Connect with us

គណកម្មការទន្លេមេគង្គ ទទួលបានមូលនិធិប្រមាណ ១០លានដុល្លា សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែន

ទីក្រុងហាឡុង ប្រទេសវៀតណាម៖ ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានបន្តផ្ដល់មូលនិធិថ្មីចំនួន ៨,៩២ លានអឺរ៉ូ ឬ ប្រហែល ១០ លានដុល្លារអាមេរិក ដល់គណៈកម្មការទន្លេមេគង្គ ដើម្បីគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែន ក្នុងចំណោមបណ្តាប្រទេសមេគង្គក្រោមដែលរួមមាន កម្ពុជា ឡាវ ថៃ និង វៀតណាម នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ ។
លោក Jens Lutkenherm ឯកអគ្គរដ្ឋទូតនៃប្រទេសអាល្លឺម៉ង់ប្រចាំប្រទេសឡាវ បានចុះកិច្ចព្រមព្រៀងប្រគល់ និងទទួលមូលនិធិ ៤ លានអឺរ៉ូ ឬប្រហែល ៤,៦ លានដុល្លារអាមេរិក ជាមួយលោក Pham Tuan Phan អគ្គលេខាធិការគណៈកម្មការទន្លេមេគង្គ កាលពីថ្ងៃទី ២៨ នៅទីក្រុង Ha Long City ប្រទេសវៀតណាម។
បើតាមគណកម្មការទន្លេមេគង្គ មួយភាគធំនៃមូលនិធិនេះ គឺសម្រាប់គាំទ្រទៅលើគម្រោងគ្រប់គ្រងធនធានទឹកឆ្លងកាត់ព្រំដែនរួមគ្នារវាងកម្ពុជា-ឡាវ និងកម្ពុជា-ថៃ ដែលមានរយៈពេល ៣ ឆ្នាំពីឆ្នាំ ២០១៩-២០២១ ដែលត្រូវបានគេរំពឹងថា នឹងជួយបង្កើនការស្វែងយល់អំពីរបៀបគ្រប់គ្រងលើធនធានអាងទន្លេមេគង្គ និង ដោះស្រាយបញ្ហាទឹកជំនន់ និង គ្រោះរាំងស្ងួតបានល្អប្រសើរថែមទៀត។ ក្រៅពីនេះ មួយផ្នែកនៃជំនួយនេះ ក៏នឹងចូលទៅយន្តការហិរញ្ញវត្ថុរបស់គណៈកម្មការទន្លេមេគង្គដែលគេស្គាល់ថា ជាមូលនិធិកញ្ចប់ដើម្បីអនុវត្តសកម្មភាពរួមគ្នាក្រោមផែនការយុទ្ធសាស្ត្រឆ្នាំ ២០១៦-២០២០ ។


យន្តការនេះអនុញ្ញាតឱ្យគណៈកម្មការទន្លេមេគង្គប្រើប្រាស់ថវិកាសម្រាប់សកម្មភាពអាទិភាពណាមួយរបស់ខ្លួន ដើម្បីដោះស្រាយតម្រូវការដែលកំពុងរីកចម្រើនទាន់ពេលវេលា និងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តសកម្មភាពដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ៦៥ លាននាក់ដែលកំពុងរស់នៅក្នុងតំបន់អាងទន្លេមេគង្គ។
ក្នុងថ្ងៃដដែលនោះ លោក Pirkka Tapiola អគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំប្រទេសថៃ ក៏បានចុះកិច្ចព្រមព្រៀងផ្ដល់ហិរញ្ញវត្ថុថ្មីចំនួន ៤,៩២ លានអឺរ៉ូ ឬ ប្រហែល ៥,៥៥ លានដុល្លារដល់គណៈកម្មការទន្លេមេគង្គសម្រាប់គាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល ២ ឆ្នាំ (២០១៩-២០២០) ដើម្បីលើកកម្ពស់ និងសម្របសម្រួលការអភិវឌ្ឍ និងការគ្រប់គ្រងប្រកបដោយចីរភាពនៃការគ្រប់គ្រងទឹកទន្លេមេគង្គ និងធនធានពាក់ព័ន្ធនៅក្នុងប្រទេសជាសមាជិកទាំង ៤។
លោក Pham Tuan Phan អគ្គលេខាធិការគណៈកម្មការទន្លេមេគង្គ ត្រូវបានដកស្រង់សម្ដីក្នុងសេចក្ដីប្រកាសថា៖ «មូលនិធិថ្មីរបស់អាល្លឺម៉ង់ និងសហភាពអឺរ៉ុប នៅពេលនេះនឹងធ្វើឱ្យគណៈកម្មការទន្លេមេគង្គធានាបាននូវការគ្រប់គ្រងធនធានទឹកទូទាំងអាងទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងការពិភាក្សាទូលំទូលាយនៅថ្នាក់ជាតិ និងថ្នាក់តំបន់ដោយមានការតំណាងកាន់តែខ្លាំងពីភាគីពាក់ព័ន្ធទាំងអស់»។


គួររំលឹកផងដែរថាសហភាពអឺរ៉ុប បានផ្តល់មូលនិធិដល់គណៈកម្មការទន្លេមេគង្គជាង ១១ លានអឺរ៉ូ ឬ ស្មើនឹង ១២,៧ លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ ២០០៣ មកលើវិស័យសំខាន់ៗជាច្រើនដែលរួមមានការងារទប់ស្កាត់ និងបន្សាំទៅនឹងបញ្ហាទឹកជំនន់ ការប្រែប្រួលអាកាសធាតុ ការកែទម្រង់ស្ថាប័ន និង ការគ្រប់គ្រងធនធានទឹករួមគ្នា។ ក្នុងរយៈពេលដូចគ្នានេះរដ្ឋាភិបាលអាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានដល់គណៈកម្មការទន្លេមេគង្គ ៣១ លានអឺរ៉ូ ឬស្មើនឹង ៣៦ លានដុល្លា។
គណៈកម្មការទន្លេមេគង្គគឺជាអង្គការអន្តររដ្ឋាភិបាលសម្រាប់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាងទន្លេមេគង្គក្រោមដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ដោយផ្អែកលើកិច្ចព្រមព្រៀងមេគង្គរវាងកម្ពុជាឡាវថៃ និងវៀតណាម។ អង្គការនេះដើរតួជាវេទិកាតំបន់សម្រាប់ការទូតផ្លូវទឹកក៏ដូចជាមជ្ឈមណ្ឌលចំណេះដឹងនៃការគ្រប់គ្រងធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម