល់ការគាំទ្រ។

ជាការឆ្លើយតប រដ្ឋាភិបាលអាល្លឺម៉ង់ បានបង្ហាញឆន្ទះបន្តផ្តល់ការគាំទ្រលើវិស័យអាទិភាពទាំងបី។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលអាល្លឺម៉ង់ នឹងពិនិត្យលទ្ធភាពផ្តល់កម្ចីសម្បទានសម្រាប់គម្រោងតភ្ជាប់បណ្តាញអគ្គិសនី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា តាមរយៈកម្ចីសម្បទាន។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេច បានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយសមិទ្ធផលទាំងនេះ គឺពិតជាបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ដោយឡែក ភាគីទាំងពីរ​ បានឯកភាពកំណត់កាលបរិច្ឆេទសម្រាប់កិច្ចចរចាទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលគ្រោងនឹងប្រព្រឹត្តទៅនាត្រីមាសទី២ ឆ្នាំ២០១៩ ខាងមុខ នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សា និងឯកភាពជាលើកចុងក្រោយលើសំណើគម្រោងដែលបានស្នើឡើង និងការសន្យាផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាល អាល្លឺម៉ង់ដល់កម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០។

គួរបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៥៣០លានអឺរ៉ូ ស្មើនឹងប្រមាណ ៣,២ភាគរយ នៃទំហំហិរញ្ញប្បទានទាំងអស់ ផ្តល់ដោយដៃគូអភិវឌ្ឍន៍មកកម្ពុជា។ ទំហំហិរញ្ញប្បទាននេះ មិនរាប់បញ្ចូលហិរញ្ញប្បទាន ដែលភាគីអាល្លឺម៉ង់ផ្តល់ដល់កម្ពុជាតាមរយៈគម្រោងថ្នាក់តំបន់ និងសកល, សហភាពអឺរ៉ុប, អង្គការសហប្រជាជាតិ, ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងស្ថាប័នពហុភាគីដទៃទៀត៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម