Connect with us

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជំរុញអោយអង្គភាពគយ និង អង្គភាពពន្ធដារតាមបណ្តាខេត្ត ខិតខំគៀងគររកចំណូលបន្ថែមទៀត

ខេត្តបាត់ដំបង ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញដល់អង្គភាពគយ និងអង្គភាពពន្ធដារ ដែលជាអង្គភាពប្រមូលចំណូលធំៗចំនួន២របស់ជាតិ បន្តខិតខំគៀងគររកចំណូលបន្ថែមទៀត ដើម្បីប្រមូលថវិការឲ្យបានកាន់តែច្រើន ក្នុងគោលដៅឆ្លើយតបទៅនឹងកំណើននៃគម្រោងចំណាយរបស់រាជរដ្ឋាភិបាលពីមួយឆ្នាំទៅមួយឆ្នាំៗ ។
ការជំរុញនេះ បានធ្វើឡើង ខណៈឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួបជាមួយមន្រ្តីរាជការនៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅខេត្តបាត់ដំបង ដែលមានមន្រ្តីចូលរួមមកពីខេត្តកំពង់ឆ្នាំង ពោធិសាត់ និងខេត្តប៉ៃលិន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើកឡើងថា បច្ចុប្បន្ននេះ ការកែទម្រង់នានារបស់រាជរដ្ឋាភិបាល កាន់តែត្រូវបានបង្កើនល្បឿន និង ពង្រីកវិសាលភាពគ្របដណ្តប់កាន់តែទូលាយ និង កាន់តែស្វ័យប្រវត្តឡើង ពិសេស ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីត្រៀមលក្ខណៈឈាន ទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។
ក្នុងន័យនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានណែនាំឲ្យមន្រ្តីក្រោមឱវាទក្រសួង ជាពិសេសមន្រ្តីនៅតាមមន្ទីររាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងអភិបាលកិច្ចល្អ ការអនុវត្តន៍កម្មវិធីថវិកា និង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការបម្រើសេវាសាធារណៈ ឲ្យមានតម្លាភាព គណនេយ្យភាព និងមានសក្តិសិទ្ធភាពកាន់តែប្រសើរ ។
នៅក្នុងការជួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តីដែលមកពីបណ្តាខេត្តទាំងអស់ ឱ្យបន្តខិតខំអនុវត្តការងារ ដោយអនុលោមតាមក្រមសីលធម៌ និងតាមស្តង់ដារវិជ្ជាជីវៈ ព្រមទាំងខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឯង ជាពិសេសក្នុ្ងងក្របខណ្ឌនៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការវិវត្តន៍ជាសាកលទាក់ទងនឹងស្វ័យប្រវត្តិកម្មការងារ ក្នុងបរិបទយុគសម័យឌីជីថលូបនីយកម្ម (Digitalization) ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម