Connect with us

រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី ដាក់ចេញវិធានការបីចំណុច ដើម្បីជំរុញការសាងសង់សំណង់ ឲ្យគោរពតាមបទដ្ឋានច្បាប់

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ បានអះអាងថា នឹងបន្តពង្រឹងទៅលើច្បាប់សាងសង់បន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពលើការគ្រប់គ្រង និង និរន្តរភាពនៃការអភិវឌ្ឍវិស័យនេះ ។
ថ្លែងក្នុងពិធីមហាសន្និបាតបូកសរុបការងារលើកទី ៧ របស់សមាគម និងពិធីសម្ពោធបើកការ តាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ២០១៨ កាលពីម្សិលមិញ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ ថា ក្រសួង បានដាក់ចេញនូវវិធានការ ៣ចំណុចសំខាន់ៗ ដើម្បីឲ្យការសាងសង់សំណង់អគារនៅ បណ្តារាជធានី-ខេត្ត ទូទាំងប្រទេស អនុវត្តឲ្យមានប្រសិទ្ធភាព ជៀសវាងការសាងសង់ខុសបទដ្ឋានច្បាប់ ដែលជាមូលហេតុនាំឲ្យមានបញ្ហា ។
បើតាម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី វិធានការទីមួយ គឺការរៀបចំធ្វើយ៉ាងណាឲ្យម្ចាស់សំណង់ត្រូវគោរពតាមបទដ្ឋានច្បាប់ ។ វិធានការទីពីរ ជំរុញការចុះបញ្ជីក្បាលដីឲ្យចប់សព្វគ្រប់កាន់តែលឿន ខណៈដែលបច្ចុប្បន្ន សម្រេចបានប្រមាណ ៥លានក្បាលដី ស្មើនឹង ៧២ភាគរយ នៃក្បាលដីសរុបប្រមាណ ៧លានក្បាលដី និងវិធានការទីបី គឺការធ្វើរចនាសម្ព័ន្ធ ដើម្បីកាត់ផ្លូវ សាធារណៈ ដែលមានភាពច្បាស់លាស់ ។


យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី បានបង្ហាញថា ក្នុងឆ្នាំ ២០១៧កន្លងទៅ កម្ពុជា ទទួលគម្រោងវិនិយោគលើវិស័យសំណង់ មានតម្លៃទុនជាង ៦,២ពាន់លានដុល្លារ មានកំណើន ២១,៨៤ភាគរយ បើធៀបនឹងឆ្នាំ ២០១៦ និងក្នុងរយៈពេល ១០ខែ ឆ្នាំ ២០១៨នេះ ទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៤,៩៩ពាន់លានដុល្លារ។
ជុំវិញកំណើនវិនិយោគលើវិស័យសំណង់នេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា ដោយសារតែវិនិយោគិនជាតិ និងអន្តរជាតិ ជាច្រើនមានជំនឿលើ ទីផ្សារអចលនទ្រព្យនៅកម្ពុជា និងទំនុកលើស្ថិភាពនយោបាយ សេដ្ឋកិច្ចរីកចម្រើន និងការ បើកចំហរទីផ្សារសេរីរបស់រាជរដ្ឋាភិបាល៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម